សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦ បានផ្សាយថា នាយករដ្ឋមន្ត្រីអង់គ្លេស លោក Andy Burnham បានថ្លែងនៅថ្ងៃអង្គារនេះថា ចក្រភពអង់គ្លេសនឹងបន្តគាំទ្រប្រទេសអ៊ុយក្រែន «១០០%» ក្នុងការប្រឆាំងនឹងរុស្ស៉ី ហើយនៅតែបន្តឈរក្បែរអ៊ុយក្រែនក្នុងគ្រាដ៏លំបាក បន្ទាប់ពីទីក្រុងមូស្គូបានព្រមានទីក្រុងឡុងដ៍អំពី «ផលវិបាក» ជុំវិញការផ្គត់ផ្គង់យន្តហោះដ្រូនគ្មានមនុស្សបើកទៅឱ្យទីក្រុងកៀវ។
ការព្រមានរបស់រុស្ស៉ីបានកើតមានឡើង បន្ទាប់ពីកាសែត The Times បានរាយការណ៍កាលពីចុងសប្តាហ៍ថា ដ្រូនដែលផលិតដោយចក្រភពអង់គ្លេសត្រូវបានប្រើប្រាស់សម្រាប់ការវាយប្រហាររយៈចម្ងាយឆ្ងាយប្រឆាំងនឹងរុស្ស៉ីជាលើកដំបូង។ ស្ថានទូតរុស្ស៉ីប្រចាំទីក្រុងឡុងដ៍បានគូសបញ្ជាក់លើបណ្តាញ Telegram ថា «សកម្មភាពរបស់ទីក្រុងឡុងដ៍នឹងនាំមកនូវផលវិបាកដែលខ្លួនត្រូវតែទទួលខុសត្រូវ… ការចូលរួមរបស់អង់គ្លេសកាន់តែជ្រៅ និងការគាំទ្រកាន់តែខ្លាំងចំពោះម៉ាស៊ីនភេរវកម្មរបស់ទីក្រុងកៀវ នឹងធ្វើឱ្យអង់គ្លេសត្រូវសងតម្លៃកាន់តែខ្ពស់»។
ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី Burnham បានលើកឡើងថា «យើងមិនមែនជាមិត្តដែលរាប់អានគ្នាតែពេលស្រួលនោះឡើយ។ យើងនឹងនៅទីនោះក្នុងគ្រាដែលអ៊ុយក្រែនត្រូវការបំផុត ហើយជំហរនេះនឹងមិនផ្លាស់ប្តូរទេ»។ លោកបានបន្ថែមថា ចក្រភពអង់គ្លេសកំពុងធ្វើនូវអ្វីដែលខ្លួនបានប្តេជ្ញាជាយូរមកហើយ នោះគឺការគាំទ្រអ៊ុយក្រែន ១០០% ប្រឆាំងនឹងសង្រ្គាមខុសច្បាប់របស់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន។
កាលពីខែមិថុនា ចក្រភពអង់គ្លេសបានប្រកាសថានឹងផ្តល់ដ្រូនចំនួន ១៥០,០០០គ្រឿង ដល់អ៊ុយក្រែននៅត្រឹមដំណាច់ឆ្នាំ២០២៦ ដែលជាផ្នែកមួយនៃកញ្ចប់ថវិកាចំនួន ៧៥២លានផោន (ប្រមាណ ៩៩៦លានដុល្លារអាមេរិក)។
ចាប់តាំងពីសង្រ្គាមរុស្ស៉ីនៅអ៊ុយក្រែនបានផ្ទុះឡើងក្នុងឆ្នាំ២០២២ ទីក្រុងមូស្គូបានព្រមានម្តងហើយម្តងទៀតដល់ចក្រភពអង់គ្លេស និងបណ្តាសម្ព័ន្ធមិត្តលោកខាងលិចថា ការផ្តល់ជំនួយយោធា និងបរិក្ខារសឹកដល់ទីក្រុងកៀវ អាចនឹងបង្កឱ្យមានវិធានការសងសឹក និងបង្កើនហានិភ័យនៃការប្រឈមមុខដាក់គ្នាផ្នែកយោធាកាន់តែទូលំទូលាយ៕

រូបថត:TTXVN









