ខេត្តស្វាយរៀង៖ សមត្ថកិច្ចចាប់ខ្លួនបានហើយ ក្រុមចោរប្លន់សម្លាប់ម្ចាស់ហាងលក់គ្រឿងទេស ភេសជ្ជៈនិងអង្ករដែលមានស្លាកយីហោ«សំ ហាក់»បណ្តាលឲ្យស្លាប់និងប្លន់យកទ្រព្យសម្បត្តិនៅក្រុងបាវិត។
បើតាមលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងនៃស្នងការដ្ឋាននគបាលខេត្តស្វាយរៀងបានឲ្យដឹងនៅរសៀលថ្ងៃទី១៩សីហា២០២៦នេះថា ដោយមានកិច្ចសហការល្អរវាងសមត្ថកិច្ចនគបាលខេត្តស្វាយរៀងជាមួយសមត្ថកិច្ចក្រសួងនគបាលវៀតណាមខេត្ត្តតៃនិញប្រទេសវៀតណាម បានសហការគ្នាបង្ក្រាបក្រុមចោរប្លន់ចាប់ខ្លួនបានចំនួន០៥នាក់ជាជនជាតិវៀតណាមនៅក្នុងទឹកដីប្រទេសវៀតណាមក្រោយពីធ្វើសកម្មភាពប្លន់រួចបានគេចខ្លួនចូលទៅប្រទេសវៀតណាមវិញ។
ដោយសហការល្អរវាងសមត្ថកិច្ចទាំងពីរកំណត់មុខសញ្ញាឈានទៅដល់បង្ក្រាបបាននិងដកហូតទ្រព្យសម្បត្តិរបស់ជនរងគ្រោះមកវិញមួយចំនួនដែរក៏ប៉ុន្តែមិនដឹងថាមានចំនួនពិតប្រាកដប៉ុន្មាននោះទេ។
បច្ចុប្បន្នភាគីវៀតណាមកំពុងធ្វើនីតិវិធីដើម្បីស្នើសុំ ប្រគល់ទ្រព្យសម្បត្តិរបស់ជនរងគ្រោះមកឲ្យសមត្ថកិច្ចកម្ពុជា ដើម្បីប្រគល់ឲ្យគ្រួសាររងគ្រោះ។
គួរបញ្ជាក់ថា ជនរងគ្រោះ មានឈ្មោះ សំ ហាក់ ភេទប្រុស មានទីលំនៅក្បែធនាគារកាណាឌីយ៉ាបាវិត ស្ថិតនៅភូមិបាវិតលើសង្កាត់បាវិតក្រុងបាវិត ត្រូវក្រុមចោរប្លន់បាញ់សម្លាប់ កាលពីវេលាម៉ោងប្រមាណ០៨និង២០នាទីយប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ។
បើតាមប្រជាពលរដ្ឋដែលរស់នៅជិតទីតាំងកើតហេតុបានឲ្យដឹងថា ក្រុមចោរប្លន់មានគ្នាប្រមាណ៤ទៅ៥នាក់បានធ្វើសកម្មភាពបន្ល់ជនរងគ្រោះ ឮស្នូបាញ់ចំនួន០២គ្រាប់ហើយក៏ស្ងាត់ ទោះបីយ៉ាងណា មិនអាចគេចផុតពីសំណាញ់ច្បាប់បាននោះទេគឺសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងសហការជាមួយសមត្ថកិច្ចវៀតណាមខេត្តតៃនិញចាប់ខ្លួនបានហើយចំនួន០៥នាក់នៅប្រទេសវៀតណាម៕
ដោយ៖ សុថាន










