ទំហំ​ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន មានទឹកប្រាក់កើនឡើងដល់ជាង ១៣,៦ ពាន់លានដុល្លារ​ ក្នុងរយៈពេល​ ៧ខែឆ្នាំ២០២៦នេះ!

ចែករំលែក៖

ភ្នំពេញ​៖​ នៅក្នុងរយៈពេល ៧ ខែ ឆ្នាំ២០២៦នេះ​ ទំហំ​ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន មានទំហំទឹកប្រាក់ជាង ១៣,៦ ពាន់លានដុល្លារអាមេរិក កើន ឡើងជិត ២៤ ភាគរយ ធៀបរយៈពេលដូចគ្នានិងឆ្នាំមុន ដោយក្នុងនោះការនាំចេញរបស់កម្ពុជាបាននិងកំពុងបន្តនិន្នាការកើនឡើង ដែលគាំទ្រដោយការរនាំចេញផលិតផលជាចម្បង។

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦នេះ​ ជុំវិញការដោះដូរពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន បើយោងតាមរបាយការណ៍អគ្គនាយក ដ្ឋានគយ និងរដ្ឋាករកម្ពុជា ការធ្វើពាណិជ្ជកម្មនៃប្រទេសទាំងពីរ មានទំហំទឹកប្រាក់សរុបប្រមាណជាង ១៣,៦ ពាន់លានដុល្លារ អាមេរិក កើនឡើងជិត ២៤ ភាគរយ ធៀបរយៈពេលដូចគ្នានិងឆ្នាំមុន ក្នុងនោះការនាំចូលពីចិនមកកម្ពុជា មានទឹកប្រាក់ជាង ១២,៥ ពាន់លានដុល្លារអាមេរិក កើនជិត ២៤ ភាគរយ ខណៈការនាំចេញេពីកម្ពុជាទៅទីផ្សារចិន មានទឹកប្រាក់ជាង ១,១ ពាន់លានដុល្លារ អាមេរិក កើនជាង ២៤ ភាគរយ ធៀបរយៈពេលដូចគ្នានិងឆ្នាំមុន (ដែលមានទឹកប្រាក់ប្រមាណ៨៨៨ លានដុល្លារអាមេរិកប៉ុណ្ណោះ)។

ដោយឡែក​ទាក់ទិនការនាំចេញ, ក្នុងនោះសម្រាប់ការនាំចេញទំនិញ និងផលិតផលរបស់កម្ពុជាចូលទីផ្សាររចិន ចាប់ពីដើមឆ្នាំ២០២៦ មកដល់ពេលនេះឃើញថា បាននិងកំពុងបន្តនិន្នាការកើនឡើង ស្របតាមការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ជា ពិសេសការជំរុញនាំចេញកសិផលរបស់កម្ពុជា តាមពិធីសារយល់ព្រមនៃប្រទេសទាំងពីរ ដោយកំពុងគាំទ្រដល់ការនាំចេញផលិតផល របស់កម្ពុជាមានជាចម្បងដូចជា៖ ការនាំចេញអង្ករ, ផ្លែចេកស្រស់, ដំឡូងមី, កៅស៊ូ ផ្លែមៀនស្រស់ជាដើម។ ចំណែកការនាំចូលពី ប្រទេសចិនមកកម្ពុជាវិញមានដូចជា៖ វាយនភណ្ឌ, ការនាំចូលដែក, រថយន្តគ្រប់ប្រភេទ និងគ្រឿងបន្លាស់ជាដើម។

គួរបញ្ជាក់ថា ការដោះដូរពាណិជ្ជកម្មលើទីផ្សារអន្តរជាតិរបស់កម្ពុជា នៅក្នុងរយៈពេល ៧ ខែ ឆ្នាំ២០២៦នេះ​ មានទំហំទឹកប្រាក់ ប្រមាណជាង ៤៤ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ២១ ភាគរយ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់ជាង ២០,៨ ពាន់លានដុល្លារអាមេរិក កើនជាង ២១ ភាគរយ និងការនាំចូលពីបរទេស មានទឹកប្រាក់ជាង ២៣ ពាន់លានដុល្លារអាមេរិក កើនជិត ២២ ភាគរយ បើធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៥៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print