លោក Eddie Howe បានចាកចេញពីក្លិប Newcastle United បន្ទាប់ពីបាត់បង់សិទ្ធិក្នុងការគ្រប់គ្រងការដោះដូរកីឡាករ ហើយត្រូវបានគេរំពឹងថា នឹងត្រូវជំនួសដោយគ្រូបង្វឹកជនជាតិអាល្លឺម៉ង់ Matthias Jaissle ដែលបច្ចុប្បន្នកំពុងដឹកនាំក្លិប Al-Ahli របស់អារ៉ាប៊ីសាអូឌីត។
ទោះបីការចាកចេញរបស់ Howe ក្រោយដឹកនាំ Newcastle ជិត 5 ឆ្នាំ ហាក់ដូចជាគួរឱ្យភ្ញាក់ផ្អើលក៏ដោយ ប៉ុន្តែអនាគតរបស់គាត់នៅក្លិបមិនសូវមានភាពច្បាស់លាស់អស់រយៈពេលមួយរួចមកហើយ។ មានព័ត៌មានថា គាត់បានប្រាប់ម្ចាស់ក្លិបដែលជាមូលនិធិវិនិយោគសាធារណៈអារ៉ាប៊ីសាអូឌីត (PIF) ថា ចង់ចាកចេញតាំងពីជាងពីរសប្តាហ៍មុន ហើយការបែកផ្លូវគ្នានេះធ្វើឡើងដោយភាពយោគយល់គ្នា។
ប្រភពព័ត៌មានបានបញ្ជាក់ថា គ្រូបង្វឹកវ័យ 48 ឆ្នាំ រូបនេះមានអារម្មណ៍នឿយហត់ខ្លាំង និងចង់សម្រាកពីបាល់ទាត់ បន្ទាប់ពីបានដឹកនាំ Newcastle ឱ្យមានការរីកចម្រើនយ៉ាងខ្លាំង ដោយឈ្នះពាន League Cup ឆ្នាំ 2025 និងនាំក្រុមឡើងលេង UEFA Champions League ពីរដង។
មូលហេតុដែលធ្វើឱ្យ Howe អស់ទឹកចិត្ត
ក្នុងប៉ុន្មានខែចុងក្រោយនេះ Howe កាន់តែខកចិត្ត ព្រោះអំណាចក្នុងការសម្រេចចិត្តលើការផ្ទេរកីឡាកររបស់គាត់ត្រូវបានកាត់បន្ថយយ៉ាងខ្លាំង។
នៅរដូវក្តៅនេះ ប្រធានផ្នែកកីឡា Ross Wilson បានយល់ព្រមលក់៖
Anthony Gordon ទៅ Barcelona
Sandro Tonali ទៅ Tottenham
ខណៈកាលពីឆ្នាំមុន ខ្សែប្រយុទ្ធសំខាន់ Alexander Isak ក៏បានផ្ទេរទៅ Liverpool ផងដែរ។
ទោះជាយ៉ាងណា ក្រោយបរាជ័យ 4-1 ក្រោមថ្វីជើង Bristol City ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាល កាលពីថ្ងៃពុធ Howe នៅតែប្រាប់អ្នកសារព័ត៌មានថា៖ «រាល់ថ្ងៃដែលខ្ញុំធ្វើជាអ្នកចាត់ការក្រុម Newcastle គឺជាថ្ងៃដ៏អស្ចារ្យសម្រាប់ខ្ញុំ។ ខ្ញុំស្រឡាញ់ក្លិបនេះ ហើយវានឹងមិនផ្លាស់ប្តូរឡើយ។ ទោះមានការផ្លាស់ប្តូរជាច្រើនក៏ដោយ ខ្ញុំនៅតែជឿថា ក្រុមអាចសម្រេចរឿងអស្ចារ្យបាននៅរៀងរាល់រដូវកាល»។
Matthias Jaissle ជាបេក្ខភាពជំនួស
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ការចរចារវាង Newcastle និង Matthias Jaissle បានឈានដល់ដំណាក់កាលចុងក្រោយ។
ដោយសារទាំង Newcastle United និង Al-Ahli សុទ្ធតែស្ថិតក្រោមការគ្រប់គ្រងរបស់ PIF ដូចគ្នា ការចាកចេញរបស់ Jaissle ពី Al-Ahli មិនត្រូវបានគេរំពឹងថានឹងមានបញ្ហាឡើយ។
គ្រូបង្វឹកវ័យ 38 ឆ្នាំ រូបនេះធ្លាប់ជាកីឡាករខ្សែការពាររបស់ Hoffenheim ហើយបានដឹកនាំ Al-Ahli តាំងពីឆ្នាំ 2023 ដោយមានស្ថិតិ៖
ឈ្នះ 90 ប្រកួត
ស្មើ 25 ប្រកួត
ចាញ់ 23 ប្រកួត។
គាត់ក៏បានឈ្នះ៖
Saudi Super Cup
AFC Champions League 2 លើក
Austrian Cup ជាមួយ RB Salzburg។
បញ្ហាផ្ទៃក្នុង និងគោលនយោបាយផ្ទេរកីឡាករ
បន្ទាប់ពី Newcastle បញ្ចប់រដូវកាលមុននៅចំណាត់ថ្នាក់លេខ 12 ក្នុង Premier League អ្នកគាំទ្រមួយចំនួនបានទាមទារឱ្យបណ្តេញ Howe ចេញ។
ទោះជាយ៉ាងណា បន្ទាប់ពីកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំនៅខែមេសា គាត់ត្រូវបានផ្តល់ឱកាសបន្តការងារ ហើយនៅខែមិថុនា គាត់ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តដឹកនាំក្រុម។
ប៉ុន្តែអំឡុងរដូវក្តៅនេះ ស្ថានការណ៍កាន់តែស្មុគស្មាញ ដោយមានពាក្យចចាមអារ៉ាមថា Bruno Guimarães កំពុងចង់ផ្ទេរទៅ Arsenal។
Howe បានសារភាពថា៖ «ខ្ញុំបានបាត់បង់ការគ្រប់គ្រងលើការផ្ទេរកីឡាករ ហើយខ្ញុំមិនដឹងថា Bruno Guimarães នឹងធ្វើដំណើរទៅហ្វឹកហាត់ជាមួយក្រុមឬអត់ទេ»។
ការខ្វែងគំនិតជាមួយថ្នាក់ដឹកនាំ
Howe មិនយល់ស្របនឹងគោលនយោបាយថ្មីរបស់ PIF ដែលផ្តោតលើការទិញកីឡាករវ័យក្មេង មានសក្តានុពល និងអាចលក់បន្តបានក្នុងតម្លៃប្រហែល 20 ទៅ 40 លានផោន។
រដូវក្តៅនេះ Newcastle បាននាំចូលកីឡាករវ័យក្រោម 20 ឆ្នាំចំនួន 4 រូប៖
Ewen Jaouen, Bazoumana ,Toure, Aladji Bamba និងSean Steur។
Howe បារម្ភថា គោលនយោបាយនេះមិនសមស្របនឹងគោលដៅធំដែលនាយកប្រតិបត្តិ David Hopkinson បានប្រកាសថា Newcastle ចង់ក្លាយជា “ក្លិបកំពូលមួយក្នុងពិភពលោកនៅឆ្នាំ 2030” នោះទេ៕










