ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានមានប្រសាសន៍សំខាន់ៗនាឱកាសនាឱកាសអនុញ្ញាតឱ្យគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ជួបសម្តែងការគួរសម និងជម្រាបជូននូវសមិទ្ធផលការងារមួយចំនួនរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦នេះ នៅវិមានសាមគ្គីភាព
រាជធានីភ្នំពេញ។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា មានដូចខាងក្រោម៖
-សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារទៅបណ្ដាស្ថាប័នជាតិ និងប្រជាពលរដ្ឋ ឱ្យបន្តពង្រឹងអំណាច តួនាទីស្រ្ដីក្នុងវិស័យសេដ្ឋកិច្ចរបស់កម្ពុជា។ សម្ដេចតេជោ បញ្ជាក់ថា ការណ៍នេះ សំខាន់ខ្លាំងណាស់ ព្រោះបើយើងពង្រឹងអំណាចស្រ្ដីលើវិស័យសេដ្ឋកិច្ចបាន យើងក៏អាចពង្រឹងអំណាចស្រ្ដីក្នុងវិស័យនយោបាយបានដែរ។ បើអំណាចស្រ្ដីលើវិស័យសេដ្ឋកិច្ចមិនត្រូវបានលើកកម្ពស់ទេ អំណាចស្រ្ដីនៅក្នុងគ្រួសារ និងក្នុងសង្គមក៏មិនត្រូវបានលើកកម្ពស់ដែរ។
-សម្ដេចតេជោ ថ្លែងថា ប្រុសៗចាយលុយអត់ដឹងអស់ទេ ប៉ុន្ដែស្រ្ដីទៅវិញទេ ដែលគាត់ដឹងថា ត្រូវចំណាយទៅលើកូនសិក្សា លើគ្រួសារប៉ុណ្ណានោះ ប៉ុន្ដែយើងមិនសំដៅលើបុរសទាំងអស់នោះទេ។
-សម្ដេចតេជោ ថ្លែងថា បើគ្រួសារនីមួយៗអាចពង្រឹងអំណាចស្រ្ដីនៅក្នុងវិស័យសេដ្ឋកិច្ចបាន នោះការពង្រឹងសមភាពយេនឌ័រក៏បានល្អប្រសើរដែរ។
-សម្ដេចតេជោ ថ្លែងបន្តលើកឡើងចំពោះការជំរុញការពង្រឹងសមត្ថភាពរបស់ស្ដ្រី ពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលដល់ស្រ្ដី ខណៈសម្ដេចបង្ហាញមោទនភាពដែលស្រ្ដីដែលកំពុងសិក្សាមានចំនួន ៥៤ភាគរយនៃប្រជាជនកម្ពុជាក្នុងវ័យសិក្សា។
-សម្ដេចតេជោ បន្តអំពាវនាវឱ្យក្រសួងអប់រំក៏ដូចជារាជរដ្ឋាភិបាល បន្តបង្កើតអន្តេវាសិកដ្ឋានសម្រាប់សិស្សជាស្រ្ដី ខណៈសម្ដេច និងភរិយា កំពុងសាងសង់អន្តេវាសិកដ្ឋានសម្រាប់សិស្សជាស្រ្ដីមួយកន្លែង ដែលបានសម្រេចការសាងសង់ជាង ៧០ភាគរយហើយ។
– សម្ដេចតេជោ ថ្លែងណែនាំឱ្យរៀបចំបង្កើតអន្តេវាសិកដ្ឋានសម្រាប់សិស្សជាស្រ្ដីនៅតាមបណ្ដាខេត្តផងដែរ ដើម្បីកាត់បន្ថយការលំបាកចំពោះសិស្សជាស្រ្ដី ខណៈបច្ចុប្បន្នមានសកលវិទ្យាល័យជាច្រើននៅតាមបណ្ដាខេត្ត។
– សម្ដេចតេជោ ថ្លែងថា ការវិនិយោគលើស្រ្ដីនេះ ត្រូវមានការចូលរួមទាំងរដ្ឋ និងវិស័យឯកជន ដើម្បីពង្រឹងសិទ្ធិអំណាចដល់ស្រ្ដីកម្ពុជា។
– សម្ដេចតេជោ ថ្លែងជឿជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ ចំនួនសិស្សស្រ្ដីដែលប្រឡងជាង និងជាប់និទ្ទេស A ច្រើនជាងសិស្សជាបុរស។
– សម្ដេចតេជោ ថ្លែងថា ការធ្លាក់ចុះចំនួនស្រ្ដីទៅបន្តការសិក្សានៅថ្នាក់ក្រោយឧត្តមសិក្សា ឬថ្នាក់បរិញ្ញាបត្រ គឺជាកត្តាសត្យានុម័ត ដែលស្រ្ដីត្រូវរៀបចំគ្រួសារ រៀបការ ប៉ុន្ដែចំណុចនេះសម្ដេចបានលើកទឹកចិត្តដល់ស្វាមីគ្រប់រូបបន្តលើកទឹកចិត្ត និងជំរុញដល់ភរិយារបស់ខ្លួនឱ្យបន្តការសិក្សាថ្នាក់ឧត្តមសិក្សាបន្ថែមទៀត ដើម្បីលើកកម្ពស់តួនាទីស្រ្ដីលើគ្រប់វិស័យទាំងអស់។
– សម្ដេចតេជោ ថ្លែងអំពាវនាវជាថ្មីដល់ស្រ្ដី និងបុរសទាំងឡាយ បើរស់នៅមិនចុះសម្រុងនឹងគ្នា ឬក្រោយពេលបែកបាក់គ្នា សូមកុំហែកកេរ្ដ៍គ្នា កុំបង្ហាញទៅកាន់បណ្ដាញសង្គម។ សម្ដេចបន្តថា ជម្លោះប្ដីប្រពន្ធ ទុកគ្នារាប់អាន ហើយបើខ្លួនមិនស្រឡាញ់កិត្តិយស ក៏គួរទុកកិត្តិយសដល់កូនរបស់ខ្លួន។
– សម្ដេចតេជោ ថ្លែងណែនាំឱ្យក្រសួងកិច្ចការងារ និងក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី ធ្វើជាដើមបណ្ដឹង ចាត់វិធានការចំពោះអ្នកដែលជេរបរិយាកេរ្ដិ៍ប៉ះពាល់សិទ្ធិអ្នកដទៃ។
– សម្ដេចតេជោ ថ្លែងណែនាំដល់ក្រសួងព័ត៌មានត្រូវមើលឱ្យច្បាស់ តាមឱ្យជាប់ ខណៈសម្ដេចមើលឃើញថា នៅមានភាពធូរលុងខ្លាំងណាស់ចំពោះក្រមសីលធម៌លើការប្រើប្រាស់ ហ្វេសប៊ុក តិកតុក និង AI ខណៈគេខ្លាំងជាងយើង ហេតុអ្វីស្ថាប័នរដ្ឋមួយមិនអាចធ្វើបានថាគេរារាំង។
– សម្ដេចតេជោ ថ្លែងណែនាំដល់ក្រសួងព័ត៌មានត្រូវមើលឱ្យច្បាស់ តាមឱ្យជាប់ ខណៈសម្ដេចមើលឃើញថា នៅមានភាពធូរលុងខ្លាំងណាស់ចំពោះក្រមសីលធម៌លើការប្រើប្រាស់ ហ្វេសប៊ុក តិកតុក និង AI។
– សម្ដេចតេជោ ស្នើទៅតុលាការជួយចាត់ចែង លើសំណុំរឿងទាំងឡាយនៃការរំលោភសីលធម៌សង្គម ចំពោះជនទាំងឡាយណាបំផ្លាញសេចក្ដីថ្លៃថ្នូរ សីលធម៌សង្គមរបស់ខ្មែរ។
– សម្ដេចតេជោ ថ្លែងថា «ស្រ្ដីដែលជេរកងទ័ព បើមិនទាន់យកទៅវាស់កម្ពស់ទេ ត្រូវយកទៅវាស់កម្ពស់ មិនអាចទុកបែបនេះបានទេ»។
– សម្ដេចតេជោ ថ្លែងណែនាំដល់ស្ថាប័នជាតិ ក្រសួងពាក់ព័ន្ធ ត្រូវចាត់វិធានការភ្លាមចំពោះជនទាំងឡាយណាបំផ្លាញសេចក្ដីថ្លៃថ្នូរ សីលធម៌សង្គមរបស់ខ្មែរ។
– សម្ដេចតេជោ ថ្លែងអបអរសាទរជាមួយរាជរដ្ឋាភិបាលចំពោះការបង្កើនចំនួនស្រ្ដីនៅក្នុងតួនាទីនៃរាជការស៊ីវិល ខណៈគិតត្រឹមឆ្នាំ២០២៥ អត្រាមន្រ្ដីរាជការជាស្រ្ដីមានចំនួន ៤២ភាគរយ នៃមន្រ្ដីរាជការស៊ីវិលសរុប។
-សម្ដេចតេជោ ថ្លែងថា សម្ដេចបានបញ្ចូនការណែនាំរបស់គណបក្សប្រជាជន ទៅគណបក្សនៅតាមមូលដ្ឋាន ក្នុងនោះមានការរៀបចំបេក្ខជនក៏កំណត់ឱ្យមានស្រ្ដី ដោយសម្ដេចបានផ្ដល់ការណែនាំជាក់លាក់។ សម្ដេចបន្តថា សម្ដេចបានសួរខេត្តខ្លះ ខេត្តថាមានគ្រប់ប៉ុន្ដែមានគ្រប់នៅត្រង់តែក្នុងបញ្ជីបោះឆ្នោតប៉ុន្ដែគាត់ដាក់នៅលេខរៀងដែលមិនជាប់ឆ្នោត។ សម្ដេចបញ្ជាក់ថា ឥឡូវនេះ គោលការណ៍ជារួម គឺត្រូវធ្វើម៉េចក្នុងមួយឃុំយ៉ាងហោចឱ្យមានស្រ្ដីម្នាក់ជាប់ឆ្នោត៕


ដោយ៖តារា










