ខេត្តព្រះសីហនុ៖ តាមផេកផ្លូវការរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ ២០២៦នេះបានឲ្យដឹងថា អនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេ បញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងលោកម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ដព្រះសីហនុ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ ឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី មេ បញ្ជាការ កងរាជអាវុធហត្ថខេត្ដព្រះសីហនុ នៅវេលាម៉ោង១៥និង៤០នាទីរសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២៦ កម្លាំងជំនាញ នៃការិយាល័យប្រឆាំងគ្រឿង ញៀន មន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធ ហត្ថខេត្ដព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យជាមេខ្លោង និងបក្ខពួក ចំនួន៨៧នាក់ (ស្រី ០៩នាក់) រួមនឹងវត្ថុតាងគ្រឿងញៀនជាង ១គីឡូក្រាម និងសម្ភារៈប្រើប្រាស់មួយចំនួន ពាក់ព័ន្ធនឹងករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តនីតិវិធីច្បាប់។
ប្រតិបត្តិការចុះបង្រ្កាបនេះ មានរយៈពេល០៦ថ្ងៃ ចាប់ថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ក្រោមការដឹកនាំបញ្ជាផ្ទាល់ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីលោក វុធ សាវី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងជំនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយ លោកវរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យ បានបើកប្រតិបត្តិការបង្ក្រាបសម្បុកជួញដូរ និងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្មភាព នៅចំណុចភូមិថ្មី ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ និងធ្វើការពន្លាតដែនដីសមត្ថកិច្ច ទៅដល់ខេត្តកំពង់ស្ពឺ និងបន្តទៅដល់រាជធានីភ្នំពេញ រហូតឈានដល់ការឃាត់ខ្លួនមេក្លោងជួញដូរគ្រឿងញៀនដ៏ធំបានម្នាក់ថែមទៀត ភេទស្រី និងចាប់ដកហូតវត្ថុតាងបទល្មើសមួយចំនួន៕
ដោយ៖ សុរិយា










