សារព័ត៌មាន Reuters បានផ្សាយថា រដ្ឋមន្ត្រីការបរទេសវ៉េណេស៊ុយអេឡា លោក Felix Plasencia នៅថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦ បាននិយាយថាប្រទេសរបស់លោកបានជូនដំណឹងជាផ្លូវការទៅកាន់អង្គការសហប្រជាជាតិអំពីការសម្រេចចិត្តដកខ្លួនចេញពីតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ដែលបានដឹកនាំការស៊ើបអង្កេតអស់រយៈពេលជាច្រើនឆ្នាំមកហើយ លើសមាជិកកងកម្លាំងប្រដាប់អាវុធ និងក្រុមមន្ត្រីមួយចំនួនរបស់វ៉េណេស៊ុយអេឡា។
លោក Felix Plasencia បានឱ្យដឹងក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X ថាការសម្រេចចិត្តរបស់រដ្ឋាភិបាលវ៉េណេស៊ុយអេឡាធ្វើឡើងដោយមើលឃើញពីភាពលម្អៀងរបស់តុលាការ ICC ដែលបានកំណត់គោលដៅតែទៅលើបណ្ដាប្រទេស Global South ជាពិសេសគឺបណ្ដាប្រទេសក្នុងតំបន់អាហ្វ្រិក និងអាមេរិកឡាទីន។
ដោយបញ្ជាក់ឡើងវិញពីការលើកឡើងរបស់លោក Plasencia ប្រធានាធិបតីស្ដីទីវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez ក៏បានកត់សម្គាល់ដែរថា ICC ត្រូវបានគេប្រើប្រាស់ដើម្បីកំណត់គោលដៅលើប្រទេសរបស់លោកស្រី។ «តុលាការព្រហ្មទណ្ឌអន្តរជាតិត្រូវបានគេប្រើប្រាស់ជាឧបករណ៍នយោបាយវាយប្រហារលើប្រជាជនវ៉េណេស៊ុយអេឡា និងរដ្ឋវ៉េណេស៊ុយអេឡាដែលធ្វើឱ្យយើងលែងមានជំនឿចិត្តលើតុលាការមួយនេះ»។ នេះជាការគូសបញ្ជាក់របស់លោកស្រី Rodriguez អំឡុងព្រឹត្តិការណ៍សាធារណៈមួយ។
ការសម្រេចចិត្តរបស់វ៉េណេស៊ុយអេឡាត្រូវបានគេរំពឹងទុកថានឹងកើតឡើងតាំងពីខែធ្នូ ឆ្នាំ២០២៥ មកម្ល៉េះ ជាពេលដែលសភាវ៉េណេស៊ុយអេឡាបានធ្វើការបោះឆ្នោតមួយ ពោលគឺមួយខែមុននឹងសហរដ្ឋអាមេរិកបណ្ដេញលោកប្រធានាធិបតី Nicolas Maduro ចេញពីអំណាច ដើម្បី លុបចោលការផ្ដល់សច្ចារប័នលើលក្ខន្តិកៈទីក្រុងរ៉ូម សំដៅបើកផ្លូវដកខ្លួនចេញពីតុលាការ ICC៕









