ក្រុមក្មេងទំនើង ៤ម៉ូតូ ប្រដាប់ដោយកាំបិត កាប់ម៉ូតូជនរងគ្រោះ ដោះយកស្លាកលេខ និងកុងទ័រ រួចគេចខ្លួនបាត់

ចែករំលែក៖

ខេត្តកណ្ដាល៖ ក្រុមក្មេងស្ទាវ និងក្មេងទំនើងមួយក្រុម មានគ្នាប្រមាណ ៤ម៉ូតូ ត្រូវបានរាយការណ៍ថា បានប្រដាប់ដោយកាំបិតធ្វើសកម្មភាពកាប់លើម៉ូតូរបស់ជនរងគ្រោះចំនួន ២នាក់ រួចដោះយក ស្លាកលេខ និងកុងទ័រម៉ូតូ មុនពេលបើកម៉ូតូរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះ ត្រូវបានរាយការណ៍ថា បានកើតឡើងវេលាយប់ឆ្លងចូលថ្ងៃទី ៩ ខែសីហា ឆ្នាំ២០២៦ ក្នុងមូលដ្ឋាន សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

បើតាមប្រភពព័ត៌មានបឋមពីប្រជាពលរដ្ឋ ករណីនេះបានបង្កការព្រួយបារម្ភដល់សុវត្ថិភាពរបស់ប្រជាពលរដ្ឋ ជាពិសេសបញ្ហាក្រុមក្មេងទំនើងដែលធ្វើសកម្មភាពជាក្រុម និងមានការប្រើប្រាស់អាវុធប្រភេទកាំបិត។

ប្រជាពលរដ្ឋស្នើសុំឱ្យសមត្ថកិច្ចពាក់ព័ន្ធចុះស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីកំណត់អត្តសញ្ញាណ និងនាំខ្លួនជនសង្ស័យមកទទួលខុសត្រូវចំពោះមុខច្បាប់។

ជាមួយគ្នានេះ មហាជនអំពាវនាវដល់ លោក ឃឹម សំភារ ចៅហ្វាយក្រុងតាខ្មៅ និងសមត្ថកិច្ចពាក់ព័ន្ធបន្តពង្រឹងវិធានការការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈក្នុងក្រុងតាខ្មៅ ឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីធានាឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរ និងរស់នៅដោយភាពកក់ក្តៅ។

...

សូមបញ្ជាក់ថា៖ ព័ត៌មានខាងលើជាព័ត៌មានបឋមដែលទទួលបានពីប្រជាពលរដ្ឋ ហើយការពិតយ៉ាងណា និងអត្តសញ្ញាណជនពាក់ព័ន្ធ នឹងរង់ចាំការបញ្ជាក់ពីសមត្ថកិច្ចជំនាញ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print