ខេត្តបន្ទាយមានជ័យ៖ លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា៖ អង្គការសាម៉ារីតាន់ភឺស ជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការជួយឧបត្ថម្ភពាងទឹកចំនួន២.៨៨០ពាង ជូនប្រជាពលរដ្ឋភៀសសឹកនៅខេត្តបន្ទាយមាន ជ័យ។
លោកមានប្រសាសន៍បែបនេះ ក្នុងឱកាសលោក ឃ្លោក នួយ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយតំណាងអង្គការសាម៉ារីតាន់ភឺស (Samaritan’s Purse) នៅទីស្នាក់ការភូមិរង់ចាំ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ លើការរៀបចំផែនការ និងការបែងចែកក្រុមការងារ ដើម្បីទទួលនិងចែកចាយពាងទឹកចំនួន ២.៨៨០ពាង ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅបណ្ដោះអាសន្ន (តំបន់ផ្ទះអតីតយុទ្ធជន) ស្ថិតនៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក។
នៅក្នុងកិច្ចពិភាក្សាការងារនោះ ក្នុងនាមរដ្ឋបាលខេត្ត លោក ឃ្លោក នួយ ក៏បានថ្លែងនូវការអរគុណចំពោះស្មារតីមនុស្សធម៌ដ៏ប្រពៃរបស់អង្គការ សាម៉ារីតាន់ភឺស ដែលតែងតែយកចិត្តទុកដាក់ និងរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តបន្ទាយមានជ័យ ក្នុងការជួយដោះស្រាយសុខទុក្ខ និងលើកកម្ពស់ជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋងាយរងគ្រោះ។
លោកបានបញ្ជាក់ថា ការផ្ដល់ជំនួយពាងទឹកចំនួន២.៨៨០ពាង នាពេលនេះ គឺជាសកម្មភាពមនុស្សធម៌ដ៏ទាន់ពេលវេលា ដែលឆ្លើយតបចំតម្រូវការចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងសម្រាកព្យាបាលចិត្ត និងស្នាក់នៅបណ្ដោះអាសន្ននៅទីតាំងខាងលើ ដោយធានាបាននូវការផ្គត់ផ្គង់ទឹកស្អាត សម្រាប់ប្រើប្រាស់។
លោកក៏បានណែនាំដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ ត្រូវសហការឱ្យបានជិតស្និទ្ធជាមួយតំណាងអង្គការ សាម៉ារីតាន់ភឺស ជួយឧបត្ថម្ភពាងទឹកចំនួន២.៨៨០ពាង ជូនប្រជាពលរដ្ឋភៀសសឹកនៅខេត្តបន្ទាយមានជ័យ បានប្រើប្រាស់ទាន់ពេវេលា ៕
ដោយ៖ សំរិត










