ភ្នំពេញ ៖ «យុវជនត្រូវមានក្តីស្រមៃខ្ពស់ថា ពេលរៀនចប់នឹងមានការងារល្អ និងទទួលបានប្រាក់ខែច្រើន ហើយនឹងមានអ្វីៗដែលខ្លួនចង់បាន»។ នេះគឺជាការគូសបញ្ជាក់របស់លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលក្នុងឱកាសអញ្ជើញជាអធិបតី និងជាវាគ្មិនក្នុងបាឋកថាស្ដីពី «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ នារសៀលថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦។
បាឋកថានេះ មានការនិមន្តចូលរួមជាព្រះគណៈអធិបតីដ៏ខ្ពង់ខ្ពស់ និងព្រះថេរដីកាស្វាគមន៍ពីសម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ រួមទាំងព្រះសង្ឃ គណៈគ្រប់គ្រង សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងសមណនិស្សិត-និស្សិតសរុបជាង ៣៥០ អង្គ/នាក់។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តថា ការតាំងចិត្តយ៉ាងមុតមាំក្នុងការសិក្សានៅពេលនេះ នឹងសម្រេចបាននូវក្តីស្រមៃដែលយើងចង់បាននាពេលអនាគត។ តែសូមកុំយកក្តីស្រមៃរបស់ខ្លួនដែលចង់បានវត្ថុអ្វីមួយទៅដាក់បន្ទុកលើឳពុកម្តាយឱ្យសោះ។ ឯកឧត្តម ប៉ែន បូណា បន្តថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដែលមានមុំ៥ ហើយមុំទី១ គឺការអភិវឌ្ឍមូលធនមនុស្ស។ ដើម្បីក្លាយជាមូលធនមនុស្ស យុវជនត្រូវមានចំណេះជំនាញឱ្យច្បាស់លាស់ពិតប្រាកដយ៉ាងតិចមួយ ត្រូវមានទំនាក់ទំនងល្អក្នុងសង្គមការងារនិងការរស់នៅ មានសីលធម៌ល្អ មានសុខភាពល្អ និងមានស្មារតី មនសិការស្នេហាជាតិ។ ឯកឧត្តមបន្តថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ឱកាសជាច្រើនរួចហើយ ដើម្បីឱ្យយុវជនអភិវឌ្ឍខ្លួនក្លាយជាមូលធនមនុស្ស។ ប៉ុន្តែ អ្វីដែលនៅសល់ គឺកិច្ចខិតខំប្រឹងប្រែងដោយខ្លួនឯង។
បាឋកថានេះធ្វើឡើងក្នុងគោលបំណងសំខាន់ៗចំនួន៤រួមមាន ទី១. ដើម្បីឱ្យយុវជនយល់ដឹងពីគោលនយោបាយជាតិ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា ទី២. លើកទឹកចិត្តដល់សមននិស្សិត-និស្សិត ឱ្យអភិវឌ្ឍខ្លួនក្លាយជាមូលធនមនុស្សដ៏ពេញលេញ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ទី៣. យល់ដឹងពីសារៈសំខាន់នៃព័ត៌មានដើម្បីជាប្រភពនៃការសិក្សាស្រាវជ្រាវ និងការសម្រេចចិត្ត និងទី៤. លើកកម្ពស់ឱ្យយុវជនចូលរួមអភិវឌ្ឍសង្គមជាតិ ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់៕
ដោយ ៖ សិលា










