អតីតកីឡាការិនីវាយកូនបាល់លំដាប់លេខ១ ពិភពលោក និងជាវីរនារីកីឡារបស់អេស្ប៉ាញ Arantxa Sánchez Vicario បានបង្ហើបថា នាងបានបាត់បង់ទ្រព្យសម្បត្តិទាំងស្រុងប្រមាណ ៤១ លានដុល្លារអាមេរិក ដែលរកបានក្នុងអាជីពវាយកូនបាល់ បន្ទាប់ពីប្រគល់ការគ្រប់គ្រងហិរញ្ញវត្ថុឱ្យអតីតស្វាមី។
ក្នុងកម្មវិធីទូរទស្សន៍អេស្ប៉ាញ Universo Calleja ដែលចាក់ផ្សាយនៅថ្ងៃទី២៣ ខែកក្កដា Vicario បានរៀបរាប់ពីវិបត្តិហិរញ្ញវត្ថុដែលធ្វើឱ្យនាងស្ទើរតែគ្មានទ្រព្យសម្បត្តិសល់ បន្ទាប់ពីចូលនិវត្តន៍ពីអាជីពកីឡា។
នាងបាននិយាយថា៖ “ខ្ញុំផ្តោតតែលើការលេងវាយកូនបាល់ ហើយមិនដែលគ្រប់គ្រងហិរញ្ញវត្ថុដោយខ្លួនឯងទេ ព្រោះខ្ញុំមិនចេះ។ ខ្ញុំទុកចិត្តប្តីរបស់ខ្ញុំ… ហើយលុយ ៤១ លានដុល្លារនោះបានបាត់អស់។ ចុងក្រោយ ខ្ញុំជាអ្នកទទួលបន្ទុកគ្រប់យ៉ាង។”
យោងតាម Vicario ទ្រព្យសម្បត្តិប្រមាណ ៤១ លានដុល្លារ ដែលបានមកពីប្រាក់រង្វាន់ការប្រកួត កិច្ចសន្យាឧបត្ថម្ភ និងសកម្មភាពពាណិជ្ជកម្ម បានបាត់បង់ទាំងស្រុង។
នាងបាននិយាយថា នាងទុកចិត្តទាំងស្រុងលើអតីតស្វាមី Josep Santacana ដែលនាងរៀបការជាមួយពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៩។ ពួកគេមានកូនពីរនាក់ គឺកូនប្រុសម្នាក់ និងកូនស្រីម្នាក់។
នាងបានបន្ថែមថា៖ “ខ្ញុំទុកចិត្តគាត់ ព្រោះគាត់ជាឪពុករបស់កូនៗខ្ញុំ។ ខ្ញុំស្រឡាញ់គាត់ដោយមិនគិតអ្វីទាំងអស់ ហើយគាត់មិនមែនជាមនុស្សដែលខ្ញុំគិតថាគាត់ជានោះទេ។”
ជាប់ពាក់ព័ន្ធនឹងសំណុំរឿងលាក់ទ្រព្យសម្បត្តិ
បញ្ហាហិរញ្ញវត្ថុរបស់ Vicario បានចាប់ផ្តើមពីសំណុំរឿងបំណុលរាប់លានដុល្លារជាមួយ Banque de Luxembourg។ នាង និងអតីតស្វាមី ត្រូវបានចោទប្រកាន់ថា បានលាក់ទ្រព្យសម្បត្តិ ដើម្បីគេចវេសពីការសងបំណុល។
នៅខែមករា ឆ្នាំ២០២៤ តុលាការក្រុងបាសេឡូណា បានសម្រេចថា អ្នកទាំងពីរមានពិរុទ្ធពីបទលាក់ទ្រព្យសម្បត្តិ។
Vicario ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ ២ ឆ្នាំ ប៉ុន្តែការអនុវត្តទោសត្រូវបានព្យួរ ដោយមានលក្ខខណ្ឌថា នាងត្រូវបន្តសងបំណុល ៧,៣ លានដុល្លារ។
Santacana ត្រូវបានផ្តន្ទាទោសជាប់ពន្ធនាគារ ៣ ឆ្នាំ និង ៣ ខែ។
ក្នុងអំឡុងសវនាការ Vicario បានអះអាងជានិច្ចថា នាងមិនដឹងអំពីសកម្មភាពហិរញ្ញវត្ថុរបស់អតីតស្វាមី ហើយថា នាងគឺជាជនរងគ្រោះ។ នាងក៏បានបង្ហាញថា ត្រូវទៅពិគ្រោះជាមួយអ្នកជំនាញផ្លូវចិត្ត បន្ទាប់ពីជួបវិបត្តិនេះ។
នាងនិយាយថា៖ “ខ្ញុំមិនបានចូលពន្ធនាគារទេ ព្រោះខ្ញុំកំពុងយក ៥០% នៃប្រាក់ចំណូលរបស់ខ្ញុំទៅសងធនាគារ។ ខ្ញុំកំពុងអនុវត្តតាម បើទោះបីជាជម្រៅចិត្ត ខ្ញុំគឺជាជនរងគ្រោះក៏ដោយ។ វាដូចជាភ្ញាក់ពីសុបិន ហើយគិតថា រឿងនេះមិនគួរកើតឡើងចំពោះខ្ញុំទេ។”
ធ្លាប់មានបញ្ហាពន្ធពីមុន
នេះមិនមែនជាលើកទីមួយទេ ដែល Vicario ជួបបញ្ហាហិរញ្ញវត្ថុ។
នៅឆ្នាំ២០០៩ តុលាការកំពូលអេស្ប៉ាញ បានបញ្ជាឱ្យនាងបង់ពន្ធ និងពិន័យសរុបប្រមាណ ៥,៩ លានដុល្លារ ពាក់ព័ន្ធនឹងការគេចពន្ធ។
តុលាការបានរកឃើញថា ចន្លោះឆ្នាំ១៩៨៩ ដល់ឆ្នាំ១៩៩៣ នាងពិតជារស់នៅប្រទេសអេស្ប៉ាញ មិនមែននៅប្រទេសអង់ដូរ៉ា ដូចដែលនាងបានប្រកាស ដើម្បីទទួលបានអត្ថប្រយោជន៍ផ្នែកពន្ធនោះទេ។
ស្នាដៃដ៏អស្ចារ្យក្នុងអាជីព
Arantxa Sánchez Vicario ត្រូវបានគេចាត់ទុកថា ជាកីឡាការិនីវាយកូនបាល់ដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រអេស្ប៉ាញ។
ស្នាដៃរបស់នាងរួមមាន៖
ឈ្នះពាន Grand Slam ៤ លើក
Roland Garros ឆ្នាំ១៩៨៩, ១៩៩៤ និង១៩៩៨
US Open ឆ្នាំ១៩៩៤
ឡើងដល់វគ្គផ្តាច់ព្រ័ត្រ Australian Open និង Wimbledon ចំនួន ៤ លើក
ឡើងឈរលេខ១ ពិភពលោក នៅឆ្នាំ១៩៩៥
ឈ្នះមេដាយអូឡាំពិក ៤ គ្រឿង (ប្រាក់ ២ និងសំរឹទ្ធ ២) នៅ Barcelona 1992 និង Atlanta 1996
បន្ទាប់ពីចូលនិវត្តន៍ក្នុងឆ្នាំ២០០២ អ្នករៀបចំការប្រកួត Madrid Masters បានដាក់ឈ្មោះទីលានមួយតាមនាង ដើម្បីគោរពដល់ការរួមចំណែករបស់នាងចំពោះកីឡាវាយកូនបាល់អេស្ប៉ាញ។
ក្រោយមក នាងបានត្រឡប់មកវិស័យកីឡាវាយកូនបាល់វិញក្នុងនាមជាគ្រូបង្វឹក ដោយធ្លាប់ធ្វើការជាមួយអតីតកីឡាការិនីលេខ១ ពិភពលោក Caroline Wozniacki ក្នុងឆ្នាំ២០១៥៕










