ខេត្តកណ្ដាល÷ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជន ពាក់ព័ន្ធគណនីហ្វេសប៊ុកឈ្មោះ រួបរួម ខ្មែរខ្លាំង ដែលបានខមិនចូលគេហទំព័រហ្វេសប៊ុក របស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល មានខ្លឹមសារថា ៖ សូមគោរពបងឯកឧត្តម ខ្ញុំឃើញសេវាធ្វើអត្តសញ្ញាណប័ណ្ណឥឡូវឯកសារសរសេរខ្លួនឯងមិនអស់ប្រាក់ទេ។ តែមន្ត្រីគាត់សរសេរឱ្យថ្លៃទឹកប៊ិច 4 ម៉ឺនទៅ 6 ម៉ឺនរៀល។ ខ្ញុំបាននាំប្រជាពលរដ្ឋទៅធ្វើក៏ត្រឡប់មកផ្ទះវិញខ្ញុំក៏អស់សង្ឃឹម។ លើមន្ត្រីយើងបង។ ក៏សូមអធ្យាស្រ័យនិងអភ័យទោសផង។
ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាកម្លាំងជំនាញពាក់ព័ន្ធស្រាវជ្រាវករណីខាងលើជាបន្ទាន់។
ជាលទ្ធផល៖
នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ លោក
អធិការនគរបាលក្រុងសំពៅពូន បានចាត់តាំងលោកអធិការរង លោកនាយផ្នែកអត្តសញ្ញាណកម្ម និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកស្តី ធ្វើការស្រាវជ្រាវ និងអញ្ជើញម្ចាស់គណនីហ្វេសប៊ុក រួបរួម ខ្មែរខ្លាំង ដែលមានឈ្មោះ សន ចាន់សុង ភេទប្រុស កើតថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៩១ កាន់អត្តសញ្ញាណបណ្ណ សញ្ជាតិខ្មែរ លេខ៖ 021171626 ថតផ្ដល់នៅ ស្ថានីយ៍ប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ព្រែកស្ដី មានសុពលភាពដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០៣៦ មានទីលំនៅបច្ចុប្បន្ន ភូមិព្រែកតាមេម សង្កាត់ព្រែកស្ដី ក្រុងសំពៅពូន ខេត្តកណ្ដាល មុខរបរកម្មករ រោងចក្រ មកធ្វើការឆ្លើយបំភ្លឺនៅប៉ុស្តិ៍នគរបាលសង្កាត់ព្រែកស្តី បានឲ្យដឹងថា៖
កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ រូបខ្លួនបានជូនអតីតប្រពន្ធឈ្មោះ កុលាប ជនជាតិខ្មែរ អាយុ២៧ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលបានធ្វើដំណើរមកបន្តសុពលភាពអត្តសញ្ញាណបណ្ណ នៅស្ថានីយថតផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ក្រោយវត្តនិរោធ) ស្ថិតនៅរាជធានីភ្នំពេញ ពេលខ្លួនបានចូលទៅស្ថានីយថតផ្ដល់ ក៏មានអ្នកសុំថ្លៃទឹកប៊ិក ៤ម៉ឺនរៀល ក្រោយពីមានបញ្ហាលើការទាមទារថ្លៃផ្ដល់សេវាថតផ្ដល់អត្តសញ្ញាណប័ណ្ណ នៅនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ក្រោយវត្តនិរោធ)រួចមក អតីតប្រពន្ធរបស់គាត់មិនបានថតផ្ដល់នៅទីនោះទេ ហើយក៏បានត្រឡប់ទៅបន្តសុពលភាពនៅឯខេត្តត្បូងឃ្មុំ វិញទៅ។
លុះពេលត្រឡប់មកផ្ទះវិញនៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ដោយខ្លួនមិនពេញចិត្តចំពោះការផ្តល់សេវាដោយការទាមទារថ្លៃទឹកប៊ិកដែលកើតឡើងនោះ ទើបឈ្មោះ សន ចាន់សុង បានប្រើប្រាស់គណនីហ្វេប៊ុករបស់ខ្លួនឈ្មោះ រួបរួម ខ្មែរខ្លាំង ធ្វើការខមិនចូលក្នុងផេកហ្វេប៊ុករបស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ទៅវិញ ដែលរៀបរាប់ខុសពីការពិត ព្រោះករណីនេះកើតឡើងនៅនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ភ្នំពេញ) ហើយក៏មិនច្បាស់ថា អ្នកដែរទាមទារប្រាក់នោះជានគរបាល ឬអ្នកណាដែរ ព្រោះស្លៀកពាក់ស៊ីវិល គឺមិនពាក់ព័ន្ធនឹងមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នោះទេ។
ចំណាត់ការ :
-បានធ្វើការអប់រំណែនាំទៅកាន់ឈ្មោះ សន ចាន់សុង ឲ្យបញ្ឈប់ការផ្សព្វផ្សារព័ត៌មានដែលមិនមានមូលដ្ឋានច្បាស់លាស់ នៅលើផេកហ្វេសប៊ុកថ្នាក់ដឹកនាំ ឬតាមបណ្តាញសង្គមផ្សេងៗទៀត។
-លុបខ្លឹមសារដែលបានខមិនផ្សព្វផ្សាយនោះចេញពីហ្វេសប៊ុក។
-ធ្វើការសុំទោសជាសាធារណៈទៅកាន់ថ្នាក់ដឹកនាំ មានជាលាយលក្ខណ៍អក្សរ នឹងជារូបភាពវីដេអូ។
អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាប និងកុំមានការភាន់ច្រឡំ៕










