ក្រសួងអប់រំ នឹងសហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីស្រាវជ្រាវ ចាត់វិធានការតាមច្បាប់ លើអ្នកថតចម្លង និងបង្ហោះប្រធានវិញ្ញាសានៃការប្រឡងបាក់ឌុប

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ បានប្រកាសនឹងសហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ ដើម្បីតាមដាន ស្រាវជ្រាវ និងចាត់វិធានការតាមច្បាប់ ចំពោះបុគ្គលទាំងឡាយណា ដែលប្រព្រឹត្តល្មើសទៅនឹងការហាមឃាត់ស្តីពីការថត ចម្លង បង្ហោះ ឬផ្សព្វផ្សាយប្រធានវិញ្ញាសា អត្រាកំណែ សន្លឹកកិច្ចការបេក្ខជន និងសន្លឹកសម្រង់ពិន្ទុ (MCS) ក្នុងដំណើរការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦។

ក្រសួងអប់រំ យុវជន និងកីឡា បានក្រើនរំលឹកដល់សាធារណជនទូទៅមេត្តាប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយប្រកបដោយទំនួលខុសត្រូវខ្ពស់ ដោយមិនត្រូវចែករំលែកនូវឯកសារ ព័ត៌មាន រូបភាព វីដេអូ ដែលគ្មានប្រភពច្បាស់លាស់ និងកុំប្រើប្រាស់និមិត្តសញ្ញា (logo) របស់ក្រសួងអប់រំ យុវជន និងកីឡា គ្មានការអនុញ្ញាត។

នៅក្នុង​សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួង​អប់រំ​ បានឱ្យដឹងថា​ ដើម្បីធានាឱ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ ប្រព្រឹត្តទៅប្រកបដោយគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលអាចទទួលយកបាន ព្រមទាំងរក្សា ការសម្ងាត់នៃឯកសារប្រឡង និងជៀសវាងការបង្កឱ្យមានការយល់ច្រឡំ ឬប៉ះពាល់ដល់ភាពជឿជាក់របស់សាធារណជន ចំពោះដំណើរការប្រឡង ក្រសួងអប់រំ យុវជន និងកីឡា សូមជម្រាបដល់បេក្ខជន បុគ្គលិកអប់រំ គណៈមេប្រយោគ គណៈកម្មការគ្រប់លំដាប់ថ្នាក់ និងសាធារណជនទាំងអស់ ឱ្យបានជ្រាបថា៖

ក្រសួងហាមឃាត់ជាដាច់ខាត នូវការថតរូប ថតវីដេអូ ថតចម្លង បង្ហោះ ចែកចាយ ឬផ្សព្វផ្សាយតាម គ្រប់រូបភាព និងគ្រប់មធ្យោបាយ នូវប្រធានវិញ្ញាសាប្រឡង សន្លឹកកិច្ចការបេក្ខជន អត្រាកំណែ និង សន្លឹកស្រង់ពិន្ទុ (MCS) ក្នុងអំឡុងពេលដំណើរការសំណេរ ដំណើរការកំណែ ដំណើរការស្រង់ បូក និងផ្ទៀងផ្ទាត់ពិន្ទុ ព្រមទាំងមុនការប្រកាសលទ្ធផលប្រឡង

ការបង្ហោះ ឬផ្សព្វផ្សាយឯកសារដូចមានចែងខាងលើ ទោះជាធ្វើឡើងក្នុងលក្ខណៈផ្លូវការ ឬមិនផ្លូវការ តាមបណ្តាញសង្គម ឬមធ្យោបាយផ្សព្វផ្សាយណាមួយ ក៏ត្រូវបានចាត់ទុកថាជាអំពើហាមឃាត់

បុគ្គលណាដែលប្រព្រឹត្តល្មើសនឹងការហាមឃាត់ខាងលើ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ និង បទប្បញ្ញត្តិជាធរមាន ហើយអាចប្រឈមនឹងវិធានការវិន័យ ឬវិធានការផ្លូវច្បាប់ តាមករណីនីមួយៗ។

...

ក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវដល់បេក្ខជន បុគ្គលិកអប់រំ គណៈមេប្រយោគ គណៈកម្មការ គ្រប់លំដាប់ថ្នាក់ និងសាធារណជនទាំងអស់ ចូលរួមគោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់ប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់ ដើម្បីរួមចំណែករក្សាភាពសុចរិត តម្លាភាព និងភាពជឿជាក់នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print