ភ្នំពេញ៖ ក្មេងប្រុសម្នាក់អាយុ១០ឆ្នាំរៀនសាលាបឋមសិក្សា សម្ដេច ហ៊ុនសែន ព្រៃវែង បានស្លាប់ ចំណែកឯក្មេងប្រុសជាសិស្សម្នាក់ទៀតត្រូវជាបងរងរបួសស្រាលក្រោយពេលពួកគេជិះម៉ូតូឌុបគ្នាទៅរៀនក៏ទាក់ដៃចង្កូតនិងម៉ូតូដឹកបន្លែបណ្តាលឲ្យដួលខ្ទាតជនរងគ្រោះចូលផ្លូវម្ខាងទៀតស្របពេលរថយន្តមកលឿនកិនពីលើចំក្បាល។
ហរតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរកើតឡើងកាលពីវេលាម៉ោង៦:៣០នាទីព្រឹកថ្ងៃទី០៧ខែសីហា ឆ្នាំ២០២៦ស្ថិតនៅតាមបណ្តោយផ្លូវបេតុងព្រៃស ក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោរ រាជធានីភ្នំពេញ។
សពមានឈ្មោះ សុភ័ក្រ សុខវិដាល ភេទប្រុសអាយុ១០ឆ្នាំ រៀនថ្នាក់ទី២ នៅសាលាបឋមសិក្សា សម្ដេច ហ៊ុនសែន ព្រៃវែង បច្ចុប្បន្នស្នាក់នៅសង្កាត់ ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញសិស្សសាលារងគ្រោះ២នាក់បងប្អូនជិះម៉ូតូមួយគ្រឿងម៉ាក HONG DA គុប ពណ៌ខៀវពាក់ផ្លាកលេខ ភ្នំពេញ 1J-5459 ជិះឌុបគ្នាតាមបណ្តោយផ្លូវបេតុងព្រៃស ទិសដៅពីកើតទៅលិច គោលបំណងទៅសាលារៀន ខណៈពេលជិះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែទាក់ដៃចង្កូតគ្នានិងម៉ូតូមួយគ្រឿងទៀតមិនស្គាល់ម៉ាកធ្វើដំណើរស្របទិសគ្នាបណ្តាលអោយដួល ខ្ទាតជនរងគ្រោះទៅផ្លូវម្ខាងទៀតស្របពេលមានរថយន្តមួយគ្រឿងម៉ាក់ toyota prius ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2BR-2434 បើកបរដោយបុរសម្នាក់ធ្វើដំណើរទិសដៅបញ្ច្រាសគ្នាពីលិចទៅកើតក្នុងល្បឿនលឿនជាន់ហ្វ្រាំងមិនទាន់ក៏កិនចំក្បាលជនរងគ្រោះបណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗចំណែកឯជនរងគ្រោះម្នាក់ទៀតរងរបួសស្រាល។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់រួចឃាត់អ្នកបើកបរថយន្តយកទៅប៉ុស្តិ៍នគរបាលសង្កាត់ព្រៃវែងសួរនាំបន្ត រួចទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងចុះមកវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្ដោះអាសន្នរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ ។ ចំណែកសពក្មេងប្រុសរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យទាំងប្រពៃណី៕
ដោយ ៖ ភារ៉ា ដង្កោ










