អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំយកចិត្តទុកដាក់ចំពោះគ្រួសារវីរកងទ័ពពលី គ្រួសារពលរដ្ឋទីទ័លក្រ និងជនភៀសសឹក

ចែករំលែក៖

ភ្នំពេញ ៖ ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបន្តជម្រាបជូនជនរួមជាតិជ្រាបអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំចំពោះគ្រួសារវីរកងទ័ពពលី គ្រួសារពលរដ្ឋទីទ័លក្រ និងជនភៀសសឹក៖

 

ទី១. លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញប្រគល់ផ្ទះថ្មី៣ខ្នងទៀតដែលជាអំណោយរបស់សម្តេចធិបតីនិងលោកជំទាវបណ្ឌិតផ្ទាល់ ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលីក្នុងខេត្តកណ្តាល។ លើសពីនេះ អំណោយជាច្រើនទៀត មានដូចជា ថវិកា ស្បៀងអាហារ សម្ភារៈប្រើប្រាស់ និងសម្ភារៈចាំបាច់ផ្សេងៗមួយចំនួនទៀត ក៏ត្រូវបានប្រគល់ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ពទាំងនោះដែរ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។

 

លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និងការសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារវីរយុទ្ធជនពលី ក្នុងអត្ថន័យចងចាំជានិច្ចនូវសា្មរតីស្នេហាជាតិដ៏ស្មោះស្ម័គ្រ និងវីរភាពដ៏អង់អាចក្លាហានរបស់ពួកគេដែលបានបូជាជីវិតដ៏មានកិត្តិយស ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី ការពារសន្តិភាព និងភាពសុខសាន្តរបស់ប្រជាជន។

 

ដើម្បីជាការតបស្នងចំពោះការលះបង់ដ៏ថ្លៃថ្លានេះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានដាក់ចេញគោលនយោបាយនិងយន្តការជាច្រើន ដើម្បីជួយសម្រួលដល់ក្រុមគ្រួសាររបស់យុទ្ធជនពលី ដូចជា៖ ការផ្តល់ជូនមុខរបរចិញ្ចឹមជីវិត ការស្រោចស្រង់សមាជិកគ្រួសារ ការផ្តល់អាហារូបករណ៍ដល់កូនៗឱ្យបានសិក្សារហូតដល់កម្រិតបរិញ្ញាបត្រ ការរៀបចំឥណទានឡើងវិញ ឬការដោះស្រាយបំណុល ថែមទាំងមានការគិតគូររហូតដល់ការបង្កើតជាមូលនិធិសម្រាប់ជួយទ្រទ្រង់ដល់ក្រុមគ្រួសារវីរយុទ្ធជនពលីថែមទៀតផង។

 

ទី២៖ ផ្ទះទេវតាមួយខ្នងទៀតដែលមានភ្ជាប់ប្រព័ន្ធភ្លើងសូឡា និងទឹកស្អាតរួចជាស្រេច ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោក ប៉ែវ រ៉ែន អាយុ៥៥ឆ្នាំ ជាអតីតយុទ្ធជនពិការជើង រស់នៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦។ សព្វថ្ងៃលោក ប៉ែវ រ៉ែន រស់នៅជាមួយភរិយានិងកូនប្រុសពៅអាយុ១៥ឆ្នាំ រួមទាំងចៅៗកំព្រា៤នាក់ ក្នុងជីវភាពខ្វះខាត។ នេះជាផ្ទះទេវតាទី៣៣៧ ហើយដែលសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់ជាអំណោយដល់ជនទីទ័លក្រ និងចាស់ជរាគ្មានទីពឹង។

 

អំណោយជាច្រើនទៀត រួមមានថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃក៏ត្រូវបានផ្តល់ជូនគ្រួសារនេះដែរ។ ចំណែកឯលោកយាយ លោកតាដែលបានចូលរួមនាឱកាសនោះ ព្រមទាំង សិស្សានុសិស្សនៅភូមិជាង១០០នាក់ ក៏ទទួលបានអំណោយពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នាឱកាសនោះដែរ។ នេះជាសកម្មភាពមនុស្សធម៌មួយទៀតដែលថ្នាក់ដឹកនាំកម្ពុជាតែងធ្វើជាប្រចាំចំពោះពលរដ្ឋទីទ័លក្រ បន្ថែមពីលើគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានជួយដល់ប្រជាពលរដ្ឋទូទៅរួចទៅហើយនោះ។ សកម្មភាពមនុស្សធម៌នេះបានក្លាយជាប្រពៃណីនៃការដឹកនាំរបស់រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា ដែលបន្តពីជំនាន់មួយទៅជំនាន់មួយឥតឈប់ឈរ។

 

ទី៣៖ គិតមកទល់ពេលនេះ មានពលរដ្ឋភៀសសឹកប្រមាណជា២ម៉ឺននាក់ទៀតនៅតែមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយ ដោយសារតែការរារាំងពីសំណាក់កងកម្លាំងថៃតាមរយៈការដាក់ទូរកុងតឺន័រ និងបន្លាលួសដើម្បីបិទផ្លូវ និងការបំផ្លិចបំផ្លាញផ្ទះសម្បែងដោយកងកម្លាំងថៃ។ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានគោលនយោបាយច្បាស់លាស់ចំពោះពលរដ្ឋភៀសសឹក។ ទាំងពលរដ្ឋដែលបានវិលត្រឡប់ទៅផ្ទះសម្បែងវិញរួចហើយ និងទាំងពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅវិញបាននៅឡើយ សុទ្ធសឹងតែទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលទាំងសន្តិសុខ សុវត្ថិភាព និងការស្តារជីវភាពរស់នៅឡើងវិញ។ ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលក៏បាននិងកំពុងបន្តធ្វើការងារការទូតយ៉ាងសកម្មដើម្បីទាមទារឱ្យពលរដ្ឋភៀសសឹកអាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ខ្លួនវិញស្របតាមច្បាប់អន្តរជាតិ និងក្រោមក្រសែភ្នែកយកចិត្តទុកដាក់យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ។

 

ទី៤៖ កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង និងតវ៉ាប្រឆាំងជំទាស់ដាច់ខាតចំពោះសកម្មភាពទាំងឡាយរបស់យោធាថៃដែលប៉ុនប៉ងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print