ខេត្តស្វាយរៀង ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាល និងចុះពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅស្រុករមាសហែក ខេត្តស្វាយរៀង។ ពិធីនេះក៏មានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ លោកយាយ លោកតា និងក្រុមគ្រូពេទ្យសប្បុរសធម៌ ប៉ាយសួយឡាយយិនកម្ពុជាផងដែរ។
ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខយ៉ាងយកចិត្តទុកដាក់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឬទ្ធិនារីកម្ពុជា។
សម្តេចបានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំជានិច្ចកាលតែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់ទិសទី។ សម្តេចបានសង្កត់ធ្ងន់ថា សកម្មភាពមនុស្សធម៌នាពេលនេះ គឺពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ជាពិសេសកោណទី១ «ការអភិវឌ្ឍធនធានមនុស្ស» ដែលផ្តោតលើការលើកកម្ពស់សុខុមាលភាព និងសុខភាពសាធារណៈ។ ការពង្រឹងប្រព័ន្ធថែទាំសុខភាព និងការផ្តល់សេវាសុខាភិបាលគ្របដណ្តប់ជាសកល គឺជាអាទិភាពគន្លឹះដើម្បីធានាថា ប្រជាពលរដ្ឋមានសុខភាពល្អបរិបូរណ៍ ក្នុងការចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។
សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងស្មោះចំពោះ ក្រុមគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលបានលះបង់កម្លាំងកាយ ចិត្ត ធនធាន និងពេលវេលា ចុះមកផ្តល់សេវាពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនដល់បងប្អូនប្រជាពលរដ្ឋដល់មូលដ្ឋានផ្ទាល់។ សកម្មភាពដ៏ថ្លៃថ្លានេះបានបង្ហាញពីទឹកចិត្តមនុស្សធម៌ និងបានចូលរួមចំណែកយ៉ាងពិតប្រាកដជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយការចំណាយ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ។
គួររំលឹកផងដែរថា ក្រុមគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជាបានធ្វើការព្យាបាយដល់ប្រជាពលរដ្ឋដោយ ឥតគិតថ្លៃនៅស្រុកកំពង់រោទិ៍ និងស្រុករមាសហែក ខេត្តស្វាយរៀងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ១៨-១៩ ខែសីហា ឆ្នាំ២០២៦។ ក្រៅពីការផ្តល់សេវាព្យាបាលហើយ ក៏បានផ្តល់អង្ករ ១០គីឡូក្រាមដល់អ្នកដែលបានមកទទួលសេវាព្យាបាលផងដែរ៕
ដោយ ៖ សិលា










