អភិបាលរដ្ឋ Ontario បដិសេធការរិះគន់របស់លោក Trump ចំពោះភ្លើងឆេះព្រៃនៅកាណាដា

ចែករំលែក៖

នៅថ្ងៃទី១៩ ខែកក្កដា អភិបាលរដ្ឋ Ontario លោក Doug Ford បានរិះគន់ការកត់សម្គាល់របស់ប្រធានាធិបតីអាមេរិកលោក Donald Trump អំពីការឆ្លើយតបទៅនឹងភ្លើងឆេះព្រៃរបស់ប្រទេសកាណាដាថា “មិនអាចទទួលយកបានទាំងស្រុង” ចំពេលមានភ្លើងឆេះព្រៃធ្ងន់ធ្ងរ និងតំបន់ដែលមានអ័ព្ទគ្របដណ្តប់ទាំងនៅក្នុងប្រទេសកាណាដា និងសហរដ្ឋអាមេរិក។

សារព័ត៌មាន Reuters បានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថារូបលោកបានប្រាប់នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney ថាកាណាដាត្រូវតែប្រឹងប្រែងគ្រប់គ្រងភ្លើងឆេះព្រៃក្នុងខេត្ត Ontario ឱ្យបាន ខណៈផ្សែងបណ្ដាលមកពីភ្លើងឆេះព្រៃនេះបង្កផលប៉ះពាល់ដល់រដ្ឋជាច្រើនរបស់សហរដ្ឋអាមេរិក។
ការអត្ថាធិប្បាយបែបនេះរបស់លោក ត្រាំ ធ្វើឡើងបន្ទាប់ពីលោកបានគំរាមដំឡើងពន្ធគយបន្ថែមលើទំនិញកាណាដា ជាការដាក់ពិន័យលើកាណាដាជុំវិញភ្លើងឆេះព្រៃ និងក្នុងឱកាសដែលរូបលោក និងលោក Carney ជួបគ្នានៅឯការប្រកួតផ្ដាច់ព្រ័ត្រ FIFA World Cup រវាងក្រុមជម្រើសជាតិអាហ្សង់ទីន និងអេស្ប៉ាញ កាលពីថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២៦។
ថ្លែងប្រាប់ទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្រោយត្រឡប់មកពីទស្សនា FIFA World Cup ក្នុងរដ្ឋ New Jersey លោក ត្រាំ បានកត់សម្គាល់ថា «ខ្ញុំមានទំនាក់ទំនងល្អជាមួយលោក Mark Carney ប៉ុន្តែយើងត្រូវតែបញ្ឈប់ភ្លើងឆេះព្រៃដែលកំពុងឆាបឆេះ…បើពុំដូច្នោះទេពួកគេគួរតែសងការខូចខាត ឬក៏យើងដំឡើងពន្ធគយមួយចំនួន»។
ផ្សែងដែលហ៊ុយចេញពីអណ្ដាតភ្លើងឆេះព្រៃក្នុងខេត្ត Ontario បានបង្កផលប៉ះពាល់ដល់រដ្ឋជាច្រើនក្នុងសហរដ្ឋអាមេរិក រហូតដល់អាជ្ញាធរអាមេរិកព្រមានឱ្យប្រជាជនរបស់ខ្លួនស្ថិតក្នុងផ្ទះ ឬក៏កន្លែងបិទជិត។ ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន លោក Carney បាននិយាយថាកាណាដាបានដាក់ពង្រាយអ្នកពន្លត់អគ្គិភ័យជាង ៥៣០០នាក់ និងដាក់ចេញវិធានការជាច្រើនដើម្បីកាត់បន្ថយការខូចខាត។
បើតាមទិន្នន័យពីរដ្ឋាភិបាលកាណាដា ព្រៃឈើលើផ្ទៃដី ២,៤លានហិកតា ត្រូវបានភ្លើងឆេះអំឡុងរដូវកាលភ្លើងឆេះព្រៃក្នុងប្រទេសកាណាដា។ ក្រុមអ្នកជំនាញអាកាសធាតុ បាននិយាយថាការកើនឡើងកម្ដៅផែនដីគឺជាមូលហេតុចម្បងជំរុញឱ្យមានភ្លើងឆេះព្រៃកាន់តែញឹកញាប់ និងកាន់តែសាហាវនៅជុំវិញពិភពលោក៕

រូប​ថត​:Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print