អភិបាលខេត្តកំពង់ឆ្នាំង បង្កើតក្រុមការងារចំពោះកិច្ច ត្រួតពិនិត្យភាពមិនប្រក្រតី នៃការអនុវត្តគម្រោងមូលនិធិ ឃុំចំនួន៦ និងគម្រោងមូលនិធិឃុំ សង្កាត់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធិ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ បានសម្រេចបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីចុះត្រួតពិនិត្យភាពមិនប្រក្រតី នៃការអនុវត្តគម្រោងមូលនិធិ ឃុំចំនួន៦ និងគម្រោងមូលនិធិឃុំ សង្កាត់ នៅក្នុងខេត្តកំពង់ឆ្នាំងទាំងមូល។

តើឃុំទាំង៦ មានឃុំណាខ្លះ?

ឃុំទាំង៦ រួមមាន៖ ឃុំទឹកហូត ស្រុករលាប្អៀរ, ឃុំមេលំ ស្រុកបរិបូណ៌, ឃុំចោងម៉ោង ស្រុកទឹកផុស, ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ, ឃុំលង្វែក ស្រុកកំពង់ត្រឡាច។

ក្រុមការងារទាំងនេះដែលដឹកនាំដោយលោក ឈឹម វុទ្ធា អភិបាលរងខេត្តជាអ្នកដឹកនាំ ចុះពិនិត្យ និងស្រាវជ្រាវអំពីការអនុវត្តគម្រោងមូលនិធិ (ព័ត៌មាន និងកិច្ចសន្យាគម្រោង) ឃុំទាំង៦ និងគម្រោងមូលនិធិឃុំ សង្កាត់ នៅក្នុងខេត្តកំពង់ឆ្នាំងទាំងមូល, ត្រួតពិនិត្យការអនុវត្តតួនាទី និងភារកិច្ចរបស់មន្ត្រីរាជការ សមាជិកក្រុមប្រឹក្សា ស្មៀនឃុំ សង្កាត់ ឬអ្នក ទទួលការដែលទទួលការងារអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់, ប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ និងធ្វើរបាយការណ៍អំពីលទ្ធផលជូនក្រសួងមហាផ្ទៃ។

សូមបញ្ជាក់ថា ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង ចេញដីកាបញ្ចប់មុខតំណែងមន្ត្រីរាជការ ចំនួន ២រូប ពាក់ព័ន្ធភាពមិនប្រក្រតី នៃដំណើរការរៀបចំនិងអនុវត្តគម្រោងមូលនិធិឃុំ នៃខេត្តកំពង់ឆ្នាំង។

ទី១. លោក ហង្ស ពិសី ពីនាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត មកជាមន្ត្រីការិយាល័យគ្រប់គ្រងបុគ្គលិក នៃទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តកំពង់ឆ្នាំង

ទី២. លោក វ៉ាន់ ថេន ពីនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត មកជាមន្ត្រីការិយាល័យគ្រប់គ្រងបុគ្គលិក នៃទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តកំពង់ឆ្នាំង។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ នឹងបន្តស្វែងរកឫសគល់នៃបញ្ហា និងអ្នកពាក់ព័ន្ធនានា មកអនុវត្តតាមច្បាប់ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print