ក្រុមហ៊ុន Apple បានឡើងដល់តម្លៃទីផ្សារ (Market Capitalization) លើស 5 ទ្រីលានដុល្លារអាមេរិក ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ កាលពីថ្ងៃអង្គារ ដោយក្លាយជាក្រុមហ៊ុនទី២ បន្ទាប់ពី Nvidia ដែលសម្រេចបានកំណត់ត្រានេះ។
ភាគហ៊ុន Apple បានកើនឡើង 0.72% ដល់ 339.33 ដុល្លារ ក្នុងមួយហ៊ុន ដែលធ្វើឱ្យតម្លៃទីផ្សាររបស់ក្រុមហ៊ុនស្ថិតនៅ 4.98 ទ្រីលានដុល្លារ។ ខណៈនៅចំណុចខ្ពស់បំផុតនៃថ្ងៃ ភាគហ៊ុនឡើងដល់ 342.89 ដុល្លារ ដែលធ្វើឱ្យតម្លៃទីផ្សារឈានដល់ 5.036 ទ្រីលានដុល្លារ។
Apple បានក្លាយជាក្រុមហ៊ុនមានតម្លៃខ្ពស់បំផុតលើពិភពលោកកាលពីដើមខែនេះ ដោយវ៉ាដាច់ Nvidia ដែលបានកាន់តំណែងកំពូលចាប់តាំងពីខែមិថុនា ឆ្នាំ២០២៥ និងជាក្រុមហ៊ុនដំបូងដែលធ្លាប់ឈានដល់តម្លៃ 5 ទ្រីលានដុល្លារ។
បច្ចុប្បន្ន ភាគហ៊ុន Nvidia កើនឡើង 0.53% ដល់ 197.63 ដុល្លារ ក្នុងមួយហ៊ុន ដែលផ្តល់តម្លៃទីផ្សារប្រមាណ 4.78 ទ្រីលានដុល្លារ។
ហេតុអ្វី Apple កើនឡើងខ្លាំង?
Apple ទទួលបានអត្ថប្រយោជន៍ពី៖
តម្រូវការខ្ពស់លើផលិតផលរបស់ខ្លួន។
ការសម្រេចចិត្ត មិនចំណាយធំលើការប្រកួត AI ដូចក្រុមហ៊ុនបច្ចេកវិទ្យាធំៗផ្សេងទៀត ដែលកំពុងចំណាយថវិកាយ៉ាងច្រើន និងបង្កើនបំណុល។
ភាគហ៊ុន Apple បានកើនឡើងប្រហែល 25% ចាប់តាំងពីដើមឆ្នាំនេះ ដោយល្អជាងក្រុមហ៊ុនបច្ចេកវិទ្យាធំៗផ្សេងទៀត ដូចជា Nvidia, Meta, Alphabet (Google) និង Microsoft។
Apple ប្រើ AI របស់ Google
ជំនួសឱ្យការវិនិយោគធំលើហេដ្ឋារចនាសម្ព័ន្ធ AI ផ្ទាល់ខ្លួន Apple បានប្រើបច្ចេកវិទ្យា AI របស់ Google ដើម្បីដំណើរការសេវាកម្មថ្មីៗ ដូចជា Siri ជំនាន់ថ្មី ដែលជួយកាត់បន្ថយការចំណាយលើមជ្ឈមណ្ឌលទិន្នន័យ (Data Centers)។
ការរក្សាតម្លៃ iPhone និងកម្មវិធីបង់រំលស់
អ្នកវិភាគបានបញ្ជាក់ថា Apple រក្សាតម្លៃ iPhone ដដែល ខណៈដែលបានដំឡើងតម្លៃ MacBook និង iPad កាលពីខែមុន។ ការធ្វើបែបនេះបានជំរុញឱ្យអតិថិជនទិញ iPhone មុនពេលអាចមានការឡើងថ្លៃនៅចុងឆ្នាំ។
កាលពីថ្ងៃអង្គារ Apple ក៏បានដាក់ឱ្យប្រើកម្មវិធី ជួលឧបករណ៍ (Device Leasing Program) នៅសហរដ្ឋអាមេរិក សហការជាមួយក្រុមហ៊ុន Klarna ដែលអនុញ្ញាតឱ្យអតិថិជនបង់រំលស់ប្រចាំខែ៖
iPhone ចាប់ពី 17.99 ដុល្លារ/ខែ
Apple Watch ឬ iPad ចាប់ពី 11.99 ដុល្លារ/ខែ
Mac ចាប់ពី 24.99 ដុល្លារ/ខែ។
អ្នកវិភាគ Dipanjan Chatterjee មកពី Forrester បាននិយាយថា Apple កំពុងភ្នាល់ថា បទពិសោធន៍អ្នកប្រើប្រាស់ នឹងមានសារៈសំខាន់ជាងការចំណាយរាប់ពាន់លានដុល្លារលើ AI។
លោកក៏បានបន្ថែមថា កម្មវិធីបង់រំលស់ថ្មីនេះ ជួយឱ្យអតិថិជនមានអារម្មណ៍ថាផលិតផលមានតម្លៃសមរម្យជាងមុន ដោយបម្លែងតម្លៃទិញម្តងធំទៅជាការបង់ប្រចាំខែ។
រង់ចាំរបាយការណ៍ប្រាក់ចំណេញ
Apple គ្រោងប្រកាសលទ្ធផលហិរញ្ញវត្ថុប្រចាំត្រីមាសទី៣ នៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីទីផ្សារបិទ ដោយអ្នកវិភាគរំពឹងថា ចំណូលប្រចាំត្រីមាសនឹងកើនឡើងជាង 15% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕










