ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តម៉ាកtoyota prius មួយគ្រឿងឆ្លងភ្លើងស្តុបផ្លូវបំបែកជាបួនមិនប្រយ័ត្នបានជ្រុលទៅបុករថយន្តមួយគ្រឿងទៀតម៉ាក BYD ដែលបើកឆ្លងភ្លើងស្តុបដូចគ្នាចំពាក់កណ្តាលចំហៀងខាងឆ្វេងរងការខូចខាតយ៉ាងដំណំដូចគ្នា។
ហរតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១:៣០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅ
ចំណុចភ្លើងស្តុបណតប្រ៊ីត ស្ថិតនៅលើផ្លូវទ្រុងមាន់ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាក BYD ពណ៌ទឹកប្រាក់១គ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2CK-8056 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវទ្រុងមាន់ក្នុងទិសដៅពីត្បូងទៅជើងឆ្លងភ្លើងស្តុបផ្លូវបំបែកជាបួន ខណៈពេលកំពុងតែបើកឆ្លងដល់ពាក់កណ្ដាលផ្លូវស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាកtoyota prius ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខ ភ្នំពេញ 2CH-6511 បើកបរដោយបុរសម្នាក់ធ្វើដំណើរចេញពីផ្លូវលេខ២០០៤ក្នុងទិសដៅពីលិចទៅកើតឆ្លងភ្លើងស្តុបផ្លូវបំបែកជាបួនដូចគ្នាក្នុងល្បឿនលឿនធ្វើឱ្យជ្រុលទៅបុកចំពាក់កណ្ដាលចំហៀងខាងឆ្វេងនៃរថយន្តម៉ាក BYD យ៉ាងពេញទំហឹងបណ្តាលឲ្យរងការខូចខាតទាំងសងខាង តែសំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។
បន្ទាប់ពីកើតហេតុ ដោយភាគីទាំងសងខាងសម្រួលគ្នាមិនត្រូវ ទេីបសមត្ថកិច្ចមូលដ្ឋានចុះមកដល់ពិនិត្យរួចទាក់ទងទៅមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្ដោះអាសន្នរង់ចាំភាគីទាំងសងខាងមកដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ ៖ ភារ៉ា ដង្កោ










