ភ្នំពេញ៖ ក្រសួងអប់រំ យុវជននិងកីឡា បានឱ្យដឹងថា បេក្ខជនទាំងអស់បានចូលក្នុងបន្ទប់ប្រឡងរៀងៗខ្លួន នៅតាមមណ្ឌលប្រឡងនៅគ្រប់រាជធានី ខេត្ត ដោយមានការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់ពីសំណាក់គណៈកម្មការអនុរក្ស និងក្រោមការពិនិត្យដោយអង្គភាពប្រឆាំងអំពើពុករលួយ នៅរសៀលថ្ងៃទី១ នៃដំណើរការសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ១០ សីហា ២០២៦។
ក្រសួងអប់រំ យុវជន និងកីឡាសូមអំពាវនាវដល់បេក្ខជនទាំងអស់ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថាបានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។
ចំពោះដំណើរការសំណេរនារសៀលនេះ មាន២មុខវិជ្ជា គឺគីមីវិទ្យា និងភាសាបរទេស សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និង ភូមិវិទ្យា និងភាសាបរទេស សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម៕
ដោយ៖តារា










