ខេត្តបាត់ដំបង ៖ បុរសម្នាក់ដែលមានមុខរបររត់ម៉ូតូកង់៣ម្នាក់ បានដួលស្លាប់ភ្លាមៗក្បែរបន្ទប់ទឹកក្នុងស្ថានីយ៍ប្រេងមួយកន្លែង កាលពីវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី ០៧ សីហា នៅចំណុចភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដែលទំនងជាដាច់សរសៃឈាម។ នេះបើតាមការវាយតម្លៃបឋមរបស់មន្ត្រីជំនាញ ។
របាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សុខ សល់ ភេទប្រុស អាយុ៤៥ឆ្នាំ នៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ។ គាត់មានមុខរបរជាអ្នករត់ម៉ូតូកង់៣ ហើយត្រូវគេប្រទះឃើញគាត់ដេកស្លាប់លើច្រកចង្អៀតមួយនៅក្បែរបន្ទប់ទឹក ក្នុងស្ថានីយប្រេងTOTAL ។
មនុស្សជាច្រើនមានការភ្ញាក់ផ្អើល ហើយសមត្ថកិច្ចក៏បានចុះទៅកាន់ទីនោះដែរ ដើម្បីពិនិត្យស្ថានភាពកើត ហេតុ និងសាកសពជនរងគ្រោះ ។ គ្រូពេទ្យ និងមន្ត្រីបច្ចេកទេស ដែលបានធ្វើការត្រូតពិនិត្យទីតាំង និងធ្វើកោសល្យវិច័យ ហាក់រកមិនឃើញស្លាកស្នាមអ្វី ដែលគួរឲ្យសង្ស័យថា ជាបទល្មើសទេ។
ផ្ទុយទៅវិញ បើផ្នែកលើសាវតាជនរងគ្រោះ និងស្ថានភាពជាក់ស្ដែងនៅចំណុចកើតហេតុ គេសង្ស័យជនរងគ្រោះ «ដួលហើយដាច់សរសៃឈាម» ទើបជួបគ្រោះថ្នាក់ដល់ជីវិតបែបនេះ ។ យ៉ាងណា ក្រោយបញ្ចប់ការត្រូតពិនិត្យ សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះទៅឱ្យក្រុមគ្រួរសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីហើយ ៕
ដោយ៖ សុរិយា










