ផ្អាកសកម្មភាពយានដ្ឋានយីហោ” វណ្ណៈ ហេង” បន្ទាប់ពីទទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធ នឹងក្លិនថ្នាំលាបរថយន្ត

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពី​ទទួល​បាន​បណ្តឹង​ពី​ប្រជា​ពលរដ្ឋ​ពាក់​ព័ន្ធ​នឹង​ក្លិនថ្នាំលាបរថយន្ត មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន សហការ​ជា​មួយមន្ទីរបរិស្ថានរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦នេះ បានចុះត្រួតពិនិត្យយានដ្ឋានយីហោ” វណ្ណៈ ហេង” ដែល​មាន​ទីតាំង​ស្ថិតនៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីម្សិលមិញនេះ​។

បើតាមសេក្ដីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន​ បានបញ្ជាក់ថា ជាលទ្ធផលនៃការត្រួតពិនិត្យ បានរកឃើញថា យាន​ដ្ឋាន​នេះ​បានអនុវត្តសកម្មភាពបាញ់ថ្នាំលាបរថយន្ត ដោយមិនមានប្រព័ន្ធគ្រប់គ្រង និងបង្ការ​ការ​បំពុល​បរិយាកាសឱ្យបានត្រឹមត្រូវ បណ្តាលឱ្យអ័ព្ទថ្នាំលាប និងចំហាយសារធាតុ​គីមី​គ្រោះថ្នាក់​ភាយ​ចេញ​ដោយផ្ទាល់ទៅក្នុងបរិយាកាសជុំវិញ។ ការបំពុលនេះបានបង្កឱ្យមានក្លិនរំខាន ប៉ះ​ពាល់​ដល់​គុណ​ភាពខ្យល់ និងបង្កហានិភ័យដល់សុខភាពសាធារណៈ។

ក្រុមការងារ​ត្រួតពិនិត្យក៏បានរកឃើញផងដែរថា យានដ្ឋាននេះមិនបានអនុវត្តតាមកាតព្វកិច្ច និង​បទ​ប្បញ្ញត្តិពាក់ព័ន្ធនឹងកិច្វគាំពារបរិស្ថាន ស្របតាម ក្រមបរិស្ថាន និងធនធានធម្មជាតិ ព្រម​ទាំង​បទ​ប្បញ្ញត្តិច្បាប់ពាក់ព័ន្ធជាធរមាន។

ជាលទ្ធផល ក្រុមការងារបានសម្រេច បញ្ជា​ឱ្យ​ផ្អាក​ជា​បន្ទាន់​នូវ​សកម្ម​ភាព​បាញ់​ថ្នាំ​លាប​រថយន្ត​ទាំង​អស់ រហូតដល់ម្ចាស់អាជីវកម្មអនុវត្តឱ្យបានពេញលេញតាមវិធានការបរិស្ថាន និងបញ្ចប់​នីតិ​វិធី​ច្បាប់​ពាក់ព័ន្ធ។

ថ្នាំលាបរថយន្តមានផ្ទុកសារធាតុគ្រោះថ្នាក់ជាច្រើន រួមមាន សារធាតុសរីរាង្គងាយហួត (Volatile Organic Compounds – VOCs) សារធាតុរំលាយ (Solvents) លោហៈធ្ងន់ និង​ភាគ​ល្អិត​តូច​ៗ​ក្នុង​បរិយាកាស។ ការប៉ះពាល់នឹងសារធាតុទាំងនេះអាចបណ្តាលឱ្យកើតជំងឺផ្លូវដង្ហើម រលាកភ្នែក និង​ស្បែក ឈឺក្បាល វិលមុខ និងបញ្ហាសុខភាពផ្សេងៗ។ ការ​ប៉ះពាល់​រយៈ​ពេល​វែង​អាច​បង្កើន​ហានិភ័យ​នៃជំងឺសួតរ៉ាំរ៉ៃ ជំងឺប្រព័ន្ធប្រសាទ និងជំងឺមហារីកមួយចំនួន។ លើសពីនេះ ការ​បញ្ចេញ​សារធា​តុ​ទាំងនេះដោយគ្មានការគ្រប់គ្រងក៏រួមចំណែកដល់ការបំពុលបរិយាកាស ការបំពុលដី និង​ប្រភព​ទឹក ព្រមទាំងប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីនៅតំបន់ជុំវិញផងដែរ។

បើតាមលោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន មានប្រសាសន៍ថា៖ «ការ​ការ​ពារ​សុខ​ភាព​សាធារណៈ និងបរិស្ថាន គឺជាការទទួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា។ ក្រសួង​​លើក​ទឹក​ចិត្ត​ឱ្យគ្រប់អាជីវកម្មអនុវត្តសកម្មភាពរបស់ខ្លួនដោយគោរពយ៉ាងពេញលេញតាមច្បាប់ និង​បទ​ប្បញ្ញត្តិបរិស្ថាន ព្រមទាំងអនុវត្តវិធានការបង្ការ និងកាត់បន្ថយការបំពុល ដើម្បី​ការពារ​សហគមន៍ និងបរិស្ថានជុំវិញ។

អាទិភាពរបស់ក្រសួង គឺជួយឱ្យប្រតិបត្តិករយល់ដឹង និងបំពេញកាតព្វកិច្ចរបស់ខ្លួនចំពោះបរិស្ថាន។ ទោះជាយ៉ាងណា ក្នុងករណីដែលការរំលោភបំពានបង្កហានិភ័យដល់សុខភាពប្រជាពលរដ្ឋ ឬបរិស្ថាន ក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់ដោយយុត្តិធម៌ តម្លាភាព និងស្មើភាព។

...

យើងជឿជាក់ថា ការការពារបរិស្ថាន និងការអភិវឌ្ឍអាជីវកម្មប្រកបដោយការទទួលខុសត្រូវ អាចដើរទន្ទឹមគ្នាបាន។ តាមរយៈកិច្ចសហការ ស្មារតីទទួលខុសត្រូវ និងការគោរពច្បាប់ យើងអាចរួមគ្នាកសាងកម្ពុជាឱ្យក្លាយជាប្រទេសស្អាត បៃតង និងមាននិរន្តរភាព សម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត»៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print