នគរបាលចុះបង្ក្រាបការជួញដូរគ្រឿងញៀននៅរោងទុកចោល ឃាត់ខ្លួនបានម្នាក់ និងដកហូតថ្នាំញៀន ៧កញ្ចប់

ចែករំលែក៖

ខេត្តកណ្ដាល÷ជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគគីរធំឃាត់ខ្លួន រួមជាមួយថ្នាំញៀន ៧កញ្ចប់ នៅត្រង់ចំណុចរោងទុក ចោលមួយកន្លែង។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង ២២ និង០៥នាទីយប់ កាលពីថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០២៦ ស្ថិតនៅក្នុងភូមិគគីរធំ២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានឲ្យដឹងថា នៅក្នុងករណីនេះមានជនសង្ស័យពាក់ព័ន្ធចំនួន ៣នាក់ រួមមានទី១ ឈ្មោះ ពៅ ណារ៉ា ហៅកេ ភេទ ប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឃុំកើតហេតុខាងលើ និងធ្លាប់ជាប់ពន្ធនាគារ ១ដង ពីបទបើកបរធ្វេសប្រហែស ត្រូវបានឃាត់ខ្លួននៅកន្លែងកើតហេតុ ចំណែកទី២ ឈ្មោះញ៉ិល សុដារ៉ា ហៅក្រហម ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិរាំងដេក ឃុំគគីរធំ កំពុងគេចខ្លួន និងទី៣ ជាបុរសមិនស្គាល់នាមត្រកូលម្នាក់ ភេទប្រុស អាយុ៣៨ឆ្នាំបច្ចុប្បន្នកំពុងជាប់ក្នុងពន្ធនាគារព្រៃស។

លោកអធិការបានបន្តថា ចំពោះវត្ថុតាងដែលកម្លាំងជំនាញដកហូតបាន រួមមានម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនម៉ាទឹកកកចំនួន ៧កញ្ចប់ មានទម្ងន់ ២០,៦៧ក្រាម ទូរស័ព្ទ ១គ្រឿង ម៉ាកហួវៃពណ៌ស្លាបកាភេន ព្រមទាំងសម្ភារវេចខ្ចប់ និងឧបករណ៍ប្រើប្រាស់មួយចំនួនទៀត។

លោកអធិការបានឲ្យដឹងទៀតថា មុនពេលឈានដល់ការបង្ក្រាប គឺមានប្រជាពលរដ្ឋបានផ្តល់ព័ត៌មានប្រាប់សមត្ថកិច្ចថា នៅចំណុចរោងទុកចោលខាងលើមានការជួញដូរថ្នាំញៀន។ ក្រោយទទួលបានព័ត៌មាន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរធំបានចុះទៅដល់ទីតាំងកើតហេតុ ហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ពៅ ណារ៉ា រួមទាំងឆែកឆេររកឃើញវត្ថុតាងខាងលើតែម្តង។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ពៅ ណារ៉ា បានឆ្លើយសារភាពថា ថ្នាំញៀនចំនួន ៧កញ្ចប់ ដែលសមត្ថកិច្ចរកឃើញនោះ គឺពិតជារបស់ខ្លួនប្រាកដមែន ដោយខ្លួនបានទិញវាក្នុងតម្លៃ ៥០ម៉ឺនរៀល។

បច្ចុប្បន្ន ជនសង្ស័យដែលឃាត់ខ្លួនបាន រួមទាំងវត្ថុតាង ត្រូវបានកម្លាំងប៉ុស្តិ៍បញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីរៀបចំកសាងសំណុំ រឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print