ក្រោយមានការវាយប្រហារភេរវកម្មទៅលើជុំរុំយោធាឥណ្ឌាសម្លាប់ទាហានឥណ្ឌា ១៧នាក់ និងការប៉ះទង្គិចគ្នាជាច្រើនកើតឡើងនៅតាំព្រំដែនប្រទេសទាំងពីរ ឥណ្ឌានិងប៉ាគីស្ថាន បានធ្វើឲ្យការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងឡើង។
អី្វដែលធ្វើឲ្យប្រទេសទាំងពីរកាន់តែប្រឈមមុខដាក់គ្នានោះគឺការចោទប្រកាន់របស់នាយករដ្ឋមន្ត្រីឥណ្ឌាលោកណារ៉ានត្រាម៉ូឌី ទៅលើប៉ាគីស្ថាន ថា ជាប្រទេសដែលនាំភេរវកម្មចេញទៅគ្រប់ទិសទីទាំងអស់។ នេះជាប្រតិកម្មជាសាធារណៈលើកទី១ ធ្វើឡើងដោយនាយករដ្ឋមន្ត្រីឥណ្ឌា គិតតាំងពីមានការវាយប្រហារទៅលើបន្ទាយកងទ័ពមួយកន្លែងនៅតំបន់កាស្មៀរ ធ្វើឲ្យស្លាប់ទាហានឥណ្ឌា១៨នាក់។
«យើងបានទទួលឯករាជ្យ ក្នុងឆ្នាំតែមួយដូចគ្នា ប៉ុន្តែបច្ចុប្បន្នឥណ្ឌានាំចេញកម្មវិធីទាក់ទងកុំព្យូទ័រ ប៉ាគីស្ថាននាំចេញក្រុមភេរវជន» នេះជាពាក្យចោទប្រកាន់របស់នាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី ទៅលើប៉ាគីស្ថាន។
កាលពីថ្ងៃសៅរ៍កន្លងមក លោកម៉ូឌី បានបញ្ចេញប្រតិកម្មលើកដំបូង ជាសាធារណៈ នៅរដ្ឋកេរ៉ាឡា ភាគខាងត្បូងប្រទេស ក្រោយកងទ័ពឥណ្ឌា១៨នាក់ បានស្លាប់នៅបន្ទាយទ័ពក្នុងតំបន់កាស្មៀរឥណ្ឌា កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។ កងទ័ពឥណ្ឌាបានចោទក្រុមជីហាតមួយក្រុមដែលមានមូលដ្ឋានក្នុងទឹកដីប៉ាគីស្ថាន ថា បានបង្កការវាយប្រហារនេះ ។ ក្រុមជីហាតដដែលនេះក៏រងការចោទប្រកាន់ពីឥណ្ឌាដែរថា បានវាយប្រហារមូលដ្ឋានទ័ពអាកាសឥណ្ឌានៅតំបន់ពេនចាប ភាគខាងជើង សម្លាប់មនុស្ស៧នាក់ កាលពីខែមករាដើមឆ្នាំ។
ការចោទប្រកាន់ខាងលើរបស់នាយករដ្ឋមន្ត្រីឥណ្ឌាជារឿងសមហេតុផល ដោយការវាយវប្រហារភេរវកម្មទៅលើប្រទេសឥណ្ឌានាពេលកន្លងមកតាំងពីការវាយប្រហារនៅទីក្រុងម៉ុមបៃ ក៏ភេរវករមកពីប៉ាគីស្ថានដូចគ្នា៕
ប្រែសម្រួល៖ ម៉ែវ សាធី