ក្លឹបបាល់ទាត់ Manchester City ដែលជាក្លឹបលេងនៅពានរង្វាន់ Premier League របស់អង់គ្លេស បានប្រកាសកាលពីថ្ងៃពុធថា កីឡាករ Phil Foden បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីមួយ ដែលនឹងរក្សារូបគេឱ្យនៅបន្តជាមួយក្លឹប រហូតដល់ឆ្នាំ ២០៣០។
កិច្ចព្រមព្រៀងថ្មីនេះ បានបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់ Man City មកលើកីឡាករដែលលូតលាស់ចេញពីសាលាបាល់ទាត់ (Academy) រូបនេះ។ ចាប់តាំងពីបានឡើងមកលេងឱ្យក្រុមធំក្រោមការដឹកនាំរបស់លោក Pep Guardiola ក្នុងឆ្នាំ ២០១៧ Foden បង្ហាញខ្លួនបានចំនួន ៤១១ ប្រកួត និងស៊ុតបញ្ចូលទីបាន ១៣១ គ្រាប់ ដោយបានជួយក្រុមលើកពាន Premier League ចំនួន ៦ លើក, ពានរង្វាន់ Champions League ១ លើក និងពាន FA Cup ចំនួន ៣ លើក។
«ខ្ញុំដឹងច្បាស់ណាស់ថា ខ្ញុំពិតជាមានសំណាងណាស់ដែលបានក្លាយជាផ្នែកមួយនៃដំណាក់កាលប្រវត្តិសាស្ត្រមួយនេះ ដោយបានឈ្នះពានរង្វាន់ជាច្រើន ប៉ុន្តែយើងតែងតែសម្លឹងមើលទៅអនាគត និងព្យាយាមឈ្នះពានឱ្យបានកាន់តែច្រើនថែមទៀត»។ — Phil Foden
ខ្សែប្រយុទ្ធរូបនេះបានបន្ថែមក្នុងថ្លែងការណ៍ថា៖ «ខ្ញុំមានតែពាក្យអរគុណចំពោះក្លឹប ក្រុមការងារ មិត្តរួមក្រុម និងអ្នកគាំទ្រទាំងអស់ ដែលបានបន្តផ្តល់ទំនុកចិត្តលើរូបខ្ញុំ។ ខ្ញុំជឿជាក់ថាខ្ញុំបានប្រឹងប្រែងអស់ពីសមត្ថភាពសម្រាប់ City ហើយខ្ញុំសង្ឃឹមថានឹងអាចសងគុណអ្នកទាំងអស់គ្នាវិញនៅឆ្នាំខាងមុខៗទៀត»។
កាលពីរដូវកាលមុន Foden រកបាន ១០ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី (Assist) បាន ៧ លើក ក្នុងការបង្ហាញខ្លួន ៥០ ប្រកួត ឱ្យ Man City នៅគ្រប់កម្មវិធីប្រកួតទាំងអស់។ ទោះជាយ៉ាងណាក៏ដោយ កីឡាករវ័យ ២៦ ឆ្នាំរូបនេះ ត្រូវបានអ្នកចាត់ការទូទៅជម្រើសជាតិអង់គ្លេស លោក Thomas Tuchel កាត់ឈ្មោះចេញពីបញ្ជីឈ្មោះចូលរួមពានរង្វាន់ World Cup បន្ទាប់ពីទម្រង់លេងរបស់គេមានការធ្លាក់ចុះនៅក្នុងឆ្នាំ ២០២៦ ដោយពុំអាចរកគ្រាប់បាល់បានសោះ និងធ្វើបានត្រឹមតែ Assist ៣ លើកប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា Manchester City នឹងចាប់ផ្តើមយុទ្ធនាការ Premier League រដូវកាលថ្មីរបស់ខ្លួន ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅថ្មី លោក Enzo Maresca នៅថ្ងៃទី ២៣ ខែសីហា ខាងមុខនេះ ដោយត្រូវតតាំងជាមួយក្រុម Bournemouth៕










