ម្ចាស់ក្លិប Nottingham Forest លោក Evangelos Marinakis បានប្តឹងក្លិប Crystal Palace ទៅកាន់តុលាការជាន់ខ្ពស់នៅទីក្រុងឡុងដ៍ កាលពីថ្ងៃចន្ទ ពាក់ព័ន្ធនឹងបទបរិហារកេរ្តិ៍។ តាមការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ បណ្តឹងនេះទាក់ទងនឹងបដាមួយដែលអ្នកគាំទ្រ Crystal Palace បានបង្ហាញនៅក្នុងការប្រកួតកាលពីរដូវកាលមុន។
លោក Marinakis ដែលជាមហាសេដ្ឋីក្នុងវិស័យដឹកជញ្ជូនតាមសមុទ្ររបស់ក្រិក បានដាក់បណ្តឹងនៅតុលាការជាន់ខ្ពស់ប្រឆាំងនឹង CPFC Limited និង “បុគ្គលមិនស្គាល់អត្តសញ្ញាណ”។
សារព័ត៌មាន The Lawyer បានរាយការណ៍ថា ករណីនេះទាក់ទងនឹងបដាដ៏ចម្រូងចម្រាសមួយដែលអ្នកគាំទ្រ Crystal Palace បានកាន់បង្ហាញ ក្នុងការប្រកួតដែល Palace ធ្វើជាម្ចាស់ផ្ទះទទួល Nottingham Forest កាលពីខែសីហា ឆ្នាំមុន។
លោក Marinakis បានក្លាយជាគោលដៅនៃការរិះគន់ពីអ្នកគាំទ្រ Crystal Palace បន្ទាប់ពីក្លិបនៅទីក្រុងឡុងដ៍មួយនេះ ត្រូវបានបន្ថយពីការចូលរួមក្នុង Europa League ទៅ Conference League ដោយសាររំលោភបទប្បញ្ញត្តិរបស់ UEFA ស្តីពីកម្មសិទ្ធិពហុក្លិប។
ដោយសារតែការផ្លាស់ប្តូរនេះ Nottingham Forest បានទទួលកៅអីចូលរួមក្នុងការប្រកួតលំដាប់ទីពីររបស់អឺរ៉ុបជំនួស Crystal Palace។
បដាដែលអ្នកគាំទ្រ Palace បានបង្ហាញ មានរូបលោក Marinakis កំពុងកាន់អ្វីមួយដែលមើលទៅដូចជា កាំភ្លើងសំដៅទៅក្បាលខ្សែបម្រើ Morgan Gibbs-White ហើយមានពាក្យក្នុងប្រអប់សន្ទនាថា៖
“Mr Marinakis is not involved in blackmail, match-fixing, drug trafficking or corruption.”
មានន័យថា៖
“លោក Marinakis មិនពាក់ព័ន្ធនឹងការគំរាមកំហែងដើម្បីទាមទារផលប្រយោជន៍ ការកែតម្រូវលទ្ធផលប្រកួត ការជួញដូរគ្រឿងញៀន ឬអំពើពុករលួយឡើយ”។
លោក Marinakis ដែលបានទិញ Nottingham Forest នៅឆ្នាំ 2017 ហើយក៏ជាម្ចាស់ក្លិបក្រិក Olympiacos ផងដែរ បានបដិសេធជាច្រើនលើកចំពោះការចោទប្រកាន់ដែលពាក់ព័ន្ធនឹង ការកែតម្រូវលទ្ធផលប្រកួត អំពើពុករលួយ និងសកម្មភាពខុសច្បាប់ផ្សេងៗ។
មេធាវីរបស់លោក Marinakis និងក្លិប Crystal Palace មិនទាន់បានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយអំពីបណ្តឹងដែលបានដាក់នៅថ្ងៃចន្ទនោះទេ៕










