ភ្នំពេញ៖ លោក លី ធុជ បានបញ្ជាក់ថា៖ ការគាំទ្រ និងបទពិសោធន៍របស់កម្ពុជា-តួកគីយ៉េក្នុងសកម្មភាពមីនសកល នឹងបន្តជំរុញ ឆ្ពោះទៅរកពិភព លោកមួយដែលគ្មានមីន ។
លោល លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានបញ្ជាក់បែបនេះ ខណៈឯកឧត្ដម ទទួលជួប លោល Mesut Özcan ឯកអគ្គរដ្ឋទូតតួកគីយ៉េប្រចាំកម្ពុជា ដើម្បីពិភាក្សាអំពីការពង្រឹងមិត្តភាព ទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងកម្ពុជា និងតួកគីយ៉េ នៅស្នាក់ការអាជ្ញាធរមីន កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ។
លោក លី ធុជ បានគាំទ្រចំពោះ ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងឱកាសចូលកាន់តំណែងថ្មី ព្រមទាំងបញ្ជាក់ពីការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតតួកគីយ៉េ ដើម្បីប្រែក្លាយទំនាក់ទំនងមិត្តភាពឱ្យទៅជាកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
លោក Mesut Özcan បានបញ្ជាក់ពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ដែលបានពង្រីកទៅលើវិស័យជាច្រើន រួមទាំងការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅបន្តការសិក្សានៅតួកគីយ៉េ។ ឯកអគ្គរដ្ឋទូតតួកគីយ៉េប្រចាំកម្ពុជា បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងភាពជាដៃគូកម្ពុជា–តួកគីយ៉េ និងបានលើកឡើងពីការចូលរួមរបស់តួកគីយ៉េ ក្នុងការរួមចំណែកដោះស្រាយបញ្ហាមីននៅកម្រិតសកល។
លោក លី ធុជ បានចែករំលែកថា កម្ពុជាបានប្រែក្លាយពីប្រទេសដែលរងផលប៉ះពាល់ដោយមីនយ៉ាងធ្ងន់ធ្ងរ ទៅជាប្រទេសដែលមានសមត្ថភាព ជំនាញ និងបទពិសោធន៍ ត្រូវបានទទួលស្គាល់ជាអន្តរជាតិ ក្នុងវិស័យសកម្មភាពមីនមនុស្សធម៌។ កម្ពុជាកំពុងប្រឈមនឹងបញ្ហាប្រឈមថ្មី ពាក់ព័ន្ធនឹងយុទ្ធភណ្ឌគ្រឿងផ្ទុះដែលបង្កឡើងដោយជម្លោះព្រំដែនកម្ពុជា–ថៃ នៅតាមសហគមន៍ និងតំបន់មួយចំនួន ដែលធ្លាប់ត្រូវបានបោសសម្អាត និងប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់ដោយសុវត្ថិភាព។
លោក លី ធុជ បានអរគុណ ចំពោះការគាំទ្ររបស់តួកគីយ៉េចំពោះសកម្មភាពមីនអន្តរជាតិ និងគូសបញ្ជាក់ថា បទពិសោធន៍ ជំនាញ និងការគាំទ្ររបស់កម្ពុជា និងតួកគីយ៉េ អាចបំពេញបន្ថែមគ្នា ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងរួម ឆ្ពោះទៅ រកពិភពលោកមួយដែលគ្មានមីន។ កិច្ចសហ ប្រតិបត្តិការនេះ នឹងផ្តោតលើការចែករំ លែកបទពិសោធន៍ និងចំណេះដឹង ការកសាងសមត្ថភាព និងការរួមចំណែកដល់សកម្មភាពមីនមនុស្សធម៌សកល ៕















