ចិន-កម្ពុជា ពង្រឹងការផ្លាស់ប្តូរបទពិសោធន៍អភិបាលកិច្ច ដើម្បីរួមដៃគ្នាសម្រេចឱ្យបាននូវការស្ដារឡើងវិញនៃប្រជាជាតិ, សង្គមស៊ីវិលថា ជាការផ្តល់តម្លៃឲ្យគ្នាទៅវិញទៅមក 

ចែករំលែក៖

ភ្នំពេញ ៖ «ភាគីចិនមានបំណងធ្វើការជាមួយភាគីកម្ពុជា ក្នុងការពង្រឹងការផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក ដើម្បីរួមដៃគ្នាសម្រេចឱ្យបាននូវការស្ដារឡើងវិញនៃប្រជាជាតិ»។

 

នេះគឺជាប្រសាសន៍របស់ លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក្នុងពេលចូលអញ្ជើញចូលរួមកម្មវិធីផ្លាស់ប្តូរ និងដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមក ស្តីពីអភិបាលកិច្ច ចិន-កម្ពុជា លើកទី២ រៀបចំនៅរាជធានីភ្នំពេញ កាលពីថ្ងៃចន្ទ។

 

លោកបណ្ឌិត ជា មុនីឬទ្ធិ បង្ហាញការគាំទ្រចំពោះការលើកឡើងនេះ។

 

ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន រូបនេះ បានប្រាប់នៅថ្ងៃអង្គារនេះថា ការដាក់កម្ពុជានិងចិននៅក្នុងក្របខណ្ឌតែមួយ គឺជាការផ្តល់តម្លៃដល់បទពិសោធន៍កម្ពុជា ដែលបានទទួលស្គាល់ថា កម្ពុជាក៏មានបទពិសោធន៍អភិបាលកិច្ច និង ការអភិវឌ្ឍដែលអាចចែករំលែកបាន។

 

« ការផ្លាស់ប្តូរ និងដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមក គឺជាចំណុចដែលមានតម្លៃបំផុតដោយបានបញ្ជាក់ថា ចិនរៀនពីកម្ពុជា កម្ពុជារៀនពីចិនហើយយកបទពិសោធន៍មកកែសម្រួលឱ្យសមស្របនឹងបរិបទរបស់ប្រទេសរៀងៗខ្លួន»។

 

ជុំវិញអភិបាលកិច្ច ប្រទេសទាំងពីរ, លោក Wang Wenbin លើកឡើងទៀតថា ចិននិងកម្ពុជា សុទ្ធតែបានប្តេជ្ញាចិត្តក្នុងការដើរលើមាគ៌ាអភិវឌ្ឍន៍ ដែលស្របទៅតាមសភាពការណ៍ជាក់ស្តែងនៃប្រទេសរៀងៗខ្លួន។ តាមរយៈការស្វែងរក និងការអនុវត្តជាក់ស្តែងជាច្រើនឆ្នាំមកនេះ ប្រទេសចិនបានដើរដោយជោគជ័យលើ មាគ៌ាទំនើបកម្មតាមបែបផែនចិន ព្រមទាំងបានផ្តល់នូវជម្រើសថ្មីសម្រាប់បណ្តាប្រទេសនានា ក្នុងការសម្រេចបាននូវទំនើបកម្ម។ ក្នុងរយៈពេលជិត ៣០ ឆ្នាំ កន្លងមកនេះ កម្ពុជារក្សាបាននូវសុខសន្តិភាព និងស្ថិរភាព ជាទូទៅ ហើយកំណើនសេដ្ឋកិច្ចស្ថិតក្នុងចំណោមប្រទេសឈានមុខគេ នៅតំបន់អាស៊ាន ព្រមទាំង សម្រេចបាននូវសមិទ្ធផលប្រវត្តិសាស្ត្រ ក្នុងការស្វែងរកមាគ៌ាអភិវឌ្ឍន៍ ដែលស្របទៅតាមសភាពការណ៍ជាក់ស្តែងរបស់កម្ពុជា។

 

ក្នុងនាមជាអ្នកស្រាវជ្រាវពីអំចិន, លោកបណ្ឌិត ជា មុនីឬទ្ធិ យល់ឃើញថា ការលើកឡើងរបស់លោកទូតចិននេះមានទម្ងន់នយោបាយ និងទស្សនវិជ្ជាអភិបាលកិច្ចខ្ពស់ ហើយសារសំខាន់គឺមិនមែនត្រឹមតែការសរសើរទំនាក់ទំនងកម្ពុជា-ចិនទេ ថែមទាំង ជាការបង្ហាញពីការគោរពគ្នាទៅវិញទៅមក លើមាគ៌ាអភិវឌ្ឍន៍របស់ប្រទេសនីមួយៗ។

 

«មាគ៌ាអភិវឌ្ឍន៍ស្របតាមសភាពការណ៍ជាក់ស្តែងដែលបានរំលេចពីទស្សនៈរបស់លោកទូតចិន ក្នុងការបញ្ជាក់ថា ប្រទេសនីមួយៗត្រូវស្វែងរកមាគ៌ាដែលសមស្របនឹងប្រវត្តិសាស្ត្រ វប្បធម៌ ស្ថានភាពសេដ្ឋកិច្ច និងតម្រូវការរបស់ខ្លួន …ទំនើបកម្មតាមបែបផែនចិន» មានន័យជាយុទ្ធសាស្ត្រដែលលោកទូតចិនបង្ហាញពីគំនិត រៀនសូត្រពីបទពិសោធន៍ មិនមែន ជាការចម្លងគំរូ។

 

លោកបណ្ឌិត ជា មុនីឬទ្ធិបន្តថា ការស្តារឡើងវិញនៃប្រជាជាតិ បង្ហាញពីគោលដៅរយៈពេលវែង ដែលនេះមិនត្រឹមតែសំដៅលើកំណើន GDP ឬ ការអភិវឌ្ឍសេដ្ឋកិច្ចទេ ប៉ុន្តែ អាចយល់ទូលំទូលាយថា ជាការពង្រឹងសមត្ថភាពជាតិ ការកែលម្អជីវភាពប្រជាជន ការរក្សាសន្តិភាព និងការធ្វើឱ្យប្រទេសមានភាពរឹងមាំ។

 

«ជារួម ខ្ញុំអាចវាយតម្លៃថា សារនេះមាន៣គោលដៅ ៖ គោលដៅទី១៖ នយោបាយ គោរពមាគ៌ាអភិវឌ្ឍន៍របស់គ្នាប្រទេសនីមួយៗ ទៅវិញទៅមក, គោលដៅ ទី២៖ អភិបាលកិច្ច រៀនសូត្រពីបទពិសោធន៍ជាក់ស្តែងរបស់គ្នទៅវិញទៅមក, គោលដៅ ទី៣៖ ទស្សនវិជ្ជាអភិវឌ្ឍន៍ ស្វែងរកមាគ៌ាដែលសមស្របនឹងសភាពការណ៍ជាតិរបស់ប្រទេសរៀងៗខ្លួន»៕

...

ប្រភព ៖ (PRU)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print