កម្ពុជាអំពាវនាវឱ្យមានការបន្តគាំទ្រពីសហគមន៍អន្តរជាតិ ដើម្បីការពារតំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមជម្រាបជូនសាធារណជនជាតិ-អន្តរជាតិ មេត្តាជ្រាបថា លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួម សម័យប្រជុំលើកទី៤៨ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដែលប្រព្រឹត្តទៅចាប់ពី ថ្ងៃទី១៩ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ។

ក្នុងបទអន្តរាគមន៍ចំពោះអង្គប្រជុំ លោកជំទាវរដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សាធារណរដ្ឋកូរ៉េ សម្រាប់ការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ព្រមទាំងថ្លែងអំណរគុណដល់មជ្ឈមណ្ឌលបេតិកភណ្ឌ ពិភពលោក ICOMOS និងដៃគូអន្តរជាតិទាំងអស់ ដែលបានបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការអភិរក្ស និងការពាររមណីយដ្ឋានប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។

កម្ពុជាក៏បានសម្តែងការកោតសរសើរចំពោះការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិចំពោះប្រាសាទ ព្រះវិហារ បន្ទាប់ពីជម្លោះប្រដាប់អាវុធនៅតាមព្រំដែនកម្ពុជា-ថៃ ក្នុងឆ្នាំ២០២៥ ជាពិសេសការបញ្ជូនបេសកកម្ម ប្រឹក្សារួមរវាងមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក និងICOMOS ដែលបានអនុវត្តនៅខែមីនា ឆ្នាំ២០២៦ តាមការ អញ្ជើញរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកជំទាវរដ្ឋមន្ត្រី បានជម្រាបជូនអង្គប្រជុំថា ការប៉ះទង្គិចប្រដាប់អាវុធក្នុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ បានបណ្តាលឱ្យបេតិកភណ្ឌពិភពលោកនេះទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ប៉ះពាល់ដល់តម្លៃលេចធ្លោជាសកល (Outstanding Universal Value – OUV) សុក្រឹតភាព (Integrity) និងយថាភាព (Authenticity) របស់រមណីយដ្ឋាន។ រចនាសម្ព័ន្ធប្រាសាទបានរងការខូចខាតធ្ងន់ធ្ងរដោយសារការវាយប្រហារដោយផ្ទាល់ ខណៈដែលសហគមន៍មូលដ្ឋាន នៅតែត្រូវបង្ខំចិត្តផ្លាស់ទីលំនៅ និងមិនអាចចូលទៅកាន់ទីសក្ការបូជាដែលជាផ្នែកមួយនៃបេតិកភណ្ឌ វប្បធម៌ ប្រពៃណី សាសនា និងអត្តសញ្ញាណរបស់ពួកគេបានជាធម្មតានៅឡើយ។

លោកជំទាវរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា ដោយមានការគាំទ្រពីមូលនិធិសង្គ្រោះបន្ទាន់សម្រាប់បេតិកភណ្ឌ របស់អង្គការយូណេស្កូ (UNESCO Heritage Emergency Fund) និងដៃគូអន្តរជាតិផ្សេងទៀត កម្ពុជាបានអនុវត្ត វិធានការបន្ទាន់ជាច្រើន រួមមានការបោសសម្អាតគ្រាប់បែកចង្កោម និងបំណែកគ្រាប់កាំភ្លើងធំ ការរៀបចំឯកសារ 3D នៃប្រាសាទ ការការពារសំណង់ដែលងាយរងគ្រោះ និងការចុះបញ្ជី ព្រមទាំងរៀបចំឯកសារបំណែកស្ថាបត្យកម្មនានា ដើម្បីគាំទ្រដល់ការងារអភិរក្ស និងជួសជុលឡើងវិញនាពេលអនាគត។

ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់បន្ថែមថាកិច្ចខិតខំប្រឹងប្រែងទាំងនេះមិនអាចសម្រេច បានពេញលេញឡើយ ដរាបណាការគំរាមកំហែងចំពោះរមណីយដ្ឋាននៅតែបន្តមាន។ គណៈប្រតិភូកម្ពុជា បាន ទាក់ទាញការយកចិត្តទុកដាក់របស់គណៈកម្មាធិការចំពោះការបន្តវត្តមានរបស់កងកម្លាំងយោធាថៃនៅតំបន់ជុំវិញ ក្បែរប្រាសាទព្រះវិហារ ព្រមទាំងសកម្មភាពឯកតោភាគីដទៃទៀតដែលប៉ះពាល់ដល់បេតិកភណ្ឌវប្បធម៌ខ្មែរនៅក្នុង ទឹកដីអធិបតេយ្យភាពរបស់កម្ពុជា ដែលបង្កហានិភ័យនៃការខូចខាតបន្ថែមទៀត និងឆ្លុះបញ្ចាំងពីចេតនាបង្កើត ស្ថានភាពជាក់ស្តែង (fait accompli) នៅលើដី។

លោកជំទាវរដ្ឋមន្ត្រី បានអំពាវនាវឱ្យប្រទេសថៃគោរពច្បាប់អន្តរជាតិ និងស្វែងរកដំណោះស្រាយដោយ សន្តិវិធីចំពោះបញ្ហាព្រំដែន តាមរយៈគណៈកម្មការព្រំដែនរួមកម្ពុជា-ថៃ ស្របតាមសេចក្តីថ្លែងការណ៍រួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ជាមួយគ្នានេះ គណៈប្រតិភូកម្ពុជាក៏បានស្នើសុំឱ្យគណៈកម្មាធិការបេតិកភណ្ឌពិភពលោកបន្ត តាមដានយ៉ាងជិតស្និទ្ធលើស្ថានភាពរមណីយដ្ឋាន បន្តគាំទ្រការងារអភិរក្ស និងស្តារឡើងវិញជាបន្ទាន់ និងបញ្ជាក់ ឡើងវិញអំពីសារៈសំខាន់នៃការគោរពអនុសញ្ញាអន្តរជាតិស្តីពីការការពារបេតិកភណ្ឌវប្បធម៌។

...

ជាទីបញ្ចប់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានគូសបញ្ជាក់ថា សោកនាដកម្មដែលបាន កើតឡើងចំពោះប្រាសាទព្រះវិហារ គឺជាការរំលឹកដល់សហគមន៍អន្តរជាតិថា ការការពារបេតិកភណ្ឌពិភពលោក គឺជាការការពារសន្តិភាព កិច្ចសន្ទនា និងការទទួលខុសត្រូវរួមរបស់មនុស្សជាតិ៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print