ខេត្តព្រះសីហនុ÷ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង២០:០០នាទី កម្លាំងជំនាញការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត បានចុះពិនិត្យករណីបុរសជនជាតិប៉ូឡូញម្នាក់ស្លាប់ នៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
ជនរងគ្រោះឈ្មោះ MAKSYMOWICZ SZYMON ភេទប្រុស ជនជាតិប៉ូឡូញ អាយុ៣៨ឆ្នាំ ជាម្ចាស់ហាងអាហារ DOBRO នៅក្រុងកោះរ៉ុង។
តាមការបំភ្លឺពីបុគ្គលិក ជនរងគ្រោះមានប្រវត្តិផឹកស្រាជាប្រចាំ និងធ្លាប់ត្រូវបានគ្រូពេទ្យណែនាំឱ្យឈប់ផឹកស្រា។ នៅយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ បន្ទាប់ពីទទួលទានអាហារ និងផឹកស្រា ជនរងគ្រោះមានអាការៈក្អួតឈាម។ លុះព្រឹកថ្ងៃទី១៤ ខែសីហា ស្ថានភាពសុខភាពកាន់តែខ្សោយ ហើយត្រូវបានបញ្ជូនទៅមណ្ឌលសុខភាពក្រុងកោះរ៉ុង ប៉ុន្តែគ្រូពេទ្យបានពិនិត្យឃើញថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
តាមការពិនិត្យរបស់ជំនាញនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត និងគ្រូពេទ្យកោសល្យវិច័យ ពុំឃើញមានស្លាកស្នាមរបួសគួរឱ្យកត់សម្គាល់លើសាកសពឡើយ។ ជំហានបឋម សមត្ថកិច្ចសន្និដ្ឋានថា ការស្លាប់អាចបណ្តាលមកពី គាំងបេះដូង។
បច្ចុប្បន្ន សពត្រូវបានរក្សាទុកជាបណ្តោះអាសន្ននៅសាលតម្កល់សព នៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕
ដោយ៖ សុរិយា










