ភ្នំពេញ ៖ ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមរម្លឹកឡើងវិញនូវសារដ៏មានអត្ថន័យជ្រាលជ្រៅរបស់ថ្នាក់ដឹកនាំនៃយើង ក្នុងអំឡុងពេលសង្គ្រាមឈ្លានពានរបស់ថៃលើបូរណភាពទឹកដីកម្ពុជា ដើម្បីឧទ្ទិសដល់មហាសាមគ្គីជាតិខ្មែរដ៏រឹងមាំ និងជាការដាស់ស្មារតីខ្មែរឱ្យរួមគ្នាការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី៖
ទី១៖ សាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានគណបក្សប្រជាជនកម្ពុជាក្នុងឱកាសអបអរសាទរខួប ៤៧ឆ្នាំ នៃទិវាជ័យជម្នះ ៧មករា ឆ្នាំ២០២៦ បានដាស់ស្មារតីកូនខ្មែរថា៖ «នៅលើមាគ៌ាឆ្ពោះទៅមុខបន្តទៀត សូមជនរួមជាតិគ្រប់រូបបន្តលើកកម្ពស់ស្មារតីស្នេហាជាតិ ប្រឹងឈរខ្លួនឯង ខិតខំខ្លួនឯង និងពង្រឹងភាពម្ចាស់ការខ្លួនឯង ដើម្បីធានាដល់ការការពារនិងកសាងប្រទេសជាតិយើង។ ខ្ញុំមានជំនឿយ៉ាងមុតមាំថា ផ្អែកលើកម្លាំងមហាសាមគ្គី និងស្មារតីស្នេហាជាតិដ៏មោះមុត យើងពិតជាបន្តយកឈ្នះលើរាល់ឧបសគ្គបាន មិនថាឧបសគ្គនោះធំប៉ុណ្ណាឡើយ។ យើងចងចាំប្រវត្តិសាស្ត្រនេះ ចងចាំឧក្រិដ្ឋកម្មបំផ្លាញមរតកវប្បធម៌ដែលជាដួងព្រលឹងរបស់ជាតិ ចងចាំការប្រមាថមើលងាយមកលើជាតិ មាតុភូមិ និងប្រជាជនយើង។ កម្ពុជាដើរលើផ្លូវសន្តិភាព តែមិនអាចធ្វើសម្បទានបូរណភាពទឹកដី និងសេចក្តីថ្លៃថ្នូរនៃប្រជាជាតិរបស់ខ្លួនបានឡើយ»។
ទី២៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងសារទៅកាន់វីរកងទ័ព វីរកងនគរបាលជាតិ និងជនរួមជាតិកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ក្រោយបទឈប់បាញ់លើកទី២ ចូលជាធរមានក៏បានអង្រួនស្មារតីកូនខ្មែរថា៖ «ទុក្ខលំបាកនិងពលិកម្មសាច់ស្រស់ ឈាមស្រស់របស់វីរជនយើងនៅឯសមរភូមិ គឺជាការដាស់តឿនមិនឱ្យយើងបំភ្លេចបានមួយវិនាទីណាឡើយ ថាបែកបាក់គឺស្លាប់ សាមគ្គីរឹងមាំគឺរស់។ ដូច្នេះ ស្របតាមពាក្យចាស់ពោលថា ចង្កឹះមួយបាច់ គេកាច់មិនបាក់ យើងត្រូវយកការលំបាកនៅពេលនេះធ្វើជាឱកាស ដើម្បីឱ្យខ្មែរគ្រប់រូបចេះពួតដៃគ្នាកសាងជាតិខ្មែរយើងឱ្យកាន់តែរឹងមាំ និងកាន់តែប្រសើរឡើងប្រកបដោយភាពធន់ នៅក្រោមម្លប់ដ៏សែនត្រជាក់នៃអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈនៃយើង»។
សម្តេចធិបតីបន្តថា៖ «បងប្អូនប្រជាពលរដ្ឋយើងគ្រប់មជ្ឈដ្ឋាននិងគ្រប់ទិសទី បន្តផ្តល់ជំនឿដ៏មុតមាំលើរាជរដ្ឋាភិបាល និងរួបរួមសាមគ្គីគ្នាក្នុងស្មារតីជាតិខ្មែរតែមួយ ប្រើប្រាស់តម្លៃនៃសន្តិភាពដើម្បីអភិវឌ្ឍខ្លួនឱ្យក្លាយជាពលរដ្ឋឆ្នើមរបស់កម្ពុជា និងក្លាយជាកម្លាំងដ៏រឹងមាំមិនអាចបំបែកបំបាក់បានក្នុងកិច្ចការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ក៏ដូចជាក្នុងការអភិវឌ្ឍជាតិ មាតុភូមិកម្ពុជា ជាទីស្នេហាបំផុតនៃយើងឱ្យកាន់តែរីកចម្រើនខ្លាំងក្លាឡើងជាលំដាប់និងក្លាយជាប្រជាជាតិមួយប្រកបដោយមោទនភាព និងកិត្យានុភាពខ្ពស់ត្រដែតលើឆាកអន្តរជាតិ។ កម្ពុជាបានសម្រេចប្រកាន់យកមាគ៌ាសន្តិភាព និងតម្កល់អាយុជីវិត និងសុខទុក្ខរបស់ប្រជាជនជាអាទិភាពចម្បងបំផុតនិងខ្ពស់បំផុត។ ទន្ទឹមនឹងនោះ កម្ពុជានៅតែរក្សាសិទ្ធិយ៉ាងពេញលេញរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ ដោយអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិតាមរយៈយន្តការទ្វេភាគីដែលមានជាធរមាន»។
ទី៣៖ ទន្ទឹមនឹងប្រសាសន៍ដ៏មានអត្ថន័យជ្រាលជ្រៅរបស់ថ្នាក់ដឹកនាំនៃយើងដូចបានលើកឡើងខាងលើ យើងទាំងអស់គ្នាក៏បានសង្កេតឃើញយ៉ាងច្បាស់នឹងភ្នែកគ្រប់ៗគ្នាថា រយៈពេលជាងមួយឆ្នាំមកនេះ កម្លាំងមហាសាមគ្គីឯកភាពជាតិខ្មែរដើម្បីបុព្វហេតុជាតិមាតុភូមិ ជាពិសេសដើម្បីបុព្វហេតុការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ពិតជាមានទំហំធំធេង និងខ្លាំងក្លាគួរជាទីមោទនៈយ៉ាងក្រៃលែង។ សំឡេងប្រឆាំងសង្គ្រាមឈ្លានពាននិងទាមទាររកសន្តិភាព បានលាន់លឺពាសពេញពិភពលោក។ សំឡេងរបស់ប្រជាជាតិខ្មែរ និងការងារការទូតដ៏សកម្មក្លៀវក្លាប្រកបដោយភាពចាស់ទុំនិងត្រឹមត្រូវរបស់រាជរដ្ឋាភិបាល បានធ្វើឱ្យសហគមន៍អន្តរជាតិតាមដានយ៉ាងយកចិត្តទុកដាក់ និងកំពុងជំរុញឱ្យមានដំណោះស្រាយដោយសន្តិវិធីតាមគោលការណ៍ច្បាប់អន្តរជាតិ។
ជាក់ស្តែង អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា សភាបណ្តាប្រទេសនិយាយភាសាបារាំង (APF) សារព័ត៌មានល្បីៗលំដាប់អន្តរជាតិ ក៏ដូចជាជនបរទេសដែលមានឥទ្ធិពលលើបណ្តាញសង្គម បានចេញមុខនិយាយការពិតពីបញ្ហាព្រំដែនកម្ពុជា-ថៃ ជាពិសេសពីការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងការរារាំងជនស៊ីវិលស្លូតត្រង់កម្ពុជារាប់ម៉ឺននាក់មិនឱ្យវិលត្រឡប់ទៅផ្ទះសម្បែងវិញ ដែលបង្កើតជាវិបត្តិមនុស្សធម៌ និងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរពីសំណាក់កងកម្លាំងប្រដាប់អាវុធថៃ។ សំឡេងការពិតទាំងអស់នេះគឺជាកម្លាំងចលករដែលកំពុងជំរុញឱ្យមានដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី និងដោយផ្អែកលើច្បាប់អន្តរជាតិដោយមិនអាចគេចវេសបាន។
សរុបមកវិញ ជំហរការទូតបែបចាស់ទុំ ច្បាស់លាស់ ប្រកបដោយភាពម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ស្របគ្នាទាំងស្រុងជាមួយជំហររបស់សហគមន៍អន្តរជាតិ ដែលកំពុងជំរុញទៅរកដំណោះស្រាយដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ។ ដូច្នេះ នេះគឺជាកាលៈទេសៈដ៏សំខាន់បំផុតមួយដែលខ្មែរត្រូវប្រើកម្លាំងសាមគ្គីជាតិដ៏ខ្លាំងក្លារបស់ខ្លួនដោយផ្តល់ទំនុកចិត្ត និងការគាំទ្រយ៉ាងមុតមាំដល់រាជរដ្ឋាភិបាលក្នុងការការពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដីកម្ពុជា ដែលត្រូវបានការពារយ៉ាងរឹងមាំដោយច្បាប់អន្តរជាតិ៕
ដោយ ៖ សិលា










