ហ្វីលីពីន៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក Marco Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក អំឡុងពេលអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៩ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន។
ប្រភពព័ត៌មានពីបណ្តាញសង្គមការងារផ្លូវការ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានឱ្យដឹងថា លោកឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះវឌ្ឍនភាពជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-អាម៉េរិក និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-អាម៉េរិក ខណៈដែលកម្ពុជាធ្វើជាប្រទេសសម្របសម្រួលសម្រាប់ឆ្នាំ ២០២៤-២០២៧ ព្រមទាំងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយ លោករដ្ឋមន្រ្តីការបរទេស Marco Rubio ដើម្បីជំរុញភាពជាដៃគូទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត។
ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាថ្មីម្តងទៀតជូនចំពោះលោកប្រធានាធិបតី Donald J. Trump សម្រាប់ការគាំទ្រដ៏មានតម្លៃរបស់សហរដ្ឋអាម៉េរិក ក្នុងការសម្របសម្រួលបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ (Kuala Lumpur Peace Accord) ក៏ដូចជាការបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះស្ថានភាពព្រំដែនកម្ពុជា-ថៃ ដោយបានជម្រាបជូន លោករដ្ឋមន្ត្រីការបរទេស Marco Rubio អំពីការវិវត្តចុងក្រោយនៃស្ថានភាពព្រំដែនផងដែរ៕
ដោយ៖តារា










