ភ្នំពេញ៖ «គ្រូតឿ» និងក្រុមការងារផលិតមាតិកា បានចូលខ្លួនបំភ្លឺលើការផលិតមាតាដែលនាំឱ្យមានការប្រតិកម្ម និងទទួលយកការអប់រំ និងតម្រង់ទិសពីអគ្គនាយកអគ្គនាយកព័ត៌មាន និងសោតទស្សន៍។
លោក ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន កាលពីថ្ងៃចន្ទ ទី៣ ខែសីហា ឆ្នាំ២០២៦ បានជួបជាមួយ «គ្រូតឿ» និងក្រុមការងារផលិតមាតិកា អប់រំ ណែនាំ និងកែតម្រូវពួកគេពាក់ព័ន្ធការប្រើប្រាស់បដិរូបកាកបាទក្រហមមិនត្រឹមត្រូវ ព្រមទាំងការផលិតមាតិកាដែលប៉ះពាល់ដល់សីលធម៌សង្គម និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ។
ជាលទ្ធផលនៃជំនួបនោះ ម្ចាស់ផេក និងក្រុមផលិតមាតិកាបានឯកភាពទទួលស្គាល់កំហុស និងព្រមព្រៀងអនុវត្តតាមវិធានការមួយចំនួនដែលបានណែនាំ។ វិធានការនោះរួមមាន៖
១៖ លុបមាតិកាខុសឆ្គង៖ ម្ចាស់ផេក «លីហួ កូនខ្មែរ» ឯកភាពលុបចោលទាំងស្រុងនូវរាល់មាតិកាដែលបានប្រើប្រាស់បដិរូបកាកបាទក្រហមខុស។
២៖ កែតម្រូវមាតិកា៖ ម្ចាស់ផេក «លីហួ កូនខ្មែរ» ត្រូវតែកែតម្រូវរាល់មាតិកាទាំងឡាយណាដែលបានប្រើប្រាស់បដិរូបកាកបាទក្រហមមិនត្រឹមត្រូវ។
៣៖ សវនកម្មមាតិកាចាស់ៗ (រយៈពេល ១០ថ្ងៃ)៖ ត្រូវពិនិត្យ និងកែសម្រួលឡើងវិញនូវរាល់មាតិកាដែលបានផ្សព្វផ្សាយកន្លងមក ដែលមានផលប៉ះពាល់ដល់សីលធម៌សង្គម និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ នៅគ្រប់បណ្តាញសង្គមទាំងអស់ ហើយត្រូវរាយការណ៍ជូនក្រសួងវិញក្នុងរយៈពេល ១០ថ្ងៃ។
៤៖ ផ្តល់ព័ត៌មាន និងបញ្ឈប់សកម្មភាពប៉ះពាល់៖ ក្រុមផលិតមាតិកា «គ្រូតឿ» ត្រូវផ្តល់ព័ត៌មានពាក់ព័ន្ធ និងបញ្ជីផេកដែលបានសហការផលិត/ផ្សព្វផ្សាយកន្លងមក ជូនអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ដើម្បីចាត់វិធានការអប់រំបន្ត។ ជាមួយគ្នានេះ ក្រុមការងារបានសន្យាបញ្ឈប់ជាបន្ទាន់នូវការផលិតមាតិកាទាំងឡាយណាដែលប៉ះពាល់ដល់វប្បធម៌ ប្រពៃណីជាតិ ទំនៀមទម្លាប់ កិត្តិយស សេចក្តីថ្លៃថ្នូរ និងតម្លៃស្ត្រីខ្មែរ។
៥៖ ស្នើសុំការអនុញ្ញាតជាមុន៖ រាល់ការផលិត និងផ្សព្វផ្សាយមាតិកាណាដែលពាក់ព័ន្ធនឹងក្រសួង ឬស្ថាប័នរដ្ឋ ត្រូវតែប្រឹក្សាយោបល់ និងទទួលបានការឯកភាពពីក្រសួង-ស្ថាប័នសាមីជាមុនសិន។
៦៖ ចូលរួមផ្សព្វផ្សាយសារអប់រំ៖ ក្រសួងបានសំណូមពរដល់អ្នកផលិតមាតិកា និងក្រុមសម្តែងទាំងអស់ បង្វែរមកចូលរួមផ្សព្វផ្សាយសារអប់រំសង្គម ដូចជា បញ្ហាគ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ និងការលើកកម្ពស់សីលធម៌សង្គម វិញ។
ក្នុងឱកាសនោះ លោក ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានរំលឹក និងអំពាវនាវដល់អ្នកផលិតមាតិកា (Content Creators) ទាំងអស់ លើកកម្ពស់ការទទួលខុសត្រូវ គោរពច្បាប់ វប្បធម៌ និងតម្លៃស្ត្រីខ្មែរ ក្នុងការបង្កើតស្នាដៃថ្មីៗសម្រាប់សង្គម៕
ដោយ៖តារា










