ខេត្តបន្ទាយមានជ័យៈ គណៈកម្មការបន្ធូរបន្ថយទោសនិងលើកលែងទោស បានបើកកិច្ចប្រជុំ ស្ដីពីការស្នើសុំការបន្ធូរបន្ថយទោសនិងលើកលែងទោសដល់ទណ្ឌិតប្រុស ស្រីចំនួន ៣៣នាក់ ក្នុងឱកាសបុណ្យឯករាជ្យជាតិនិងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែឆ្នាំ ២០២៦ នៅសាលប្រជុំ(ខ) សាលាខេត្តបន្ទាយមានជ័យនៅថ្ងៃទី២០ ខែកក្កដាឆ្នាំ ២០២៦។
ដោយមានការចូលរួមពីលោកឃូ ពៅ អភិបាលរងខេត្តតំណាងឯកឧត្តមអ៊ំុ រាត្រី អភិបាលនិងមានការចូលរួមពីលោក សោ វុទ្ធី តំណាងអយ្យការសាលាដំបូងខេត្ត លោកអនុរក្សថ្នាក់លេខ២ អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្ត លោកវរសេនីយ៍ឯក ពៅ ខេមរ៉ា ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្ត រួមទាំងលោក លោកស្រីអនុប្រធានពន្ធនាគារ មន្ត្រីពន្ធនាគារនិងមន្ត្រីសាលាខេត្តផងដែរ ។លោកអនុរក្សថ្នាក់លេខ២ អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យបានឲ្យដឹងថាៈ ជារៀងរាល់ឆ្នាំពេលមានកម្មវិធីបុណ្យជាតិផ្សេងៗ គណៈកម្មការបន្ធូរបន្ថយទោសនិងលើកលែងទោសខេត្តបន្ទាយមានជ័យតែងតែមានការប្រជុំស្នើសុំការបន្ធូរបន្ថយទោនិងលើកលេងទោសដល់ទណ្ឌិតដែលបានកែប្រែខ្លួន ។ ជាក់ស្ដែងថ្ងៃនេះគណៈកម្មការបន្ធូរបន្ថយទោសនិងលើកលែងទោស បានស្នើសុំការបន្ធូរបន្ថយទោសទណ្ឌិតមានរយ:ពេល៣ខែនិង៦ខែ ចំនួន ៣៣ នាក់ស្រី៤នាក់ ក្នុងនោះស្នើសុំការបន្ធូរបន្ថយទោសនិងលើកលែងទោស ក្នុងឱកាសបុណ្យឯករាជ្យជាតិ ចំនួន១៧នាក់ ស្រី ២នាក់ មានរយ:ពេល៣ខែចំនួន១៦នាក់និងរយ:ពេល៦ខែ ១នាក់ នៅក្នុងឱកាសព្រះរាជ្យពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុកនិងសំពះព្រខែចំនួន១៦នាក់ ស្រី៤នាក់ មានរយ:ពេល៣ខែ ។
លោក ឃូ ពៅ អភិបាលរងខេត្ត បានមានប្រសាសន៍ កោតសរសើរដល់មន្ត្រីពន្ធនាគារខេត្តទាំងអស់ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួនបានល្អប្រសើរ ។ លោកអភិបាលរងខេត្តបញ្ជាក់ថា÷ ការលើកលែងទោសនេះគឺដោយសារពិនិត្យឃើញទណ្ឌិតទាំងនោះបានខិតខំអនុវត្តបានល្អ ទើបមានការប្រជុំស្នើសុំឲ្យមានការបន្ធូរបន្ថយទោសនិងលើកលែងទោស ក្នុងឱកាសបុណ្យឯករាជ្យជាតិនិងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អំបុក និងសំពះព្រះខែ ឆ្នាំ២០២៦ នេះ ។មួយវិញទៀតសង្ឃឹមថា ទណ្ឌិតទាំង៣៣នាក់នឹងព្យាយាមកែខ្លួនឲ្យបានល្អបន្ថែមទៀត ក្នុងពេលអនុវត្តទោសនិងឆាប់បានវិលត្រឡប់ទៅភូមិឋានវិញធ្វើជាពលរដ្ឋល្អក្នុងសង្គម ៕វណ្ណា










