ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីបិទវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៧ ក្រោមប្រធានបទ សិទ្ធិសេរីភាពសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងបរិបទឌីជីថល នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ទាំងអស់ បន្តចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ការអភិវឌ្ឍជាតិប្រកបដោយចីរភាព ស្របតាមគោលការណ៍ដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា វេទិកាដែលបានរៀបចំរហូតមកដល់លើកទី៧នេះ បានស្តែងឱ្យឃើញនូវការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សា និងពង្រឹងយន្តការសន្ទនាជាប្រព័ន្ធរវាងស្ថាប័នរដ្ឋ និងអង្គការសង្គមស៊ីវិល ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយរួម ក្នុងស្មារតីជាដៃគូពិតប្រាកដ។
ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថា រាជរដ្ឋាភិបាលនៅតែបន្តរក្សាជំហរចាត់ទុកអង្គការសង្គមស៊ីវិល ជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការស្តារ និងអភិវឌ្ឍជាតិលើគ្រប់វិស័យ ចាប់តាំងពីដំណាក់កាលដំបូងរហូតមកដល់បច្ចុប្បន្ន។ ជាក់ស្តែង គិតត្រឹមខែមិថុនា ឆ្នាំ២០២៦ ការចុះបញ្ជីអង្គការសង្គមស៊ីវិលក្នុងស្រុក មានចំនួនសរុប ៦.៥៩៧ ក្នុងនោះមានសមាគមចំនួន ៣.០០១ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ៣.៥៩៦។
ប្រមុខក្រសួងមហាផ្ទៃ ក៏បានចាត់ទុកវេទិកាលើកទី៧នេះ ជាវេទិកាដ៏មានសារៈសំខាន់ ស្របពេលដែលបច្ចេកវិទ្យាឌីជីថលកំពុងផ្លាស់ប្តូររបៀបធ្វើការ របៀបទំនាក់ទំនង របៀបទទួលសេវា និងរបៀបដែលប្រជាពលរដ្ឋចូលរួមនៅក្នុងកិច្ចការសង្គម។ ដូច្នេះ បរិបទឌីជីថល បានបង្កើតឱកាសថ្មីៗសម្រាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយព័ត៌មាន កៀរគរធនធាន សម្របសម្រួលសកម្មភាព ផ្តល់សេវាដល់សហគមន៍ និងបង្កើនការចូលរួមរបស់ពលរដ្ឋ។
ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណក្រុមការងាររាជរដ្ឋាភិបាល ដែលបានទទួលសម្របសម្រួលដោះស្រាយសំណើ និងសំណូមពរនានារបស់អង្គការសង្គមស៊ីវិល ព្រមទាំងអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ក្រសួង-ស្ថាប័ន រដ្ឋបាលរាជធានី-ខេត្ត ស្ថានទូត ដៃគូអភិវឌ្ឍន៍ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ អ្នកសារព័ត៌មាន និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមធ្វើវេទិកាលើកទី៧នេះ។
ដោយឡែក ចំពោះបញ្ហាប្រឈមទាំងឡាយដែលបានលើកឡើងក្នុងវេទិកានេះដែរ ប្រមុខក្រសួងមហាផ្ទៃ បានចាត់ទុកជាធាតុចូលដ៏មានតម្លៃ ក្នុងការស្វែងរកដំណោះស្រាយ និងកែសម្រួលនីតិវិធីរដ្ឋបាលឱ្យកាន់តែមានភាពងាយស្រួល ពិសេសការជំរុញយន្តការឌីជីថល ដើម្បីកាត់បន្ថយភាពស្មុគស្មាញ និងឆ្លើយតបទៅនឹងសំណូមពររបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
ពីវេទិកានោះ ប្រមុខក្រសួងមហាផ្ទៃ ក៏បានផ្តល់អនុសាសន៍ណែនាំដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលទាំងអស់ ត្រូវប្រតិបត្តិការឱ្យស្របតាមច្បាប់ជាធរមាន មានតម្លាភាពហិរញ្ញវត្ថុ និងប្រើប្រាស់ប្រព័ន្ធឌីជីថលប្រកបដោយការទទួលខុសត្រូវ។ ចំណែករដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កលក្ខណៈងាយស្រួល រៀបចំវេទិកាពិគ្រោះយោបល់ទៀងទាត់ និងចាត់វិធានការទប់ស្កាត់សកម្មភាពបោកប្រាស់ក្នុងមូលដ្ឋាន។
វេទិកាលើកទី៧នេះ បានរៀបចំឡើងក្នុងគោលបំណងពិនិត្យមើលវឌ្ឍនភាពការងារដែលសម្រេចបានបន្ទាប់ពីវេទិកាលើកទី៦កន្លងមក ក្នុងការចែករំលែកបទពិសោធល្អៗដែលបានមកពីការអនុវត្តជាក់ស្តែង ការលើកកម្ពស់ការយល់ដឹងអំពីគោលការណ៍ និងការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តនានាជាធរមាន ការប្រមូលសំណើ សំណូមពរចាំបាច់របស់អង្គការសង្គមស៊ីវិល និងអាជ្ញាធរមូលដ្ឋាន ដើម្បីដាក់ជូនក្រសួង-ស្ថាប័ន របស់រាជរដ្ឋាភិបាលពិនិត្យសម្របសម្រួលដោះស្រាយ និងលើកស្ទួយនូវការអនុវត្តសិទ្ធិសេរីភាពរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងបរិបទនីតិរដ្ឋនៅកម្ពុជា។
វេទិកាលើកទី៧នេះ មានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ សមាគមក្រុមប្រឹក្សារដ្ឋបាលមូលដ្ឋាន តំណាងស្ថានទូត ដៃគូអភិវឌ្ឍន៍ អ្នកសារព័ត៌មាន និងតំណាងអង្គការសង្គមស៊ីវិល សរុបចំនួនប្រមាណ ៧០៨នាក់ ក្នុងនោះចូលរួមផ្ទាល់ចំនួន ៥០០នាក់ និងចូលរួមតាមប្រព័ន្ធអនឡាញចំនួន ២០៨នាក់៕










