ភ្នំពេញ ៖ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលបាននិងកំពុងអនុវត្តកំណែទម្រង់គន្លឹះចំនួនពីរ ដើម្បីពង្រឹងឯករាជ្យភាព និងជំរុញកំណើនសេដ្ឋកិច្ចជាតិ រួមមាន៖
១. កំណែទម្រង់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ត្រូវធ្វើវិសោធនកម្មច្បាប់ រៀបចំនីតិវិធីប្រតិបត្តិស្តង់ដារ (SOP) ដើម្បីបង្កើនប្រសិទ្ធភាព និងកិច្ចសហការប្រទាក់ក្រឡារវាងស្ថាប័ន។ បន្ថែមពីនេះ ផ្លាស់ប្តូរការកាន់ឯកសាររត់តាមក្រសួង ដោយជំនួសមកវិញនូវការដាក់ពាក្យតាមអនឡាញនៅ «ច្រកចេញចូលតែមួយ»។
២. ការសម្រួលនីតិវិធី និងដោះស្រាយបញ្ហា SME ដោយត្រូវបែងចែកកម្រិតហានិភ័យផលិតផល ៣ កម្រិត គឺកម្រិតខ្ពស់ មធ្យម និងទាប ព្រមទាំងសម្រួលលុបចោលនីតិវិធីស្មុគស្មាញលើផលិតផលហានិភ័យទាប និងពន្លឿនការត្រួតពិនិត្យលើផលិតផលហានិភ័យខ្ពស់ (អាហារ និងគីមី) ឱ្យបានលឿនតែម៉ត់ចត់។ ចំពោះគម្រោងសាកល្បង គឺត្រូវចាប់ផ្តើមលើផលិតផលសាប៊ូ ដោយបង្រួមពេលវេលាចុះបញ្ជីមកត្រឹម ៦ ថ្ងៃ។ ហើយបង្កើតអង្គភាពសម្របសម្រួលរួម ដើម្បីទទួលរ៉ាប់រងការរត់ការឯកសារ/គំរូសាកល្បងជំនួសអាជីវករ និងដោះស្រាយបញ្ហាបច្ចេកវិទ្យាលើថ្នាល CamDX។ រីឯកំណត់ថិរវេលាច្បាស់លាស់ គឺតម្រូវឱ្យក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រ និងនវានុវត្តន៍ (MISTI) ឆ្លើយតបក្នុងរយៈពេល ២៤ ម៉ោង ហើយក្រសួងធ្វើតេស្តផ្សេងទៀតត្រូវកំណត់ពេលវេលាឆ្លើយតបឱ្យបានច្បាស់លាស់។
នាឱកាសនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ អនុវត្តកំណែទម្រង់ពាក់ព័ន្ធនឹង SME ឱ្យបានម៉ឺងម៉ាត់បំផុត ដោយត្រូវសហការគ្នាលុបបំបាត់នីតិវិធីស្មុគស្មាញ និងពន្លឿនការចុះបញ្ជីឱ្យបានលឿនរហ័ស ដើម្បីកុំឱ្យសហគ្រិនស្មុគស្មាញរត់សុំច្បាប់ច្រើនកន្លែងដូចមុន។
ទន្ទឹមនឹងនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យបង្កើនប្រសិទ្ធភាពប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដើម្បីការពារផលប្រយោជន៍សហគ្រិន ហើយសម្តេចនឹងតាមដានការងារនេះដោយផ្ទាល់ ដើម្បីធានាឱ្យទទួលបានជោគជ័យ៕
ដោយ ៖ សិលា












