ភ្នំពេញ៖ ក្រសួងយុត្តិធម៌ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការ កាលពីថ្ងៃទី២១ ខែកក្កដាថ្មីៗនេះ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលរយៈពេល ៦ខែ ឆ្នាំ២០២៦ នៃការអនុវត្តយុទ្ធនាការទាំង ២ ដោយកិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីទូទាំងប្រទេស។
ក្រសួងយុត្តិធម៌ បានបញ្ជាក់ថា គិតចាប់តាំងពីពេលប្រកាសបើកយុទ្ធនាការ គណៈបញ្ជាការដឹកនាំយុទ្ធនាការបានប្រកាសទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋទាំងអស់ ដែលយល់ឃើញថា ចំណាត់ការរបស់តុលាការលើសំណុំរឿងរបស់ខ្លួនមានភាពមិនប្រក្រតី។
ក្នុងរយៈពេល ៦ខែ កន្លងទៅនេះ ប្រជាពលរដ្ឋបានដាក់ពាក្យបណ្តឹងមកកាន់លេខាធិការដ្ឋាននៃគណៈបញ្ជាការដឹកនាំយុទ្ធនាការ ចំនួន ៧៧៩ បណ្តឹង ដោយក្នុងនោះរួមមាន៖
(១)-ករណីស្នើសុំជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការមានចំនួន ៣២០ ករណី ស្មើនឹង ៤១,០៨%
(២)-ករណីស្នើសុំឱ្យមានការត្រួតពិនិត្យអំពីភាពមិនប្រក្រតីមានចំនួន ៤៥៩ ករណី ស្មើនឹង ៥៨,៩២%៕
ដោយ៖តារា










