ខេត្តកណ្ដាល៖ ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ លោកអភិបាលខេត្តកណ្ដាល និងក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ព្រមទាំងការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ កម្លាំងសមត្ថកិច្ចបានបន្តប្រតិបត្តិការស្វែងរកជនរងគ្រោះដែលបានបាត់ខ្លួនក្នុងករណីលិចទូកនៅស្រុកកៀនស្វាយ។
ជាក់ស្តែង នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ៨:០០នាទី កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដោយមានការចូលរួមពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៨ បានបន្តចុះស្វែងរក និងបានរកឃើញសពបុរសម្នាក់ ក្នុង ចំណោមមនុស្ស ៣នាក់ ដែលបានបាត់ខ្លួនក្រោយកើតមានហេតុការណ៍លិចទូក។
ការរកឃើញសពនេះ គឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់កម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ដែលបានបន្តប្រតិបត្តិការស្វែងរកដោយមិនបោះបង់ក្តីសង្ឃឹម ដើម្បីនាំជនរងគ្រោះត្រឡប់មកកាន់ក្រុមគ្រួសារ។
បច្ចុប្បន្ន កម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ នៅតែបន្តស្វែងរកអ្នកបាត់ខ្លួនដែលនៅសេសសល់ ដើម្បីស្វែងរកឱ្យឃើញ និងប្រគល់ជូនក្រុមគ្រួសារវិញ៕
ដោយ៖ សុរិយា










