សម្តេចធិបតី៖ កម្មសិទ្ធិស្របច្បាប់លើដីធ្លី ជា «មូលដ្ឋាននៃជីវិត»

ចែករំលែក៖

ខេត្តកណ្តាល៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូន ប្រជាពលរដ្ឋ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

 

ថ្លែងក្នុងពិធីនោះ, សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអបអរសាទរជូនចំពោះប្រជាពលរដ្ឋខេត្តកណ្តាល ដែលទទួលបានប័ណ្ណកម្មសិទ្ធិស្របច្បាប់ ព្រមទាំងបានសម្តែងការវាយតម្លៃខ្ពស់ និង កោតសរសើរដល់ក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់, រដ្ឋបាលខេត្តកណ្តាល មន្ត្រីបច្ចេកទេសក្រុមវាល, និងមន្ត្រីស្ម័គ្រចិត្តទាំងអស់ ដែលបានខិតខំប្រឹងប្រែងរួមគ្នាជំរុញការងារវាស់វែង និង ចុះបញ្ជីដីធ្លីក្នុងខេត្តកណ្តាលឱ្យបានចប់ជាស្ថាពរ។ ក្នុងអាណត្តិទី៧នេះ, រាជរដ្ឋាភិបាល បានប្រគល់ភារកិច្ចជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បី បញ្ចប់ការងារវាស់វែង និងចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ។ គិតមកដល់ពេលនេះ យើងបានវាស់វែងក្បាលដីបន្ថែម ចំនួន ៦,៣ លានក្បាលដី ដែលនាំឱ្យការវាស់វែងក្បាលដីសរុបកើនដល់ជិត ១៤ លានក្បាលដី។ ជាមួយគ្នានេះ, យើងបានចេញបណ្ណបន្ថែមចំនួន ២,៦ លានបណ្ណ (សរុបជិត ១០ លានបណ្ណ) និងបានចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុសរុបជិត ៩ លានបណ្ណ ស្មើនឹង ៨៦% នៃក្បាលដីដែលបានបិទផ្សាយរួច។ យើងគ្រោង នឹងបញ្ចប់ការងារនេះទាំងស្រុងនៅឆ្នាំ២០២៧ ខាងមុខ។

 

ក្នុងវិស័យដីធ្លី, រាជរដ្ឋាភិបាលបានកំណត់ទិសដៅជំរុញការចុះបញ្ជីដីធ្លីបង្ហើយឱ្យបានចប់សព្វគ្រប់ក្នុងឆ្នាំ២០២៦ និងបញ្ចប់ការចែកបណ្ណក្នុងឆ្នាំ២០២៧ ។ ជាមួយគ្នានេះ, រាជរដ្ឋាភិបាលបានដាក់ចេញ នូវអនុសាសន៍ឱ្យបន្តរៀបចំ ប្លង់គោលប្រើប្រាស់ដីធ្លីរយៈពេលវែង, ការអនុវត្ត «ទស្សនាទាននៃការរៀបចំ ភូមិគំរូ បុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល» ព្រមទាំងការបង្កើតរបៀងសេដ្ឋកិច្ច។ ពិសេសសម្រាប់ខេត្តកណ្តាល, សម្តេចធិបតី បានគាំទ្រ ចក្ខុវិស័យក្នុងការប្រែក្លាយខេត្តនេះឱ្យទៅជា «ខ្សែក្រវាត់គាំទ្រ សន្តិសុខ សុវត្ថិភាព ឧស្សាហកម្ម ភស្តុភារកម្ម ស្បៀង និងលំនៅឋាន»ដ៏រឹងមាំមួយរបស់រាជរដ្ឋាភិបាលព្រមទាំងបានអំពាវនាវឱ្យប្រជាពលរដ្ឋខិតខំប្រើប្រាស់ដីឱ្យអស់សក្តានុពល។

 

សម្តេចធិបតី បានបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហាកកស្ទះការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ, រាជរដ្ឋាភិបាលបានដាក់ចេញនូវដំណោះស្រាយចំនួន ៨ ចំណុច រួមមាន៖ (១) រៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យកណ្តាល (Central-based Management System) ដើម្បីតភ្ជាប់ទិន្នន័យអេកូឡូស៊ីជាមួយអគ្គនាយកដ្ឋានពន្ធដារ ឱ្យលំហូរ ឯកសារមានភាពប្រទាក់ក្រឡា និងរហ័ស, (២) ឱ្យរដ្ឋបាលសុរិយាដីពន្លឿនការចុះបញ្ជី ដោយជូនដំណឹង និង ទាក់ទងផ្ទាល់ទៅម្ចាស់អចលនទ្រព្យមកបំពេញនីតិវិធី, (៣) ឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ពិភាក្សាជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីសម្រួលឱ្យពលរដ្ឋ និងធនាគារអាចប្តូរយកបណ្ណកម្មសិទ្ធិថ្មីជំនួស ឯកសារជាប់បន្ទុកចាស់, (៤) អនុគ្រោះព្យួរការអនុវត្តការពិន័យពន្ធបន្ថែម ១០០% លើការយឺតយ៉ាវបង់ពន្ធ ប្រថាប់ត្រារហូតដល់ដំណាច់ឆ្នាំ២០២៧, (៥) អនុញ្ញាតឱ្យបង់ពន្ធប្រថាប់ត្រាតែលើកចុងក្រោយ ចំពោះដីទិញ- ដូរច្រើនដំណរ ដោយគិតចាប់ពីឆ្នាំ ២០១៧ រហូតដល់ចុងកក្កដា ២០២៦, (៦) អនុញ្ញាតឱ្យគិតពន្ធប្រថាប់ត្រា និង ពន្ធអចលនទ្រព្យលើសំណង់ ចាប់ពីឆ្នាំសាងសង់ជាក់ស្តែងដែលមានការបញ្ជាក់ពីអាជ្ញាធរ, (៧) ប្រគល់ភារកិច្ចជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការពិភាក្សាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធក្នុងការពិនិត្យលទ្ធភាពពន្យារពេល ការអនុវត្តកម្រៃសេវាតាមប្រកាសអន្តរក្រសួងលេខ១៨៦ សហវ.ប្រក.អទច ស្តីពីការផ្តល់សេវាសាធារណៈរបស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឬ ផ្តល់ការសម្រួលកម្រៃសេវាសុរិយាដីក្នុងកម្រិតទាបណាមួយ, និង (៨) លើកលែងពន្ធប្រថាប់ត្រា ក្នុងទំហំទឹកប្រាក់មិនលើស ២០លានរៀល សម្រាប់ការផ្ទេរកម្មសិទ្ធិកាន់កាប់ អចលនទ្រព្យជូនវីរកងទ័ព, វីរកងអាវុធហត្ថ និងវីរនគរបាលជាតិដែលបំពេញភារកិច្ចប្រយុទ្ធនៅសមរភូមិមុខ។

 

សម្តេចធិបតី បានសង្កត់ធ្ងន់ថា កម្មសិទ្ធិស្របច្បាប់លើដីធ្លី ជា «មូលដ្ឋាននៃជីវិត» ដែលមិនមែនត្រឹមតែជា ទ្រព្យសម្បត្តិប៉ុណ្ណោះទេ ប៉ុន្តែ ជាមូលដ្ឋាននៃជម្រក, មូលដ្ឋាននៃអាជីវកម្ម, មូលដ្ឋាននៃការវិនិយោគ និង ជាមរតក សម្រាប់កូនចៅជំនាន់ក្រោយ។ ការបញ្ចប់នូវភាពមិនច្បាស់លាស់ និងហានិភ័យនៃវិវាទដីធ្លី គឺជាការបើកទំព័រថ្មីនៃ ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការកើនឡើងនៃតម្លៃដីធ្លី, ការស្នើសុំឥណទានផ្លូវការ, ការប្រកបអាជីវកម្ម គ្រួសារ និងការទាក់ទាញវិនិយោគ។

 

ពាក់ព័ន្ធនឹងវិស័យការពារជាតិ, សម្តេចធិបតី បានឱ្យដឹងថា បានណែនាំឱ្យរៀបចំការដំឡើងស័ក្តិ និងធ្វើមេដៃ ពិសេសជូនដល់វីរយុទ្ធជន និង វីរនគរបាល ដែលបានបំពេញភារកិច្ចឈរជើងការពារព្រំដែន ជាពិសេសអ្នកដែល បានចូលរួមប្រយុទ្ធ ៥ថ្ងៃ និង ២១ថ្ងៃ នាពេលកន្លងទៅ ព្រមទាំងបានអរគុណប្រជាពលរដ្ឋទូទាំងប្រទេសដែលបាន រួមសាមគ្គីគ្នាគាំទ្រដល់វីរកងទ័ពយើង។ សម្តេចធិបតី បានគូសបញ្ជាក់ថា ការការពារជាតិទាមទារឱ្យជាតិយើងខ្លាំង តាមរយៈសេដ្ឋកិច្ច និងជីវភាពប្រជាជនរឹងមាំ។ ទន្ទឹមនឹងនេះ, ស្មារតីជាតិនិយម ដែលកើតចេញពីសង្គ្រាមនៅព្រំដែន នឹងធ្វើឱ្យកម្ពុជាកាន់តែរឹងមាំក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា ព្រោះនេះជាផលប្រយោជន៍ រួមរបស់ជាតិ។ លើសពីនេះ, រាល់បញ្ហាដែលបានកើតឡើង ជាកម្លាំងចិត្តជំរុញឱ្យរាជរដ្ឋាភិបាល ធ្វើការវះកាត់ និង ដាក់ចេញនូវវិធានការមុតស្រួចជាក់ស្តែង ដើម្បីឱ្យជាតិកាន់តែរឹងមាំពីមួយអាណត្តិទៅមួយអាណត្តិ។

...

 

មុននឹងបញ្ចប់, សម្តេចធិបតី បានគូសបញ្ជាក់ពីការបន្តពង្រឹងអភិបាលកិច្ចស្ថាប័ន និងការកែទម្រង់រដ្ឋបាល សាធារណៈ ដោយបានបញ្ជាក់សាជាថ្មីថា គោលនយោបាយកែទម្រង់ដែលរាជរដ្ឋាភិបាលបានដាក់ចេញឱ្យអនុវត្ត តាំងពីដើមអាណត្តិ គឺនៅដដែល ដោយគ្មានការលុបបំបាត់ក្រសួងស្ថាប័នណាមួយឡើយ។ ប៉ុន្តែ ក្រសួងស្ថាប័ននីមួយៗ ត្រូវធ្វើការវិភាគមុខងារ ដែលអាចនឹងមានការកាត់បន្ថយនាយកដ្ឋានមួយចំនួន សំដៅពង្រឹង និងសម្រួចឱ្យចំ គោលដៅ ស្របតាមការវិវឌ្ឍនៃសង្គម- សេដ្ឋកិច្ច និងបច្ចេកវិទ្យា ដើម្បីកាត់បន្ថយនីតិវិធីស្មុគស្មាញ ព្រមទាំងពន្លឿន ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ។ ការកែទម្រង់នេះគឺស្របទៅនឹងអភិក្រម “ការពង្រឹង ជាជាងពង្រីក” ដោយធ្វើយ៉ាងណាឱ្យក្រសួងស្ថាប័នកាន់តែរឹងមាំ និងកាន់តែមានប្រសិទ្ធភាព៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print