ភ្នំពេញ៖ នារីម្នាក់បានរងរបួសស្រាលក្រោយពេលជិះម៉ូតូមិនប្រយ័ត្នជ្រុលទៅបុកពីក្រោយរថយន្ត BYD ដែលកំពុងធ្វើដំណើរនៅពីមុខយ៉ាងពេញទំហឹងបណ្តាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១:៣០នាទីយប់ថ្ងៃទី១៩ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវសហព័ន្ធរុស្សុី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកBYD ពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2CJ-2506 បើកបរដោយស្ត្រីម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកើតទៅលិច លុះពេលបើកមកដល់ត្រង់ចំណុចក្រោមស្ពានអាកាសផ្សារដីហុយស្រាប់តែមានម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 1MO-0174 ជិះដោយនារីម្នាក់ធ្វើដំណើរមកពីក្រោយស្របទិសគ្នាពីកើតទៅលិចក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុកពីក្រោយរថយន្តBYDយ៉ាងពេញទំហឹងបណ្ដាលឲ្យរថយន្តរងការខូចខាតកាងខាងក្រោយ សំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សធ្ងន់ធ្ងរ។
ក្រោយពេលកើតហេតុ ដោយភាគីទាំងសងខាងសម្រួលគ្នាមិនត្រូវសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចទាក់ទងទៅមន្ត្រីជំនាញចរាចរណ៍ឲ្យចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកជាបណ្ដោះអាសន្នរង់ចាំការដោះស្រាយគ្នានៅពេលក្រោយទៀត៕
ដោយ ៖ ភារ៉ា ដង្កោ










