លោក សរ សុពុត្រា៖ ក្រៅពីសមិទ្ធផលដែលបានសម្ពោធនៅថ្ងៃនេះ នាពេលដ៏ខ្លីខាងមុខនេះ ខេត្តស្ទឹងត្រែងគ្រោងនឹងរៀបចំផ្លូវថ្មើរជើងថ្មីសម្រាប់ពលរដ្ឋ និងទេសចរដើរលេងកម្សា្តមានឈ្មោះថា «ផ្លូវឦសានធានី»

ចែករំលែក៖

ខេត្តស្ទឹងត្រែង​៖​ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង​ បានឱ្យដឹងថា​ ក្រៅពីសមិទ្ធផលដែលបានសម្ពោធនៅថ្ងៃនេះ នៅពេលដ៏ខ្លីខាងមុខនេះ ខេត្តគ្រោងនឹងរៀបចំផ្លូវថ្មើរជើងថ្មីសម្រាប់ពលរដ្ឋ និងទេសចរដើរលេងកម្សា្តមានឈ្មោះថា «ផ្លូវឦសានធានី»។ ខណៈសមិទ្ធផលដែលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃនេះ មាន៤ រួមមាន៖ ទីលាន តេជោ-ធិបតី និងវេទិកានាគជ័យសួនបវរធិបតី សួនសុវណ្ណភូមិ និងសួនស្វាគមន៍រូបម្ចាស់ទឹកឃ្មុំ ដែលបានស្ថាបនា រួចរាល់ក្នុងឆ្នាំ២០២៥ និងក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ។

ការបញ្ជាក់​បែបនេះ​របស់​លោកអភិបាលខេត្ត​ បានធ្វេីឡេីង​នាឱកាស​សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង, ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦។

លោក​ សរ​ សុពុត្រា​ បានបន្តថា​ ខេត្តស្ទឹងត្រែងមានផ្ទៃដី១២.០១៦គីឡូម៉ែត្រការ៉េ ផ្ទៃដីព្រៃឈើជាង៦០% ចែកជា ៦ក្រុងស្រុក ៣៤ឃុំសង្កាត់ និង ១៣៧ភូមិ មានប្រជាជនសរុប ១៩១.០៧១នាក់ ស្មើនឹង ៤៦.០៨៣គ្រួសារ ប្រជាជនមានអាយុ១៨ឆ្នាំឡើង ១១៨.៦៤២នាក់ មានអត្រាកំណើនប្រចាំឆ្នាំ ៥% ដង់ស៊ីតេ ប្រជាជន១៦នាក់ ក្នុង១គីឡូម៉ែត្រការ៉េ។​

លោក សរ សុពុត្រា បានឱ្យដឹងថា ខេត្តស្ទឹងត្រែងមានប្រជាជនមានមុខរបរកសិកម្មជាង៧៦% ពាណិជ្ជកម្ម៥% សិប្បកម្ម៤% ចិញ្ចឹមសត្វ៣% និងនេសាទ១%។ ផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំប្រមាណជា ៣៦៩លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះ ផ.ស.ស. សម្រាប់ប្រជាជនម្នាក់ៗ ១.៨៩៨ដុល្លារ អត្រាភាពក្រីក្រស្ថិតក្នុងរង្វង់១៧%។

លោក​ សរ សុពុត្រា បានឱ្យដឹងថា ខេត្តស្ទឹងត្រែងបានពង្រឹងពង្រីកទំនាក់ទំនងសហប្រតិបត្តិការជាមួយខេត្តទាំងពីរនៃប្រទេសឡាវដែលមានព្រំដែនជាប់គ្នា និងខេត្តសម្ព័ន្ធមេត្រីភាពចំនួន៤ នៃប្រទេសវៀតណាម ព្រមទាំងកំពុងរៀបចំឯកសារបង្កើតកិច្ចសហប្រតិបត្តិការ ជាមួយទីក្រុងពីនចូវ ខេត្តសានទុង នៃសាធារណរដ្ឋប្រជាមានិតចិន។ ថ្មីៗនេះ ខេត្តស្ទឹងត្រែង និងខេត្តហ្សាឡាយ ក៏បានសហការរៀបចំវេទិកាជំរុញការវិនិយោគ លើកទី១ ឆ្នាំ២០២៦ ដោយខេត្តស្ទឹងត្រែងធ្វើជាម្ចាស់ផ្ទះ។

លោក សរ សុពុត្រា បានបញ្ជាក់ថា ខេត្តស្ទឹងត្រែងក៏បានសហការសម្របសម្រួលការងារជាប់ជាប្រចាំ លើការងារខណ្ឌសីមា និងបោះបង្គោលព្រំដែន ជាមួយភាគីឡាវដោយបានបោះបង្គោលលើដីជាក់ស្តែងចំនួន ២៣៧ទីតាំង ស្មើនឹង២៥៣បង្គោល។ ជាពិសេស សមិទ្ធផលសម្រេចបានដើមអាណត្តិទី៧ របស់រាជរដ្ឋាភិបាល គឺបានឯកភាពរួមគ្នាកំណត់បានទីតាំងបង្គោលព្រំដែន លេខ០៣៣ និងកំពុងដំណើរការបោះបង្គោលបំពេញបន្ថែមជាបណ្តើរៗឆ្ពោះទៅបោះបង្គោលមេ។ ក្នុងខែកក្កដាកន្លងទៅនេះ ខេត្តស្ទឹងត្រែង និងខេត្តចំប៉ាសាក់ បានឯកភាពរួមគ្នាដើម្បីធ្វើការជួសជុលកែលម្អឡើងវិញកំណាត់ផ្លូវ រងការខូចខាត ក្បែរច្រកទ្វារអន្តរជាតិត្រពាំងក្រៀល-ណងណុកខៀន។

លោក សរ សុពុត្រា បានឱ្យដឹងថា ខេត្តស្ទឹងត្រែងបានជំរុញផលិតកម្មកសិកម្ម ជាមធ្យមក្នុងមួយត្រីមាសលទ្ធផលនៃការលក់ដំឡូងមីស្រស់នាំចេញក្រៅខេត្តបាន ២២៩ពាន់តោន ដំឡូងមីស្ងួត ៧៦ពាន់តោន គ្រាប់ស្វាយចន្ទី ៥២ពាន់តោន និងស្វាយកែវរមៀត ៩ពាន់តោន ការលក់ស្រូវនាំចូលរោងម៉ាស៊ីនតូច-ធំក្នុងខេត្តសរុបជាង ៥ពាន់តោន និងការនាំអង្ករលក់នៅផ្សារក្នុងខេត្ត បាន ៣ពាន់តោន។ បរិមាណផលនេសាទជាលក្ខណៈគ្រួសារទទួលបាន ១ ២៦៦តោន។

លោក​ សរ សុពុត្រា បានឱ្យដឹងថា ខេត្តស្ទឹងត្រែងមានអគារសិក្សាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មាន ៦០ខ្នង ស្មើនឹង ៣៦៧បន្ទប់។ ជារួមក្នុងខេត្តមានអគារសិក្សាសម្រាប់កម្រិត វិទ្យាល័យ ៧៨ខ្នង មាន ៣៣៤បន្ទប់ អនុវិទ្យាល័យ ៤៣ខ្នង មាន២០១បន្ទប់ បឋមសិក្សា ២៩២ខ្នង មាន ១១៥៤ បន្ទប់ ។ មានមជ្ឈមណ្ឌលគរុកោសល្យភូមិភាគឦសានខេត្តស្ទឹងត្រែង ១កន្លែង កំពុងបណ្តុះបណ្តាលគរុសិស្ស កម្រិតបឋមសិក្សាមកពីខេត្តនៅភាគឦសាន។ មានសាកលវិទ្យាល័យឯកជន ១កន្លែង សាលារៀនឯកជន ៤កន្លែង។

លោក​ សរ សុពុត្រា បានឱ្យដឹងថា ខេត្តស្ទឹងត្រែងក៏បានពង្រឹងការគ្រប់គ្រង និងបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈជូនប្រជាពលរដ្ឋក្នុងខេត្ត មានសិក្ខាកាមសរុប ៨៤៤នាក់ ស្រី ៤៧២នាក់ ក្នុងនោះសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិតI (1.5M) ៣៧៥នាក់ ស្រី ២៧៨នាក់។

លោក​ សរ សុពុត្រា បានបញ្ជាក់ថា ខេត្តបានគ្រប់គ្រង និងរៀបចំដីទំហំជិត ២ពាន់ហិកតា សម្រាប់សម្បទានដីសង្គមកិច្ច ជូនអតីតយុទ្ធជន និងនិវត្តជន។ ខេត្តក៏បានផ្តល់ដីសម្បទានសង្គមកិច្ចជូនគ្រួសារប្រជាពលរដ្ឋក្រីក្រខ្វះជីពិតប្រាកដសម្រាប់ដីលំនៅឋាន ៦៩២ឡូតិ៍ ស្មើនឹង១៦៦ហិកតា និងដឹកសិកម្ម៦៧៦ឡូតិ៍ ស្មើនឹង២ ០៨០ហិកតា និងដីសម្រាប់ប្រើប្រាស់រួម ក្នុងសហគមន៍ ក្រោមគម្រោង LASED III។ ទន្ទឹមនោះកាលពីថ្ងៃទី៩ ខែកក្កដា កន្លងទៅថ្មីៗនេះ ក្នុងឱកាសនៃពិធី សំណេះសំណាលរបស់ សម្តេចតេជោ ជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ត សម្តេចតេជោបានឧបត្ថម្ភផ្ទះសម្រាប់អតីតយុទ្ធជន និងនិវត្តជន ដែលគ្មានផ្ទះ ចំនួន ៩៤ខ្នងបន្ថែមទៀតផងដែរ។

លោក សរ សុពុត្រា បានឱ្យដឹងថា ក្នុងបុព្វហេតុការពារអធិបតេយ្យភាព បូរណភាពទឹកដីពីការឈ្លានពានរបស់ថៃ ខេត្តស្ទឹងត្រែងមានយុទ្ធជនពលី ២រូប និងមានប្រជាពលរដ្ឋភៀសសឹកមកស្នាក់នៅក្នុងមណ្ឌលភៀសសឹកខេត្ត និងនៅតាមលំនៅឋានរបស់សាច់ញាតិក្នុងខេត្តមានចំនួន ៤៥៣គ្រួសារ ស្មើនឹង ១ ៤០៦នាក់ ស្រី ៧៣៩នាក់ បច្ចុប្បន្នបានវិលត្រឡប់ទៅលំនៅឋានវិញ។

...

លោក​ សរ សុពុត្រា បានឱ្យដឹង​ថា​ ក្នុងកាលៈទេសៈថៃឈ្លានពាន និងថៃបិទព្រំដែនដោយឯកតោភាគី ខេត្តស្ទឹងត្រែង មានពលករខ្មែរមកពីប្រទេសថៃវិញមានចំនួន ៣៣៤នាក់ ស្រី ១៣៥នាក់ ពេលនេះពលរដ្ឋមានការងារធ្វើក្នុងខេត្ត និងនៅក្រៅខេត្ត ព្រមទាំងប្រកបមុខរបរចំនួន ២៥១នាក់ ស្រី ៩៧នាក់ មិនទាន់មានការងារធ្វើ ចំនួន ៤៤នាក់ ស្រី ២៨នាក់៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print