ខ្សែប្រយុទ្ធជប៉ុន Maeda បានសម្រេចក្តីសុបិនផ្លាស់ពី Celtic មកលេងនៅអង់គ្លេសPremier League

ចែករំលែក៖

ក្លិប Ipswich Town បានប្រកាសនៅថ្ងៃសៅរ៍ថា ខ្លួនបានចុះហត្ថលេខានាំយកខ្សែប្រយុទ្ធជម្រើសជាតិជប៉ុន Daizen Maeda ពីក្លិប Celtic ដោយចុះកិច្ចសន្យារយៈពេល 3 ឆ្នាំ។

Maeda ដែលជាសមាជិកក្រុមជម្រើសជាតិជប៉ុនក្នុង FIFA World Cup ដែលទើបបញ្ចប់នៅអាមេរិកខាងជើង ក្លាយជាកីឡាករជប៉ុនដំបូងគេក្នុងប្រវត្តិសាស្ត្ររបស់ Ipswich Town។

យោងតាមសារព័ត៌មានអង់គ្លេស តម្លៃផ្ទេររបស់គាត់មានប្រហែល 10 លានផោន (13.3 លានដុល្លារ)។

Maeda បាននិយាយថា៖ «ខ្ញុំតែងតែសុបិនចង់លេងនៅ Premier League ហើយខ្ញុំពិតជារីករាយណាស់ដែលអាចសម្រេចក្តីសុបិននេះជាមួយក្លិបមួយនេះ។ ការពិភាក្សាទាំងអស់ជាមួយក្លិបបានធ្វើឱ្យខ្ញុំមានអារម្មណ៍ថា ខ្ញុំត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅ។»

គាត់បានបន្ថែមថា៖ «គោលដៅរបស់ខ្ញុំគឺប្រឹងប្រែងប្រកួតឱ្យអស់ពីសមត្ថភាព រកគ្រាប់បាល់ និងបង្កើតឱកាសឱ្យមិត្តរួមក្រុម។ ខ្ញុំនឹងរត់ និងប្រឹងប្រែងអស់ពីអ្វីដែលខ្ញុំមានសម្រាប់ក្រុម។»

ខ្សែប្រយុទ្ធវ័យ 28 ឆ្នាំ រូបនេះ បានស៊ុតបញ្ចូលទី 5 គ្រាប់ ក្នុងការបង្ហាញខ្លួន 30 ប្រកួត ឱ្យក្រុមជម្រើសជាតិជប៉ុន រួមទាំងការស៊ុតបញ្ចូលទីក្នុងការប្រកួតស្មើ 1-1 ជាមួយស៊ុយអែត នៅវគ្គចែកពូលនៃ World Cup កាលពីខែមុន។

ក្នុងអំឡុងពេលលេងឱ្យ Celtic Maeda ស៊ុតបញ្ចូលទីបាន 79 គ្រាប់ ក្នុងការបង្ហាញខ្លួន 212 ប្រកួត និងបានជួយក្លិបឈ្នះពានរង្វាន់ លីគស្កុតឡែន 5 លើក និង ពានក្នុងស្រុក 5 លើក។

Maeda ក្លាយជាកីឡាករថ្មីទី 5 ដែល Ipswich Town នាំចូលក្នុងរដូវកាលដោះដូរកីឡាករនេះ ក្រោមការដឹកនាំរបស់គ្រូបង្វឹក Gary O’Neil។

...

Ipswich នឹងចាប់ផ្តើមយុទ្ធនាការ Premier League រដូវកាល 2026-27 ដោយត្រូវជួប Sunderland នៅថ្ងៃទី 22 ខែសីហា៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print