ឆមាសទី១ ឆ្នាំ២០២៦នេះ! កម្ពុជា ទទួលបានចំណូលជាង ១,៤ ពាន់លានដុល្លារ ពីភ្ញៀវទេសចរអន្តរជាតិ

ចែករំលែក៖

ខេត្តសៀមរាប៖ យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានបង្ហាញថា កម្ពុជា រកចំណូលបានជាង ១,៤ ពាន់លានដុល្លារ ពីភ្ញៀវទេសចរអន្តរជាតិនៅក្នុងឆមាសទី១ ឆ្នាំ ២០២៦ ថយចុះ ៣១,៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈអ្នកជំនាញក្នុងវិស័យទេសចរណ៍អះអាងថា វិស័យទេសចរណ៍នៅកម្ពុជាមិនទាន់មានភាពល្អប្រសើរនៅឡើយ។

 

ក្រសួងទេសចរណ៍ បានបញ្ជាក់ថា គិតចាប់ពីខែមករា ដល់ខែមិថុនា ២០២៦ កម្ពុជាស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ ១,៨ លាននាក់ ធ្លាក់ចុះ ៤៨% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះមានទេសចរចិនជាង ៤៥ ម៉ឺននាក់ ធ្លាក់ចុះ ២៣% វៀតណាម ចំនួនជាង ៤៤ ម៉ឺននាក់ធ្លាក់ចុះជាង ២៧% អាមេរិកចំនួនជាង ១០ ម៉ឺននាក់ ធ្លាក់ចុះជាង ១១% អង់គ្លេសចំនួនជាង ៦ ម៉ឺននាក់ ធ្លាក់ចុះជិត ១៥% បារាំងជាងចំនួន ៦ ម៉ឺននាក់ ធ្លាក់ចុះជាង ១៦%។

 

បើតាមប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA) លោក ធួន ស៊ីណាន បានមានប្រសាសន៍ថា កក្ដាជាច្រើនដែលបានធ្វើឱ្យភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជាថមថយចុះ ក្នុងនោះមានកត្តាខាងក្នុង និងខាងកត្តាក្រៅ ដោយសារតែភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល និងភាពតានតឹងភូមិសាស្រ្តនយោបាយ។

 

ប្រធានសមាគមរូបនេះ បានបន្ថែមថា ស្ថានភាពសេដ្ឋកិច្ចពិភពលោកនៅតែមិនទាន់មានស្ថិរភាព ដែលធ្វើឱ្យអ្នកដំណើរជាច្រើនកាត់បន្ថយការចំណាយលើការធ្វើដំណើរកម្សាន្ត និងផ្លាស់ប្ដូរទៅជ្រើសរើសគោលដៅដែលមានតម្លៃប្រកួតប្រជែងជាងមុន។

 

ម្យ៉ាងទៀត ការប្រកួតប្រជែងក្នុងតំបន់អាស៊ានកាន់តែខ្លាំង ប្រទេសជិតខាងដូចជា៖ ថៃ វៀតណាម និងម៉ាឡេស៊ី បានវិនិយោគយ៉ាងច្រើនលើការផ្សព្វផ្សាយទេសចរណ៍ ការបើកជើងហោះហើរថ្មី ការលើកលែងទិដ្ឋាការ និងការផ្ដល់កញ្ចប់ទេសចរណ៍ ដែលមានភាពទាក់ទាញខ្ពស់។

 

ទោះជាយ៉ាងណា សក្ដានុពលទេសចរណ៍កម្ពុជានៅតែមានភាពរឹងមាំ។ កម្ពុជាមានបេតិកភណ្ឌដ៏អស្ចារ្យ ឆ្នេរសមុទ្រ និងកោះដែលមានសម្រស់ធម្មជាតិ ព្រមទាំងទេសចរណ៍ធម្មជាតិ ទេសចរណ៍សហគមន៍ ទេសចរណ៍ម្ហូបអាហារ និងទេសចរណ៍សុខមាលភាព ដែលកំពុងមានការចាប់អារម្មណ៍កាន់តែច្រើនពីទីផ្សារអន្តរជាតិ។

 

ជាមួយគ្នានេះ ប្រធានសមាគមរូបនេះ បានយល់ឃើញថា៖ «ការថយចុះនេះ គួរត្រូវបានចាត់ទុកជាឱកាសមួយសម្រាប់យើងក្នុងការពិនិត្យ ឡើងវិញនូវយុទ្ធសាស្ត្រ បង្កើនគុណភាពសេវាកម្ម បង្កើតផលិតផលថ្មីៗ ពង្រីកទីផ្សារថ្មី និងពង្រឹងកិច្ច សហការរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន។ ប្រសិនបើយើងអាចធ្វើបានជាប្រព័ន្ធ និងមានការចូលរួម ពីគ្រប់ភាគី លោកជឿជាក់ថា វិស័យទេសចរណ៍កម្ពុជានឹងអាចស្តារកំណើនឡើងវិញបានយ៉ាងរឹងមាំ និងប្រកបដោយចីរភាព»។

 

យោងតាមធនាគារជាតិ បានគូសបញ្ជាក់ថា វិស័យទេសចរណ៍ត្រូវបានប៉ាន់ស្មានថា ថយល្បឿនកំណើនមកនៅត្រឹម ០,១% ដែលទាបជាងឆមាសទី១ ឆ្នាំមុន ៦,១%។

...

 

គួរជម្រាបជូនថា កម្ពុជា នៅក្នុងឆ្នាំ២០២៥ទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៥,៥៧ លាននាក់ ធ្លាក់ចុះ ១៦,៧% ធៀបនឹងឆ្នាំ ២០២៤ ខណៈចំណូលបានពីវិស័យទេសចរណ៍មានចំនួន ៣.៨៧៨ លានដុល្លារ កើនឡើង ៦,៦%៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print