ព្រឹកនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីបើកកិច្ចប្រជុំរដ្ឋមន្ត្រីលើវិស័យមុខងារសាធារណៈអាស៊ានលើកទី២៣ និងអាស៊ានបូកបីលើកទី៨

ចែករំលែក៖

ខេត្តសៀមរាប៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីលើវិស័យមុខងារសាធារណៈអាស៊ានលើកទី២៣ និងអាស៊ានបូកបីលើកទី៨ ស្តីពីកិច្ចការមុខងារសាធារណៈ ក្រោមមូលបទ “នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង” ដែលនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៥ ខែ សីហា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខា សៀមរាប ខេត្តសៀមរាប។

 

កិច្ចសហប្រតិបត្តិការអាស៊ានស្តីពីកិច្ចការមុខងារសាធារណៈ ក្នុងចំណោមប្រទេសសមាជិកអាស៊ាន បានបង្កើតឡើងក្នុងឆ្នាំ១៩៨០ នៅក្នុងសន្និសីទអាស៊ានស្តីពីការកែទម្រង់ក្នុងវិស័យមុខងារសាធារណៈ (ASEAN Conference of Reforms in the Civil Service (ACRCS))។ សន្និសីទអាស៊ានស្តីពីកិច្ចការមុខងារសាធារណៈ (ASEAN Conference on Civil Service Matters (ACCSM)) បានបង្កើតឡើងនៅឆ្នាំ ១៩៨១។

 

ក្នុងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ ACCSM លើកទី១៨ នៅថ្ងៃទី៦-៧ ខែតុលា ឆ្នាំ២០១៥ នៅប្រទេសហ្វីលីពីន អង្គប្រជុំបានស្នើសុំប្តូរឈ្មោះពី “ASEAN Conference on Civil Service Matters (ACCSM)” ទៅជា “ASEAN Cooperation on Civil Service Matters (ACCSM)” និងសម្រេចប្តូរឈ្មោះជាផ្លូវការ ដោយប្រមុខមុខងារសាធារណៈអាស៊ាន ក្នុងកិច្ចប្រជុំចង្អៀតប្រមុខមុខងារសាធារណៈអាស៊ាន នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥។

 

ក្នុងឆ្នាំ២០២៥ ទីម័រឡេស្តេ ត្រូវបានប្រកាសទទួលស្គាល់ជាសមាជិកពេញសិទ្ធិអាស៊ានទី១១ ជាផ្លូវការ ដោយប្រមុខដឹកនាំអាស៊ាន នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ នៃទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

 

ក្រសួងមុខងារសាធារណៈ ក្នុងនាមជាប្រធាន ACCSM លើកទី២៣ បានផ្ញើលិខិតលេខ 6251/25 MCS. ARC ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ ទៅប្រមុខមុខងារសាធារណៈ នៃប្រទេសទីម័រឡេស្តេ ស្នើឱ្យទីម័រឡេស្តេចូលជាសមាជិកពេញសិទ្ធិ ACCSM និងប្រកាសស្វាគមន៍ជាផ្លូវការ នៅក្នុងកិច្ចប្រជុំប្រមុខមុខងារសាធារណៈអាស៊ានលើកទី២៣ និងអាស៊ានបូកបីលើកទី៨ នៅថ្ងៃទី០៣-០៥ ខែសីហា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ប្រទេសកម្ពុជា។

 

គោលបំណងនៃការបង្កើតកិច្ចសហប្រតិបត្តិការអាស៊ានស្តីពីកិច្ចការមុខងារសាធារណៈ (ACCSM) គឺដើម្បីជំរុញឱ្យកម្រិតនៃកិច្ចសហប្រតិបត្តិការក្នុងចំណោមមុខងារសាធារណៈអាស៊ានកាន់តែរីកធំឡើង។ ប្រទេសជាសមាជិកនៃ ACCSM បានពង្រីករហូតដល់១០ប្រទេស នៅឆ្នាំ១៩៩៩ និងពង្រីកដល់១១ប្រទេស រួមទាំងទីម័រឡេស្តេផងដែរនៅឆ្នាំ២០២៦ នៅក្នុងកិច្ចប្រជុំប្រមុខមុខងារសាធារណៈអាស៊ានលើកទី២៣ និង អាស៊ានបូកបីលើកទី៨ នៅថ្ងៃទី០៣-០៥ ខែសីហា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ប្រទេសកម្ពុជា៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print