ខេត្តតាកែវ÷ មន្ត្រីនគរបាលស្រុកបាទីបានឱ្យដឹងនៅថ្ងៃទី១ខែសីហានេះថា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០២៦ វេលាម៉ោង១២និង៣០នាទី មានករណីហិង្សាដោយចេតនា(ហិង្សាបង្ករបួសស្នាម) កើតឡើងនៅចំណុចភូមិត្រាំខ្នារ ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ គ្រី វុទ្ធី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិត ប្រាកដ មានស្រុកកំណើត និងទីលំនៅភូមិត្រាំខ្នារ ឃុំសុរភី ស្រុកបាទី ខេត្តតាកែវ(ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងជាមុខសញ្ញាលួច) ។
នគរបាលបានឲ្យដឹងថា ជនសង្ស័យបានធ្វើសកម្មភាពយកកាបូបដាក់សម្លៀកបំពាក់ស្ពាយចំហៀង(ធំ) ពណ៌ ខ្មៅ ចំនួន០១ក្នុងនោះមានសម្ភារៈប្រើប្រាស់និងសម្លៀក បំពាក់មួយចំនួនគប់បោះទៅលើជនរងគ្រោះឈ្មោះ ខូ ហយ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរគ្រូបង្រៀន មានទីលំនៅភូមិព្រៃគុក ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅពេលដែលជនរងគ្រោះកំពុងបើកម៉ូតូធ្វើដំណើរបណ្តាលឱ្យរងរបួសបែកក្បាលផ្នែកខាងក្រោយហូរឈាមដេរចំនួន០៤ថ្នេរ ។
ក្រោយពេលធ្វើសកម្មភាពជនសង្ស័យគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ទៅ ។ មូលហេតុមកជនសង្ស័យមានជម្លោះពាក្យសម្តីនិងខឹងសម្បារជាមួយម្តាយរបស់ខ្លួនទើបបង្កឱ្យមានករណីខាងលើនេះកើតឡើង ។
បន្ទាប់ពីបានទទួលពាក្យបណ្តឹងកម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកបាទី ចុះអន្តរាគមន៍ទៅដល់កន្លែងកើតហេតុជាក់ស្តែងធ្វើការសាកសួរប្រមូលព័ត៌មានផ្សេងៗជុំវិញកន្លែងកើតហេតុ និងបាននាំខ្លួនជនសង្ស័យមកសាកសួរជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពគប់បោះកាបូបលើជនរងគ្រោះឈ្មោះ ខូ ហយ ពិតប្រាកដមែន ។
ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សម្របសម្រួលនីតិវិធីពីលោកស្រី ម៉េង សុខឃីម ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តតាកែវ និងដឹកនាំបញ្ជាពីលោកវរសេនីយ៍ទោ មូល សារ៉ាត់ អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាទី នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង១២និង០០នាទីកម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានឃាត់ខ្លួនជនសង្ស័យឈ្មោះ គ្រី វុទ្ធី ភេទប្រុស អាយុ៣០ឆ្នាំ និងដកហូតវត្ថុតាងសកម្មភាពដើម្បីកសាងសំណុំរឿងបញ្ជូនតាមនីតិវីធី ៕
ដោយ៖ សុរិយា










