ខេត្តស្វាយរៀង៖ ថ្នាក់ដឹកនាំខេត្តស្វាយរៀង និងតំណាងក្រសួងអប់ យុវជន និងកីឡា នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជេីញជាអធិបតីក្នុងពិធីបេីកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦នេះ នៅមណ្ឌលវិទ្យាល័យស្វាយរៀងខាងត្បូង ស្ថិតក្រោមអធិបតីភាពលោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងលោក បួយ ប៊ុនណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ចំណែកមណ្ឌលសាលាបឋមសិក្សាព្រះសីហនុ ក្រុងស្វាយរៀង ស្ថិតក្រោមអធិបតីភាពលោក ប៊ុន សាវ៉ាន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងលោក ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត។
ពិធីនេះក៏មានការអញ្ជេីញចូលរួមពីលោកអភិបាលរងខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុងស្វាយរៀង គណៈមេប្រយោគ អប្បមាទ ជំនួយការអប្បមាទ ប្រធាន អនុប្រធាន មណ្ឌល អ្នកត្រួតពិនិត្យ តាមអាគារ ប្រធាន អនុប្រធានមន្ទីរក្នុងខេត្ត អង្គភាពប្រឆាំងអំពើពុករលួយ អ្នកសង្កេតការណ៍ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។
មានប្រសាសន៍ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានលើកទឹកចិត្តដល់បេក្ខជនទាំងអស់ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ធ្វើឱ្យបានរួចរាល់លើគ្រប់វិញ្ញាសាដែលបានដាក់ក្នុងការប្រឡង គោរពឱ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង ដោយមិនត្រូវលួចចម្លងគ្នា មើលគ្នា ពិភាក្សាគ្នា មិនត្រូវគូសសញ្ញាសម្គាល់លើក្រដាស វិញ្ញាសារ និងលួចលាក់ប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចនោះឡើយ ហើយឯកឧត្ដមក៏បានជូនពរឱ្យបេក្ខជនទទួលបានជោគជ័យក្នុងការប្រឡង ក្នុងនោះរដ្ឋបាលខេត្តនឹងនៅតែបន្តផ្តល់រង្វាន់លើកទឹកចិត្តសម្រាប់ក្មួយៗណាដែលបានជាប់និទ្ទេសល្អ(A)។
សូមបញ្ជាក់ថា ខេត្តស្វាយរៀងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី១០ សីហា ២០២៦នេះ មានបេក្ខជនដាក់ពាក្យសុំចុះឈ្មោះប្រឡងសរុបចំនួន ៥២៤០ នាក់ស្រី ២៩៦៦ នាក់ស្មើនឹង ២១១ បន្ទប់ ។ រីឯមណ្ឌលប្រឡងមានចំនួន៨ មណ្ឌល ចែកជាថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម ។
ថ្នាក់វិទ្យាសាស្ត្រមាន ចំនួន១មណ្ឌល ស្មើនឹង ៣៩បន្ទប់គឺមណ្ឌលវិទ្យាល័យ ហ៊ុនសែន ស្វាយជ្រំ ចំនួន ៣៩បន្ទប់ បេក្ខជន ៩៦៤ នាក់ស្រី ៦២២នាក់ ។
- ថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន៧មណ្ឌល ស្មើនឹង ១៧២បន្ទប់ បេក្ខជនសរុប ៤២៧៦ នាក់ស្រី ២៣៤៤នាក់ ។
១.មណ្ឌលសាលាបឋមសិក្សា ព្រះសីហនុមានចំនួន ៣០បន្ទប់ បេក្ខជន ៧៥០ នាក់
២.មណ្ឌល វិទ្យាល័យ ស្វាយរៀង (ត្បូង)មានចំនួន ២៦បន្ទប់ បេក្ខជន ៦៥០ នាក់
៣.មណ្ឌល៖ វិទ្យាល័យ ស្វាយរៀង (ជើង) ចំនួន ៣០បន្ទប់ បេក្ខជន ៧៥០ នាក់
៤.មណ្ឌល សាលាគរុកោសល្យខេត្តចំនួន ២១បន្ទប់ បេក្ខជន ៥២៥ នាក់
.មណ្ឌល៖ វិទ្យាល័យ ហ៊ុនសែន ចេក ចំនួន ៣០បន្ទប់ បេក្ខជន ៧៥០ នាក់
៦.មណ្ឌល៖ សាលាបឋមសិក្សា កន្ទុយវៃ ចំនួន ២១បន្ទប់ បេក្ខជន ៥២៥ នាក់
៧.មណ្ឌល សាលាបឋមសិក្សា ២ធ្នូ ចំនួន ១៤បន្ទប់ បេក្ខជន ៣២៦ នាក់
ចំពោះការរៀបចំនូវអគារ បន្ទប់ តុ កៅអី ក្តារខៀន ទ្វារ បង្អួច ដំបូល អំពូលភ្លើង ឧបករណ៍បំពងសម្លេង បន្ទប់ទឹក ទ្វាររបង ក្លោងទ្វារ និងបរិស្ថានក្នុង និងក្រៅមណ្ឌល ប្រឡងបានល្អ ដើម្បីឱ្យដំណើរការប្រឡងប្រកបដោយរលូនភាពរលូនផងដែរ៕
ដោយ៖ សុថាន










