ខេត្តកណ្តាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា បន្ទាប់ពីមានការចែក រំលែកវីដេអូ និងខ្លឹមសារតាមបណ្តាញសង្គម ពាក់ព័ន្ធនឹងសកម្មភាពរថយន្តធុនធំបើកបរធ្វេសប្រហែសនៅមុខសាលារៀន ដែលបង្កឱ្យមានការព្រួយបារម្ភពីសុវត្ថិភាពសិស្សសាលា កម្លាំងនគរបាលខេត្តកណ្តាលបានចាត់វិធានការស្រាវជ្រាវភ្លាមៗ។
ក្រោមការដឹកនាំ និងបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង បានបញ្ជាឱ្យកម្លាំងជំនាញផ្នែកចរាចរណ៍ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាល ចុះស្រាវជ្រាវ និងកំណត់អត្តសញ្ញាណអ្នកបើកបរពាក់ព័ន្ធករណីខាងលើ។
តាមលទ្ធផលនៃការស្រាវជ្រាវ សមត្ថកិច្ចបញ្ជាក់ថា ករណីនេះបានកើតឡើងនៅថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១២:១០នាទី នៅចំណុចភូមិព្រែកតាតិន ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។
នៅពេលកើតហេតុ ឈ្មោះ ខាត់ សុខុំ បានបើករថយន្តធុនធំម៉ាក FUSO ពណ៌ស ប្រភេទក្បាលសណ្តោងកន្ទុយ ពាក់ផ្លាកលេខ កំពង់ចាម (ស្តាំ) KCH-0383 ក្នុងទិសដៅពីជើងទៅត្បូង តាខ្មៅ-កោះធំ។ ពេលមក ដល់ចំណុចមុខសាលាបឋមសិក្សា ហ៊ុន សែន ឫស្សីជ្រោយ អ្នកបើកបរបានធ្វេសប្រហែស បណ្តាលឱ្យរថយន្តប៉ះសាជីដែលសាលារៀនដាក់នៅចំកណ្តាលទ្រូងផ្លូវ ធ្វើឱ្យសាជីដួលរប៉ាតរប៉ាយលើផ្លូវ។
ទោះបីហេតុការណ៍នេះមិនបណ្តាលឱ្យមានការខូចខាតធ្ងន់ធ្ងរ ឬមនុស្សរងរបួសក៏ដោយ ប៉ុន្តែសកម្មភាពបើកបរដោយធ្វេសប្រហែស និងល្បឿនលឿននៅតំបន់សាលារៀន គឺជាបញ្ហាដែលមិនគួរមើលរំលង ព្រោះអាចបង្កហានិភ័យធ្ងន់ធ្ងរដល់អាយុជីវិតសិស្ស និងអ្នកប្រើប្រាស់ផ្លូវ។
ក្រោយកើតហេតុ អ្នកបើកបរបានបើករថយន្តចេញពីកន្លែងកើតហេតុ។ ទោះជាយ៉ាងណា កម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍ស្រុកស្អាង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាល បានបន្តស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២៦ ទើបអាចកំណត់អត្តសញ្ញាណអ្នកបើកបរបាន និងបានកោះហៅមកសាកសួរ និងបំភ្លឺពាក់ព័ន្ធករណីនេះ។
បន្ទាប់ពីធ្វើការសាកសួរ សមត្ថកិច្ចបានណែនាំ និងអប់រំអ្នកបើកបរឱ្យយល់ដឹងពីកាតព្វកិច្ច និងការទទួល ខុសត្រូវក្នុងការបើកបរ។ ជាមួយគ្នានេះ អ្នកបើកបរបានធ្វើការសុំទោសជាសាធារណៈ និងធ្វើកិច្ចសន្យា ដោយសន្យាគោរពច្បាប់ចរាចរណ៍ ពិសេសត្រូវបន្ថយល្បឿននៅតំបន់ប្រជុំជន តំបន់សាលារៀន និងតំបន់ដែលមានមនុស្សធ្វើដំណើរច្រើន។
ករណីនេះជាសាររំលឹកដ៏សំខាន់ថា ការបើកបររថយន្តធុនធំ មិនអាចពឹងផ្អែកតែលើបទពិសោធន៍របស់អ្នកបើកបរនោះទេ ប៉ុន្តែត្រូវមានការប្រុងប្រយ័ត្នខ្ពស់ គោរពល្បឿនកំណត់ និងគោរពសិទ្ធិអ្នកប្រើប្រាស់ផ្លូវគ្រប់រូប។ ជាពិសេសនៅជុំវិញសាលារៀន ដែលមានសិស្សធ្វើដំណើរឆ្លងកាត់ជាប្រចាំ ការធ្វេសប្រហែសត្រឹមតែមួយវិនាទី អាចបង្កវិបត្តិដែលមិនអាចស្តារឡើងវិញបាន។
ស្នងការដ្ឋាននគរបាលខេត្តកណ្តាល អំពាវនាវដល់អ្នកបើកបររថយន្តគ្រប់ប្រភេទ សូមបង្កើនការប្រុងប្រយ័ត្ន គោរពច្បាប់ចរាចរណ៍ បន្ថយល្បឿននៅតំបន់សាលារៀន និងតំបន់ប្រជុំជន ព្រមទាំងផ្តល់អាទិភាពដល់សុវត្ថិភាពអាយុជីវិតជាចម្បង។
សុវត្ថិភាពចរាចរណ៍ គឺជាការទទួលខុសត្រូវរួមរបស់អ្នកបើកបរ និងអ្នកប្រើប្រាស់ផ្លូវគ្រប់រូប។
អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន និងចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីរួមគ្នាការពារអាយុជីវិត និងសុវត្ថិភាពសង្គម៕
ដោយ៖ សុរិយា










