កីឡាករវាយកូនបាល់ដ៏ល្បីល្បាញ Roger Federer បានបាត់បង់ឋានៈជាមហាសេដ្ឋីប្រាក់ពាន់លានបន្ទាប់ពីតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន On ដែលជាម៉ាកសញ្ញាសម្លៀកបំពាក់កីឡារបស់ស្វីសដែលរូបគេកាន់កាប់ភាគហ៊ុន ត្រូវបានធ្លាក់ចុះយ៉ាងខ្លាំងនៅលើទីផ្សារភាគហ៊ុន។
កាលពីមួយឆ្នាំមុន វីរបុរសវាយកូនបាល់សញ្ជាតិស្វីសរូបនេះ បានចូលរួមក្នុងក្លិបអត្តពលិកមហាសេដ្ឋី ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធប៉ាន់ស្មានចំនួន ១,១ ពាន់លានដុល្លារ នេះបើយោងតាមទស្សនាវដ្តី Forbes។
ភាគច្រើននៃទ្រព្យសម្បត្តិបង្កើនបានទាំងនេះ គឺកើតចេញពីភាគហ៊ុន ៣% ដែល Federer កាន់កាប់នៅក្នុងក្រុមហ៊ុន On ចាប់តាំងពីបានចាប់ដៃគូជាមួយក្រុមហ៊ុនសម្លៀកបំពាក់កីឡាដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សមួយនេះក្នុងឆ្នាំ ២០១៩។
នាពេលកន្លងមក តម្លៃទីផ្សារសរុប (Market capitalization) របស់ក្រុមហ៊ុន On ធ្លាប់បានខិតជិតដល់ ១៥ ពាន់លានដុល្លារ ដែលធ្វើឱ្យតម្លៃភាគហ៊ុនរបស់ Federer កើនឡើងហួសពី ៣៧៥ លានដុល្លារ។
ទោះបីជាក្រុមហ៊ុននេះទើបតែបានប្រកាសពីការលក់បានកំណត់ត្រាខ្ពស់បំផុតនាពេលថ្មីៗនេះក៏ដោយ ប៉ុន្តែលទ្ធផលអាជីវកម្មចុងក្រោយបង្អស់របស់ខ្លួនមិនបានសម្រេចតាមការរំពឹងទុកខ្ពស់របស់ទីផ្សារនោះទេ។ កត្តានេះបានបង្ខំឱ្យក្រុមហ៊ុន On កាត់បន្ថយការព្យាករណ៍ប្រាក់ចំណូលសរុបរបស់ខ្លួន។
តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនបានដាំក្បាលចុះភ្លាមៗជិត ២០% នៅក្នុងវគ្គជួញដូរតែមួយកាលពីថ្ងៃទី ១១ ខែសីហា។ ការធ្លាក់ចុះយ៉ាងគំហុកនេះ បានធ្វើឱ្យទ្រព្យសម្បត្តិរបស់ Federer ថយចុះអស់ ៥២ លានដុល្លារក្នុងរយៈពេលដ៏ខ្លី ដែលធ្វើឱ្យទ្រព្យសម្បត្តិសុទ្ធរបស់គេធ្លាក់ចុះមកត្រឹម ៩៥២ លានដុល្លារ និងបានដកហូតគោរមងារជាមហាសេដ្ឋីពីកីឡាកររហស្សនាម «FedEx» រូបនេះជាបណ្តោះអាសន្ន នេះបើយោងតាមការរាយការណ៍របស់សារព័ត៌មាន New York Post។
ការចាកចេញពីបញ្ជីនាពេលថ្មីៗនេះរបស់ Federer បានធ្វើឱ្យចំនួនអត្តពលិកសរុបនៅលើពិភពលោកដែលមានទ្រព្យសម្បត្តិសុទ្ធទំហំ ១០ ខ្ទង់ (ចាប់ពី ១ ពាន់លានដុល្លារឡើង) ថយចុះមកត្រឹមតែ ៨ នាក់ប៉ុណ្ណោះ។
ក្រុមកំពូលតារាទាំងនេះ រួមមានអតីតកីឡាករវាយកូនបាល់ Ion Tiriac វីរបុរសបាល់បោះ Michael Jordan, Magic Johnson និង LeBron James វីរបុរសវាយកូនគោល Tiger Woods និងកំពូលតារាបាល់ទាត់ Cristiano Ronaldo, Lionel Messi និង David Beckham។
កីឡាករ LeBron, Woods, Ronaldo និង Messi ស្ថិតនៅក្នុងចំណោមកីឡាករមួយចំនួនតូច ដែលបានឈានដល់សមិទ្ធផលហិរញ្ញវត្ថុដ៏ខ្ពង់ខ្ពស់នេះ ក្នុងពេលដែលពួកគេកំពុងបន្តប្រកួតប្រជែងយ៉ាងសកម្មក្នុងកម្រិតអាជីព។
ទោះបីជា Federer បានធ្លាក់ចេញពីជួរមហាសេដ្ឋីជាបណ្តោះអាសន្នក៏ដោយ ក៏ស្ថានភាពហិរញ្ញវត្ថុរបស់គេនៅតែរឹងមាំខ្លាំង ដោយសារតែប្រភពប្រាក់ចំណូលដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងអំឡុងពេលប៉ុន្មានឆ្នាំមកនេះ។
ឆ្លងកាត់អាជីពដ៏ត្រចះត្រចង់រយៈពេល ២៤ ឆ្នាំជាមួយនឹងពានរង្វាន់ចំនួន ១០៣ រូបគេប្រមូលបានប្រាក់រង្វាន់ពីការប្រកួតជិត ១៣១ លានដុល្លារ និងប្រាក់ចំណូលមុនបង់ពន្ធប្រហែល ១ ពាន់លានដុល្លារពីកិច្ចព្រមព្រៀងឧបត្ថម្ភដែលមានតម្លៃថ្លៃៗ។
បន្ទាប់ពីបានចែកផ្លូវជាមួយក្រុមហ៊ុន Nike ក្នុងឆ្នាំ ២០១៨ Federer បានចុះកិច្ចសន្យាជាប្រវត្តិសាស្ត្ររយៈពេល ១០ ឆ្នាំ ក្នុងតម្លៃ ៣០០ លានដុល្លារជាមួយ Uniqlo។ ការបោះជំហាននេះ បានបើកផ្លូវឱ្យរូបគេបន្តបោះទុនទទួលបានជោគជ័យយ៉ាងខ្លាំង នៅក្នុងវិស័យសម្លៀកបំពាក់កីឡាទីផ្សារទូទៅជាមួយក្រុមហ៊ុន On។
ទន្ទឹមនឹងការចាប់ដៃគូជាមួយម៉ាកសញ្ញាជាន់ខ្ពស់ដូចជា Rolex, Mercedes-Benz, Lindt និង Moët & Chandon ផងនោះ Federer ធ្លាប់ជាកីឡាករវាយកូនបាល់ដែលមានប្រាក់ខែខ្ពស់បំផុតនៅលើពិភពលោកចំនួន ១៦ ឆ្នាំជាប់ៗគ្នា។ រូបគេក៏ធ្លាប់បានឈរនៅកំពូលតារាងនៃអត្តពលិកដែលរកប្រាក់ចំណូលបានច្រើនជាងគេបំផុតនៅលើពិភពលោកក្នុងឆ្នាំ ២០២០ ផងដែរ៕










