សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ឆ្លៀតពេលជួបជាមួយប្អូនប្រុស អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូងនៅលើភ្នំគិរីរម្យ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហោះថា ៖ ឆ្លៀតពេលជួបជាមួយប្អូនប្រុស អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូងនៅលើភ្នំគិរីរម្យ។ ខ្ញុំបានចាប់អារម្មណ៍ពីសកម្មភាពរបស់ប្អូនប្រុស ជាយូរមកហើយតាមរយៈបណ្ដាញសង្គមពាក់ព័ន្ធនឹងសាលាដូង ក៏ដូចជាបណ្ណាល័យចល័តរបស់ប្អូន ក្នុងគោលដៅជំរុញការអានសៀវភៅនៅតាមបណ្ដាខេត្តមួយចំនួននាពេលកន្លងមក។

 

ក្រោយពីបានស្ដាប់នូវប្រវត្តិនៃការរៀបចំសាលាដូង ខ្ញុំសូមធ្វើការកោតសរសើរដោយស្មោះចំពោះទឹកចិត្ត ឆន្ទៈមោះមុត និងសកម្មភាពជាក់ស្ដែងរបស់ប្អូនប្រុស ក្នុងការបង្កើតសមិទ្ធផលដ៏មានប្រយោជន៍មួយនេះ ទោះជាប្អូនមិនមានធនធានផ្ទាល់ខ្លួនច្រើនក៏ដោយ។ ផ្ដើមចេញពីការខ្ចីដីក្នុងដែនឧទ្យានជាតិគីរីរម្យដើម្បីបង្កើតសាលាដូង, ការខិតខំខ្នះខ្នែងកៀរគរធនធានពីសប្បុរសជននានា រួមទាំងការព្យាយាមសុំប្រជាពលរដ្ឋក្នុងភូមិ អនុញាតិឲ្យកូនៗពួកគាត់បានមកទទួលការបណ្តុះបណ្ដាលបំណិននៅសាលាដូង ប្អូនប្រុស វណ្ណដេ ក៏ដូចជាលោកគ្រូស្ម័គ្រចិត្តនៅសាលានេះ បានជួយលើកកម្ពស់ចំណេះដឹងនិងបំណិនដល់ក្មួយៗជាង១៥០នាក់នៅក្នុងភូមិ។ នេះគឺជាសកម្មភាពដែលផ្តល់ផលប្រយោជន៍វិជ្ជមានពិតៗដល់សង្គមនិងប្រជាជន។

 

ពាក់ព័ន្ធនឹងការជូនដំណឹងរបស់តំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ អោយរុះរើទីតាំងមួយចំនួនរួមមានផ្ទះគ្រូរបស់សាលាដូង ដែលជាន់លើដីដែលជាតំបន់ប្រវត្តិសាស្ត្រយោធានោះ ខ្ញុំបាន ÷

 

១. ចេញបទបញ្ជាឲ្យយោធភូមិភាគទី៣ និងតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ ផ្អាកការអនុវត្តការរុះរើ ដោយរក្សាស្ថានភាពដដែល និងឲ្យសាលាដូងបន្តដំណើរការទៅមុខនិងគ្រូអាចស្នាក់នៅផ្ទះជាធម្មតាដើម្បីបង្រៀនសិស្ស។

 

២. ប្រគល់ភារកិច្ចជូនឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ចាត់តាំងមន្ត្រីជំនាញចុះពិនិត្យនិងផ្ទៀងផ្ទាត់ជាបន្ទាន់នៅលើទីតាំងជាក់ស្តែង ដើម្បីរៀបចំនូវដំណោះស្រាយមួយ ឲ្យបានសមស្របនិងមានចីរភាព ដែលអាចធានាថាសាលាដូងអាចនៅបន្តដំណើរការបណ្ដុះបណ្ដាលរបស់ខ្លួនដល់ក្មួយៗនៅទីនោះ។

បន្ថែមលើនេះ ក៏ត្រូវពិនិត្យផងដែរនូវស្ថានភាពជាក់ស្តែងរបស់សាលាបឋមសិក្សាគីរីរម្យ ដែលត្រូវដើរតួនាទីបំពេញគ្នាជាមួយសាលាដូង ក្នុងការបណ្តុះបណ្តាលដល់ក្មួយៗដែលរស់នៅលើភ្នំនោះ។

 

៣. ដើម្បីជួយសម្រាលបន្ទុកដល់សាលា ខ្ញុំនិងភរិយា បានសម្រេចផ្ដល់ការឧបត្ថមជាថវិកាចំនួន ៥លានរៀល និងអង្ករ ១តោន ក្នុងមួយខែជូនដល់សាលាដូង ដោយគិតចាប់ពីខែកញ្ញាឆ្នាំ ២០២៦ នេះតទៅ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print